ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ឡាវ-​វៀតណាម ​បង្ហាញ​នូវ​ក្តី​បារម្ភ​រួម​ចំពោះ​ការ​បន្ត​វិ​វត្ត​យ៉ាង​ស្មុគស្មាញ​នូវ​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ អំពើ​ជួញដូរ មនុស្ស និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​សន្តិ​សុ ខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជា​ធិប​តេ​យ្យ​ប្រជាមានិត​ឡាវ និង​ក្រសួង​នគរបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ​បាន​បង្ហាញ ​នូវ​ក្តី​បារម្ភ​រួម​ចំពោះ​ការ​បន្ត​វិ​វត្ត​យ៉ាង​ស្មុគស្មាញ ​នូវ​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ អំពើ​ជួញដូរ មនុស្ស និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​លទ្ធផល ​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​២ ​រវាង​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​ក្រសួង​នគរបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ​បាន​លើក​ឡើង​ថា ​បន្ទាប់​ពី​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ បាន​រៀបចំ​ធ្វើ​ជា​ម្ចាស់ ផ្ទះ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី លើក​ទី​២ ដោយមានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​កិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ា​ន់​ថង កង​ម៉ា​នី រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជា​ធិ​បតេ​យ្យប្រជា​មា​និត​ឡាវ និងឯកឧត្តម ឧត្តមសេនីយ៍ ឯក លឿង តាម​ក្វា​ង សមាជិក​ការិយាល័យ​នយោបាយ និង​ជា​រដ្ឋមន្ត្រីក្រសួង​នគរបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។

ឯកឧត្តម​ អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ចាត់​ទុក​វត្តមាន​ដ៏​ឧត្តុង្គឧត្តម​របស់ ឯកឧត្តម រដ្ឋមន្ត្រី ទាំង​ពីរ ព្រមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់ ក្នុង​ឱកាស​នៃ​ការ​ចូលរួម​កិច្ចប្រជុំ​នេះ គឺ​ស្តែង​ឱ្យ​ឃើញ​នូវ​ការ​យកចិត្ត ទុកដាក់​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ទាំង​បី ដែល​ត្រូវ​បាន​បន្ត​ពូន​ជ្រំ អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍ ហើយ​ក៏​ជា​កម្លាំង​ជំរុញ​ទឹកចិត្ត​យ៉ាង​ខ្លាំងក្លា ក្នុង​ការ​បន្ត​រក្សា​នូវ​ប្រពៃណី នៃ​ទំនាក់ទំនង​ដ៏​ល្អ និង​ជិត​ស្និទ្ធ​រវាង​ភាគី​ទាំង​បី ក្នុង​បុព្វហេតុ​រួម​ នៃ​សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ សម្រាប់​សង្គម ជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​បី កម្ពុជា​-​ឡាវ​-​វៀតណាម ។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា​, ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ា​ន់​ថង កង​ម៉ា​នី និង ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាម​ក្វា​ង បាន​សម្តែង​ការ​អបអរសាទរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​នៃ​ជំនួប​កំពូល​រវាង​ប្រមុខ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល និង​ជំនួប​ជា​បន្តបន្ទាប់​រវាង​ប្រមុខ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី ក្នុង​ឆ្នាំ​២០២៥ និង​២០២៦ ដែល​បាន​ឯក ភាព​ពង្រឹងពង្រីក​នូវ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ឈរ​លើ​ស្មារតី​ភាព​ជា​អ្នក​ជិតខាង​ល្អ សាមគ្គីភាព និង​ការ យោគយល់​គ្នា ដើម្បី​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​បី ។

ពាក់ព័ន្ធ​នឹង​សភាពការណ៍​សកលលោក និង​តំបន់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា​, ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ា​ន់​ថង កង​ម៉ា​នី និង ឧត្តមសេនីយ៍ឯក ឯកឧត្តម លឿង តាម​ក្វា​ង បាន​ធ្វើការ​ចែករំលែក ទស្សនៈ​លើ​ទិដ្ឋភាព​រួម ដែល​ជះ​ឥទ្ធិពល​មក​លើ​ស្ថានភាព​ទូទៅ​ក្នុង​ប្រទេស​ទាំង​បី កម្ពុជា​-​ឡាវ​-​វៀតណាម ទាំង​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ ជា​ពិសេស​បញ្ហា​សង្គ្រាម​រវាង​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន និង ស្ថានភាព​នៅ​មជ្ឈិមបូព៌ា​ដែល​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ អតិផរណា និង​កំណើនសេដ្ឋកិច្ច សកល ។

ក្នុង​ក្រប​ខណ្ឌ​ការងារ​សន្តិសុខ​ទូទៅ​ផ្ទៃក្នុង​ប្រទេស រដ្ឋមន្ត្រី​ទាំង​បី ក៏​បាន​ធ្វើការ​កត់សម្គាល់ និង បង្ហាញ​នូវ​ក្តី​បារម្ភ​រួម​ចំពោះ​ការ​បន្ត​វិ​វត្ត​យ៉ាង​ស្មុគស្មាញ​នូវ​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ អំពើ​ជួញដូរ មនុស្ស និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី​បាន និង កំពុង​បង្កើន​កិច្ចសហការ​ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប ។

ផ្សារ​ភ្ជាប់​ជាមួយ​បទល្មើស​ចម្បង​ៗ​ដែល​បាន កត់សម្គាល់​នេះ និង​ក្នុង​ស្មារតី​ផ្លាស់​ប្តូរ​ព័ត៌មាន និង​ចែករំលែក​បទ​ពិសោធន៍​ទៅ​វិញ​ទៅ​មក តំណាង ក្រសួង​ទាំង​បី​ក៏​បាន​ធ្វើ​បទ​អន្ត រាគ​មន៍​លើ​ប្រធានបទ​សំខាន់​ៗ​ចំនួន ៣ រួម​មាន ស្ថានភាព​នៃ​អំពើ ជួញដូរ​មនុស្ស​ឆ្លង​ដែន​, ការ​បង្ការ និង​ទប់ស្កាត់​គ្រឿងញៀន​ខុសច្បាប់ និង​កិច្ចសហការ​ប្រយុទ្ធ​ប្រឆាំង បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។

ជាមួយ​គ្នា​នេះ ទោះបី​ស្ថិត​ក្នុង​សភាព ការណ៍​ប្រឈម​ផ្នែក​សន្តិសុខ​បែប​នេះ​ក្តី ភាគី​ទាំង​បី​ក៏​បាន សម្តែង​ការ​កោត​សរ សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ទាំង​បី ក្នុង​ឆ្នាំ​កន្លង​មក ក្នុង​បេសកកម្ម​ស្នូល​នៃ​ការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម បម្រើ​ដល់ ឧត្តម​ប្រយោជន៍​រួម​ទៅ​វិញ​ទៅ​មក​នៃ​សុខ​សន្តិភាព ស្ថិរភាព​ជាតិ ការ​អភិវឌ្ឍ និង​ភាព​សុខដុមរមនា សម្រាប់​សង្គម​ជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​បី កម្ពុជា​-​ឡាវ​-​វៀតណាម ។

ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​នេះ ដើម្បី​ជំរុញ​អនុវត្ត​ស្មារតី​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី លើក​ទី​២ ឱ្យ​កាន់តែ សកម្ម និង​ខ្លាំងក្លា​ថែម​ទៀត អង្គប្រជុំ​បាន​អនុម័ត​សេចក្តី​ប្រកាស​រួម ដែល​គូសបញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត ទៅ​លើ​កិច្ចការ​សំខាន់​ៗ​មួយ​ចំនួន រួម​មាន​៖

១- ការ​ពង្រឹង​ទំនុកចិត្ត​នយោបាយ និង​ការ​គោរព​អធិបតេយ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ថែរក្សា សន្តិភាព​ប្រទេស​ទាំង​បី និង​ស្ថិរភាព​តំបន់ ព្រមទាំង​សណ្តាប់ធ្នាប់​ក្នុង​តំបន់​ផ្អែក​លើ​ច្បាប់ អធិបតេយ្យ ឯករាជ្យ បូរណភាព​ទឹកដី និង​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ។

២- ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ និង​ការ​ឆ្លើយ​តប​ចំពោះ​ការ​គំរាមកំហែង​នានា ដោយ​សហការ​គ្នា​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​គ្រប់​ទម្រង់ ជា​អាទិ៍ អំពើ​ភេរវកម្ម អំពើ​ជួញដូរ មនុស្ស គ្រឿងញៀន​ខុសច្បាប់ អាវុធ​ខុសច្បាប់ បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ព័ត៌មាន​ក្លែងក្លាយ អន្តោប្រវេសន៍​ខុសច្បាប់ និង​បញ្ហា​ប្រឈម​មិន​ប្រពៃណី​ផ្សេង​ៗ ដូច​ជា ជំងឺ​រាតត្បាត និង​គ្រោះ​ធម្មជាតិ​ជាដើម ព្រមទាំង​សហការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ដើម្បី​បង្ការ ទប់ស្កាត់ សកម្មភាព​បំផ្លិចបំផ្លាញ​សន្តិសុខ ប្រឆាំង​បដិវត្ត​ពណ៌ និង​ការ​បំបែកបំបាក់​សាមគ្គីភាព​រវាង ប្រទេស​ទាំង​បី ។

៣- ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​តាម​ព្រំដែន ដោយ​សហការ​រក្សា​ព្រំដែន សន្តិភាព សំដៅ​អភិវឌ្ឍ​សហគមន៍ និង​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន នៅ​តាម​ខេត្ត​ជាប់​ព្រំដែន ស្រប​តាម​ច្បាប់​ជាតិ ព្រមទាំង​ពង្រឹង​យន្តការ​ទំនាក់ទំនង​គាំទ្រ​ដល់ ការ​កសាង​សមត្ថភាព និង​ការ​សម្របសម្រួល​ដល់​មន្ត្រី​ជួរ​មុខ​នៅ​តាម​ព្រំដែន​ឱ្យ​បំពេញភារកិច្ច ប្រកបដោយ​ប្រសិទ្ធភាព ។

៤- ការ​ពង្រឹង​មិត្តភាព និង​ផ្លាស់​ប្តូរ​បទ​ពិសោធ ដោយ​ធ្វើការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច និង​ការ​ហ្វឹកហាត់ បច្ចេកទេស ដើម្បី​ពង្រឹងសមត្ថភាព និង​លើកកម្ពស់​សាមគ្គីភាព តាម​រយៈ​ការ​រៀបចំ​កម្មវិធី វប្បធម៌ កីឡា ការ​បណ្តុះបណ្តាល និង​ការ​សិក្សា​ស្រាវជ្រាវ ជា​ពិសេស​ក្នុង​ចំណោម​យុវជន និង​មន្ត្រី​អនុវត្ត​ច្បាប់​បន្តវេន ។

តាម​ការ​គ្រោងទុក កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី លើក​ទី​៣ នឹង​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ដែល​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ ៕