ទីក្រុងឡុង៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោកខៀស្តាមើ សន្យាថានឹងចំណាយថវិកាជាតិ១៥ពាន់លានផោនបន្ថែមទៀតដើម្បីកែប្រែវិស័យយោធារបស់អង់គ្លេសដែលហាក់ដូចជាដើរធាក់ថយបន្តិចឱ្យទំនើបឡើងវិញ។ នេះជាការប្រកាសផែនការវិនិយោគលើវិស័យការពារជាតិដែលគេរង់ចាំស្ដាប់ជាយូរមកហើយ។ ផែនការនេះរៀបចំឡើងដើម្បីត្រៀមខ្លួនធ្វើសង្គ្រាមទ្រង់ទ្រាយធំនាពេលអនាគត និងដើម្បីកសាងមត៌កនយោបាយរបស់លោកទុកសម្រាប់អ្នកជំនាន់ក្រោយ។

តាមពិត លោកស្តាមើនៅពេលនេះមិនមានអំណាចអ្វីទេ។ លោកជានាយករដ្ឋមន្ត្រីចាំផ្ទះបន្ទាប់ពីប្រកាសចុះចេញពីតំណែងជាប្រធានគណបក្សពលករដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃ។ លោកស្តាមើថ្លែងថាផែនការវិនិយោគទៅលើវិស័យការពារជាតិនោះបានដើរហួសពីអ្វីដែលលោកធ្លាប់ដាក់ចូលទៅក្នុងសេចក្ដីព្រាងកាលពីមុននេះទៅទៀត។ សេចក្ដីព្រាងកាលពីមុននេះហាក់ដូចជាមិនបានរៀបចំវិស័យការពារជាតិឱ្យបានស៊ីជម្រៅទេ។ ហេតុនេះ គេឃើញថាលោកចនហ៊ាលីដែលជារដ្ឋមន្ត្រីការពារជាតិក៏ប្រកាសលាលែងពីតំណែងនៅក្នុងខែនេះ។ លោកហ៊ាលីថាលោកស្តាមើមិនបានទម្លាក់ថវិកាជាតិគ្រប់គ្រាន់ដើម្បីការពារសុវត្ថិភាពរបស់ចក្រភពអង់គ្លេសទេ។

លោកស្តាមើនឹងនាំយកផែនការនេះទៅបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូដែលនឹងរៀបចំឡើងនៅទីក្រុងអង់ការ៉ា ប្រទេសតួកគី នាសប្ដាហ៍ក្រោយ។ ផែនការនេះត្រៀមចាយថវិកាជិត៨០ពាន់លានផោននៅក្នុងមួយឆ្នាំៗចាប់ពីពេលនេះទៅទល់នឹងឆ្នាំ២០២៩។ លោកស្តាមើចង់រំលេចឱ្យឃើញថាអង់គ្លេសជិតធ្វើបានសម្រេចតាមផែនការរបស់ខ្លួនដែលចង់ចំណាយ៣,៥%នៃជីឌីភីប្រចាំឆ្នាំរបស់ខ្លួនទៅលើវិស័យការពារជាតិចាប់ពីពេលនេះទៅទល់នឹងឆ្នាំ២០៣៥។

លោកស្តាមើថ្លែងថានៅពេលពិភពលោកចាប់ផ្ដើមពង្រឹងកម្លាំងយោធា និងនៅពេលអំពើឈ្លានពានចេះតែរីកសាយភាយកាន់តែខ្លាំងឡើងៗ វិធីដែលប្រសើរបំផុតដើម្បីជៀសវាងសង្គ្រាមគឺត្រៀមខ្លួនធ្វើសង្គ្រាម (ធ្វើសង្គ្រាមដើម្បីសន្តិភាព)។ វិធីទប់ស្កាត់សង្គ្រាមគឺរៀបយុទ្ធសាស្ត្រទប់ទល់។ យើងត្រូវតែពង្រឹងសមត្ថភាពខ្លួនយើងឱ្យខ្លាំងដើម្បីឱ្យពួកបច្ចាមិត្តគិតឡើងវិញប្រសិនបើពួកគេចង់បើកការឈ្លានពាន៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ