ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់​គ្លេស​ព្រ.មាន​ប្ដឹង​សេដ្ឋី​រុស្ស៊ី​អាប្រាម៉ូវិច​​បើ​មិន​ព្រម​ប្រគល់​ប្រាក់​លក់​ក្លិប​បាល់​ទាត់​តាម​សម្រួល

20 ម៉ោង មុន

ទី​ក្រុង​ឡុង៖ នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ លោ​កខៀ​ស្តាមើ (Keir Starmer) ប្រាប់​សេដ្ឋី​រុស្ស៊ី​ លោក​អាប្រា​ម៉ូវិច (Abramovich) ត្រូវ​តែ​យក​លុយ​បាន​មក​ពី​ការ​លក់​ក្លិប​បាល់​ទាត់​បាន​ប្រាក់​ជាង​២​ពាន់​លាន​​ផោន​​ប្រគល់​ទៅ​ឱ្យ​អ៊ុយ​ក្រែន​​បើ​មិន​ចង់​ប្រឈម​នឹង​ផ្លូវ​ច្បាប់​។ លោ​កអាប្រា​ម៉ូវិច​ជា​អតីត​ម្ចាស់​ក្លិប​ឆែល​ស៊ី​។…

ទី​ក្រុង​ឡុង៖ នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ លោ​កខៀ​ស្តាមើ (Keir Starmer) ប្រាប់​សេដ្ឋី​រុស្ស៊ី​ លោក​អាប្រា​ម៉ូវិច (Abramovich) ត្រូវ​តែ​យក​លុយ​បាន​មក​ពី​ការ​លក់​ក្លិប​បាល់​ទាត់​បាន​ប្រាក់​ជាង​២​ពាន់​លាន​​ផោន​​ប្រគល់​ទៅ​ឱ្យ​អ៊ុយ​ក្រែន​​បើ​មិន​ចង់​ប្រឈម​នឹង​ផ្លូវ​ច្បាប់​។ លោ​កអាប្រា​ម៉ូវិច​ជា​អតីត​ម្ចាស់​ក្លិប​ឆែល​ស៊ី​។ លោក​បាន​សន្យា​កាល​ពី​ឆ្នាំ​២០២២​ថា​ទឹក​ប្រាក់​ដែល​បាន​មក​ពី​ការ​លក់​ក្លិប​នេះ​នឹង​ប្រើ​ប្រាស់​សម្រាប់​ជួយ​ជន​រង​គ្រោះ​ដោយ​សារ​អំពើ​ឈ្លាន​ពាន​របស់​​រុស្ស៊ី​ទៅ​លើ​អ៊ុយ​ក្រែន​។

ប្រាក់​ដែល​បាន​មក​ពី​ការ​លក់​ក្លិប​ឆែល​ស៊ី​ត្រូវ​បាន​បង្កក​ទុក​នៅ​ក្នុង​ខ្ទង់​​គណនី​ធនា​គារ​របស់​អង់​គ្លេស​បន្ទាប់​ពី​លោក​អាប្រា​ម៉ូ​វិច​ទទួល​រង​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច។ ការ​ដក​ហូត​ប្រាក់​នេះ​ទៅ​ប្រើ​ប្រាស់​ត្រូវ​​បាន​ពន្យារ​ពេល​ជា​បន្ត​បន្ទាប់​ដោយ​សារ​មាន​ការខ្វែង​គំនិត​គ្នា​រវាង​រដ្ឋាភិបាល​អង់​គ្លេស​ និង​សហ​មេធាវី​របស់​លោ​អាប្រាម៉ូវិច​​។ លោក​ខៀ​ស្តាមើ​​​​ថ្លែង​នៅ​ក្នុង​រដ្ឋ​សភា​អង់​គ្លេស​ថា​អង់គ្លេស​បាន​ចេញ​លិខិត​បញ្ជា​ឱ្យ​ផ្ទេរ​ប្រាក់​២,៥​ពាន់​លាន​ផោន​ដែល​បាន​ពី​ការ​លក់​ក្លិប​ឆែល​ស៊ី​។

លោក​ខៀស្តាមើ​ថ្លែង​ថា​សារ​នយោ​បាយ​របស់​លោក​មាន​ភាព​ច្បាស់​លាស់​។ ​ទ្រនិច​នាឡិ​កា​កំពុង​តែ​រំកិល​ទៅ​មុខ​ជា​និច្ច​។ ​​លោកសូម​អំពាវ​នាវ​ឱ្យ​លោក​​អា​ប្រាម៉ូវិច​​ធ្វើ​ដូច​ការ​សន្យា​ និង​​យល់​ព្រម​ប្រគល់​លុយ​ទាំង​នេះ​។ បើ​​លោក​មិន​ព្រម​ទេ យើង​ត្រៀម​ខ្លួន​យក​ករណី​នេះ​ប្ដឹង​ទៅ​តុលាការ​។ យើង​ចង់​ធានា​​ថា​លុយ​របស់​លោក​ទាំង​អស់​មិន​ថា​មួយ​កាក់​មួយ​សេន​ទេ​នឹង​បាន​ទៅ​ដល់​ដៃ​របស់​ប្រជា​ជន​ដែល​កំពុង​រស់​នៅ​លំបាក​វេទនា​ដោយ​សារ​សង្គ្រាម​ខុស​ច្បាប់​ដែល​ដុត​បញ្ឆេះ​ដោយ​លោក​ពូទីន​។​

​​រដ្ឋាភិបាល​អង់គ្លេស​​ព្រមាន​​​ប្ដឹង​លោក​អាប្រា​ម៉ូវិច​​ជា​លើក​ដំបូង​កាល​​​ពី​ខែ​មិថុនា​។ ក្រសួង​រតនា​គារ​ជាតិ​​ថ្លែង​ថា​យោង​តាម​លក្ខ​ខណ្ឌ​នៃអាជ្ញា​ប័ណ្ណ​របស់​រដ្ឋាភិបាល​អង់​គ្លេស​​លើក​នេះ ទឹក​ប្រាក់​ទាំង​នោះ​ត្រូវយក​ទៅ​ប្រើ​ប្រាស់​ដើម្បីបុព្វ​ហេតុ​មនុស្ស​ធម៌​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។ លោក​អាប្រា​ម៉ូវិច​ ឬ​អ្នក​ដទៃ​ទៀត​ដែល​ទទួល​រង​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​មិន​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​អ្វី​ទាំង​អស់​ពី​ទឹក​ប្រាក់​ទាំង​នេះ។

រដ្ឋាភិបាល​អង់គ្លេស​ចង់​ប្រើ​ប្រាស់​ទឹក​ប្រាក់​នេះ​ជា​ជំនួយ​មនុស្ស​ធម៌​សម្រាប់​អ៊ុយ​ក្រែន​។ ប៉ុន្តែ​លោក​អាប្រា​ម៉ូវិច​ថ្លែង​​ថា​លោក​ចង់​ប្រើ​ប្រាស់​ទឹក​ប្រាក់​ទាំង​នោះ​ជួយ​ជន​រង​គ្រោះ​ទាំង​អស់​ដោយ​សារ​សង្គ្រាម​អ៊ុយ​​ក្រែន​។ លោក​អាប្រា​ម៉ូវិច​ជា​សេដ្ឋី​រុស្ស៊ី​មាន​ប្រាក់រាប់​​ពាន់​លាន​ដុល្លារ​។ មុខ​ជំនួញ​ធំ​ៗ​របស់​គាត់​គឺ​ប្រេង​ឆៅ និង​ឧស្ម័ន​។ បន្ទាប់​ពី​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយ​ក្រែន​កាល​ពី​ឆ្នាំ​២០២២​ អង់គ្លេស​បាន​ផ្ដល់​អាជ្ញា​ប័ណ្ណ​ពិសេស​មួយ​ដើម្បី​ឱ្យ​លោក​លក់​ក្លិប​បាល់​ទាត់​ឆែល​ស៊ី​ដោយ​ភ្ជាប់​លក្ខ​ខណ្ឌ​មួយ​ថា​​លោក​នឹង​​មិន​ទទួល​បាន​អត្ថ​ប្រយោជន៍​អ្វី​ទាំង​អស់​​ពី​ទឹក​ប្រាក់​ទាំង​នេះ​​។

ប្រភព​ខ្លះ​អះ​អាង​ថា​លោក​អាប្រា​ម៉ូវិច​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​លោក​ពូទីន​។ ប៉ុន្តែ​លោក​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​។ ថ្វី​ដ្បិត​លោក​មិន​អាច​ប្រើ​ប្រាស់​ទឹក​ប្រាក់​២,៥​ពាន់​លាន​ផោន​​ដែល​បង្កក​ទុក​នៅ​ក្នុង​ធនា​គារ​អង់​គ្លេស​​ ប៉ុន្តែ​បើ​គិត​តាម​ផ្លូវ​ច្បាប់​ ទឹក​ប្រាក់​នេះ​នៅ​តែ​ជា​កម្ម​សិទ្ធិ​របស់​លោក​ដដែល​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ប៊ីប៊ី​ស៊ី (BBC) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ