រាជធានីភ្នំពេញ ៖ លន បញ្ញា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជួបរឿងខកចិត្តយ៉ាងខ្លាំង ដោយសាររូបគេត្រូវអស់ឱកាសក្នុងការឡើងទៅប្រកួតនៅវគ្គបន្តនៃពានរង្វាន់ខ្សែក្រវាត់អន្តរជាតិ«កម្ពុជាគុនខ្មែរឬ Champion of TheChampion» បន្ទាប់ពីប្រកួត
ចាញ់ពិន្ទុកីឡាករថៃ Link Loom នៅវគ្គប្រកួតផ្ដាច់ព្រ័ត្រជុំទី២ ដែលបានធ្វើឡើងនៅលើសង្វៀនស្ថានីយទូរទស្សន៍ស៊ីអិនស៊ី កាលពីថ្ងៃសៅរ៍ទី៧ ខែកញ្ញាកន្លងមក ។
ការប្រកួតនេះគឺជាឱកាសចុងក្រោយហើយដែលតម្រូវយកតែអ្នកឈ្នះលេខ១ប៉ុណ្ណោះ ដើម្បីឡើងទៅប្រកួតនៅវគ្គបន្តជាមួយកីឡាករ ម៉ឺន មេឃា ដែលឈ្នះលេខ១កាលពីជុំទី១ ហើយកំពុងឈររង់ចាំអ្នកលេខ១ជុំទី២ ដណ្ដើមរង្វាន់ធំដែលមានទឹកប្រាក់៦ពាន់ដុល្លារសហរដ្ឋអាមេរិក ។ ប៉ុន្តែកីឡាករ លន បញ្ញា ធ្វើមិនបានល្អទាល់តែសោះ បន្ទាប់ពីតស៊ូប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៥ទឹកពេញ ជាលទ្ធផលចាញ់ពិន្ទុកីឡាករថៃ Link Loom ។
ដូច្នេះកីឡាករថៃម្នាក់នេះ គឺជាអ្នកដែលត្រូវឡើងទៅប្រកួតជាមួយ ម៉ឺន មេឃា នៅវគ្គបន្ត ។ ជាមួយនឹងជ័យជម្នះនេះ Link Loom ទទួលបានរង្វាន់ម៉ូតូហ្សូ៊ម័រអ៊ិច១គ្រឿង អមដោយប្រាក់រង្វាន់៥០០ដុល្លារ ឯ លន បញ្ញា ទទួលបានប្រាក់រង្វាន់ចំនួន២.០០០ដុល្លារ ។
រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករថៃ Dav Viseth ដែលបានយកឈ្នះ ពុទ្ធ សំបូរមកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យដោយពិន្ទុ អមជាមួយប្រាក់រង្វាន់១.៥០០ដុល្លារ និងលេខ៤ទទួលបាន១.០០០ដុល្លារ ។
ដោយឡែក គូប្រកួតមិត្តភាពវិញ ធឿន ធារ៉ា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ យកឈ្នះកីឡាករថៃ Khun Deth ដោយពិន្ទុ ឯ ផាន រះ មកពីក្លិបតាព្រហ្មមានជ័យ ប្រកួតឈ្នះ សេក ចៅជូត មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ដោយពិន្ទុ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ