ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម ចូល​ជួប​សម្ដែង​ការ​គួរសម

9 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​រសៀល​ថ្ងៃ​​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ លឿង តាម​ក្វា​ង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួង​នគរបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​។

ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅ​ក្នុង​ជំនួប​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ឯកឧត្តម លឿង តាម​ក្វា​ង និង​គណៈប្រតិភូ​ក្នុង​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​២ រវាង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ឡាវ និង​រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ សម្ដេច​ក៏​បាន​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​លើក​ទី​២​ដែល​បាន​បញ្ចប់​ប្រកបដោយ​ផ្លែផ្កា​។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម លឿង តាម​ក្វា​ង បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេ​ជោ​ដែល​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​ប្រតិភូ​បាន​ជួប​សម្ដែង​ការ​គួរសម​នៅ​ក្នុង​ឱកាស​នេះ​។ ឯកឧត្តម​បាន​លើក​ឡើង​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​ពីរ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​បី កម្ពុជា ឡាវ និង​វៀតណាម ហើយ​ជា​ពិសេស​គឺ​មិត្តភាព​រវាង​កម្ពុជា និង​វៀតណាម និង​បាន​លើក​ឡើង​ថា កម្ពុជា និង​វៀតណាម មាន​ទំនាក់​ទំនងជា​ប្រពៃណី​នឹង​គ្នា​ជា​យូរ​មក​ហើយ ដូច្នេះ​បញ្ហា​ទាក់ទង​ទៅ​នឹង​សន្តិសុខ​ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​ជួយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ធានា​បាន​នូវ​សន្តិសុខ​រវាង​ប្រទេស​ទាំង​ពីរ​ ។

បន្ថែម​ពី​នោះ ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា ចំពោះ​សន្តិសុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​កម្លាំង​ណាមួយ​ដែល​ប្រើប្រាស់​ទឹកដី​ម្ខាង ហើយ​ប្រឆាំង​ទៅ​នឹង​ប្រទេស​មួយទៀត ជា​ចំណុច​ដែល​ប្រទេស​កម្ពុជា និង​វៀតណាម​ក៏​ដូច​ជា​ឡាវ បាន​រួម​សាមគ្គី​គ្នា​ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​នេះ​ដើម្បី​កុំឱ្យ​មាន​ភាព​អសន្តិសុខ​កើតឡើង​ ។

ត្រង់​ចំណុច​នេះ​សម្ដេច​តេ​ជោ​បាន​សម្ដែង​ការ​ពេញចិត្ត និង​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម ដោយ​សម្ដេច​បាន​សង្កត់ធ្ងន់​ថា ចំណុច​ដែល​ជៀសវាង​ឱ្យ​បាន​នោះ គឺ​ជៀសវាង​កុំ​ឲ្យ​មានការ​ប្រើប្រាស់​កម្លាំង​នៅ​ក្នុង​ប្រទេស​ណាមួយ​ប្រឆាំង​ប្រទេស​ណាមួយ​ទៀត​ ឧទាហរណ៍​ដូច​ជា​ការ​ប្រើប្រាស់​កម្លាំង​លើ​ទឹកដី​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​ប្រឆាំង​ទៅ​នឹង​កម្ពុជា ឬ​ក៏​ប្រើប្រាស់​ទឹកដី​កម្ពុជា ​ប្រឆាំង​ទៅ​នឹង​វៀតណាម ដែល​ចំណុច​នេះ​យើង​ត្រូវ​សហការ​គ្នា​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​ករណី​បែប​នេះ​កើតឡើង ​។

បន្ថែម​លើស​ពី​នេះ សម្ដេច​តេ​ជោ​ក៏​បាន​ជំរុញ​ឱ្យ​ប្រទេស​ទាំង​ពីរ ជា​ពិសេស​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន តាម​បណ្ដា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ត្រូវ​សហការ​គ្នា​ជា​ប្រចាំ ដើម្បី​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ​នៅ​តាម​ព្រំដែន ពោល​គឺ​រក្សា​ឱ្យ​បាន​នូវ​ព្រំដែន​មិត្តភាព សន្តិភាព និង​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ រួម​ជាមួយ​គ្នា ដែល​ជា​អំណោយផល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។ សម្ដេច​តេ​ជោ​ក៏​បាន​សង្កត់ធ្ងន់​ទៅ​លើ​ការ​រួម​គ្នា​ប្រឆាំង​ទៅ​នឹង​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​ចេតនា​បំបែកបំបាក់​នូវ​ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម ផង​ដែរ​។

ចុង​ក្រោយ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជូនពរ ឯកឧត្តម​លឿង តាម​ក្វា​ង និង​គណៈប្រតិភូ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​ប្រកបដោយ​សេចក្តីសុខ សុវត្ថិភាព​៕