រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ការប្រកួតបិទគូទជ្រើសរើសជើងឯកនៅប៉ុស្តិ៍លេខ៥ ក្នុងវគ្គ៣២នាក់ជម្រុះយក១៦នាក់ ក្នុងសប្ដាហ៍ចុងក្រោយកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានបញ្ចប់ហើយ ដោយបង្គោលខៀវ ទិត្យ សុវណ្ណគីរី មកពីក្លិបសមាគមីឡាប្រដាល់ក្រសួងកសិកម្ម គឺជាអ្នកឈ្នះ។

ការប្រកួតនេះ ប្រើពេលតែ២ទឹកប៉ុណ្ណោះ ដោយកីឡាករបង្គោលក្រហម ពិល រ័ត្ន មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង តស៊ូមិនរួច ហើយសម្រេចចិត្តបោះបង់ក្នុងទឹកទី២។ ការប្រកួតនៅសង្វៀនព្រែកកំពិស ជាយរាជធានីភ្នំពេញមួយនេះ ទើបតែបានបញ្ចប់ការប្រកួតក្នុងជុំទី១ប៉ុណ្ណោះ បន្ទាប់ពីតម្រូវឱ្យអ្នកមានឈ្មោះទាំង៣២រូ បប្រកួតគ្នាចាញ់ធ្លាក់ៗ ហើយស្វែងរកឃើញអ្នកឈ្នះចំនួន១៦នាក់។ អ្នកទាំង១៦នាក់ដែលទើបតែឈ្នះ នឹងបន្តប្រកួតចាញ់ធ្លាក់ៗបែបនេះ ក្នុងជុំទី២ទៀត ដើម្បីបន្តយកអ្នកឈ្នះតែ៨នាក់ឱ្យឡើងបន្ត។

រីឯកីឡាករ ទិត្យ សុវណ្ណគីរី បង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានយកឈ្នះ បើទោះជាគេមិនទាន់រំពឹងខ្លាំងសម្រាប់ឱកាសឈ្នះក្នុងជុំទី២។ លោកថា ខ្លួននឹងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដោយសារតែលោកចង់បានកៅអីក្នុងវគ្គ៨នាក់ ក្នុងមួយជំហានទៀត។ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ