ប្រទេសអង់គ្លេស ៖ រយៈពេលមិនពេញ២៤ម៉ោងផងនាយករដ្ឋមន្ត្រីអង់គ្លេសលោកបូរីសចនសុន ជួបប្រទះនឹងការតាមខ្ទាស់របស់សភាដល់ទៅ៣លើក។ នាយប់ថ្ងៃទី៤កញ្ញាបណ្ដាសមាជិកសភាអង់គ្លេស បានបោះឆ្នោតបដិសេធញត្តិរបស់នាយករដ្ឋមន្ត្រីអភិរក្សនិយម ដែលអំពាវនាវឲ្យមានការបោះឆ្នោតសភាមុនកាលកំណត់នាថ្ងៃទី១៥តុលា ដែលការបដិសេធនោះកើតមានក្រោយការបោះឆ្នោតរបស់សភានេះ គាំទ្រញត្តិឲ្យពន្យារពេលចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបហៅBREXIT ដែលគ្រោងអនុវត្តចាប់ពីថ្ងៃទី៣១តុលាទៅ ទោះជាគ្មានកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប។
ញត្តិរបស់រដ្ឋាភិបាលទាមទារឲ្យមានការបោះឆ្នោតមុនកាលកំណត់ ទទួលបានការគាំទ្រតែ២៩៨សំឡេង ពោលតិចជាងសំឡេងភាគច្រើន២ភាគ៣ ដែលត្រូវការចាំបាច់សម្រាប់ការអនុម័ត ព្រោះបណ្ដាសមាជិកសភានៃគណបក្សការងារ ជាគណបក្សប្រឆាំងបានបោះឆ្នោតអនុប្បវាទ។
ប្រមុខរដ្ឋាភិបាលអង់គ្លេសបានតាំងចិត្ត ឲ្យប្រទេសលោកចាកចេញពីសហភាពអឺរ៉ុបនាថ្ងៃទី៣១តុលា ទោះជាគ្មានកិច្ចព្រមព្រៀង។ ប៉ុន្តែបណ្ដាសមាជិកសភាបានធ្វើឲ្យផែនការរបស់លោកត្រូវបរាជ័យ តាំងពីមុនការបោះឆ្នោតអនុម័តលើការបោះឆ្នោតសភាមុនកាលកំណត់។ សភាបានអនុម័តសំណើច្បាប់មួយដែលមានការចាប់បង្ខំ ស្នើដល់សហភាពអឺរ៉ុបពន្យារពេល៣ខែទៀតដល់BREXIT លើកលែងតែមានកិច្ចព្រមព្រៀងមួយពីការចាកចេញត្រូវបានចុះហត្ថលេខា។
ដោយប្រឆាំងខ្លាំងក្លាបំផុតចំពោះរាល់ការពន្យារពេលថ្មីនៃBREXIT លោកបូរីសចនសុន បានចោទប្រកាន់បណ្ដាសមាជិកសភាថាបំផ្លាញការចរចា ដែលលោកបានធ្វើជាមួយសហភាពអឺរ៉ុប។ លោកអំពាវនាវដល់បណ្ដាសមាជិកសភាឲ្យអនុម័តញត្តិមួយ ដែលគ្រោងឲ្យមានការបោះឆ្នោតមុនកាលកំណត់ថ្ងៃទី១៥តុលា ព្រោះលោកសង្ឃឹមថា អាចទទួលបានសំឡេងភាគច្រើនថ្មី សម្រាប់ជួយទ្រទ្រង់ដល់យុទ្ធសាស្ត្ររបស់លោក ស្ដីពីBREXIT មុនក្រុមប្រឹក្សាអឺរ៉ុបរួមប្រជុំនាថ្ងៃទី១៧និង១៨តុលា។
តែបណ្ដាផែនការរបស់លោកត្រូវបរាជ័យ ដោយលោកថែមទាំងបាត់បង់សំឡេងភាគច្រើនដាច់ខាតក្នុងសភា ព្រោះសមាជិកសភាម្នាក់នៃគណបក្សអភិរក្សនិយមរបស់លោកបានសុំលាលែង ហើយ២១រូបត្រូវលោកបណ្ដេញចេញ ព្រោះតែបោះឆ្នោតរួមជាមួយបណ្ដាសមាជិកសភានៃគណបក្សប្រឆាំង គាំទ្រ ញត្តិរារាំងអង់គ្លេសមិនឲ្យចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង គ្រោងនាថ្ងៃទី៣១តុលាខាងមុខ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ