ទីក្រុងតូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រីតាកាអ៊ីឈិ ថ្លែងថាលោកស្រីតែងតែបើកទូលាយជានិច្ចដើម្បីសន្ទនាគ្នាជាមួយប្រទេសចិនទោះបីប្រទេសទាំង២កំពុងមានជម្លោះការទូតនឹងគ្នាពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់យ៉ាងណាក្ដី។ លោកស្រីថ្លែងប្រាប់អ្នកសារព័ត៌មានថាចិនជាប្រទេសជិតខាងដ៏សំខាន់របស់ជប៉ុន។ យើងចាំបាច់ត្រូវកសាងទំនាក់ទំនងប្រកបដោយការស្ថាបនា និងប្រកបដោយស្ថិរភាព។ លោកស្រីបញ្ជាក់ម្ដងទៀតថាជប៉ុនតែងតែបើកទូលាយជានិច្ចសម្រាប់ការសន្ទនាគ្នា។ យើងមិនបិទទ្វារចរចាទេ។

ការថ្លែងដូច្នេះនៅក្នុងស្ថានភាពដែលចិន និងជប៉ុនកំពុងមានជម្លោះយ៉ាងក្ដៅគគុកបន្ទាប់ពីលោកស្រីតាកាអ៊ីឈិថ្លែងសុន្ទរកថាកាលពីខែវិច្ឆិកាថាជប៉ុនអាចនឹងបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់បើសិនកោះនេះរងការវាយប្រហារពីកងទ័ពចិន។ ចំណែកប្រទេសចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយមិនបោះបង់ចោលឡើយនូវការប្រើប្រាស់កម្លាំងយោធាដើម្បីវាយយកកោះនេះមកគ្រប់គ្រងបើសិនតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ។

សុន្ទរកថារបស់លោកស្រីតាកាអ៊ីឈិធ្វើឱ្យមានទំនាស់ការទូតយ៉ាងស្រួចស្រាល់។ បន្ទាប់ពីរដ្ឋាភិបាលជប៉ុនមិនព្រមដកពាក្យសម្ដីរបស់លោកស្រីតាកាអ៊ីឈិត្រឡប់មកវិញ ប្រទេសចិនបានអំពាវនាវឱ្យប្រជាជនរបស់ខ្លួនផ្អាកធ្វើដំណើរទៅប្រទេសជប៉ុនដោយសារហេតុផលសុវត្ថិភាព។ របាយការណ៍ជាផ្លូវការចេញផ្សាយនៅថ្ងៃនេះបង្ហាញថាសេចក្ដីអំពាវនាវរបស់ប្រទេសចិនជះឥទ្ធិពលទៅលើការធ្វើដំណើរទៅប្រទេសជប៉ុនពិតមែន។

ចំនួនអ្នកទេសចរចិនដែលធ្វើដំណើរទៅជប៉ុនកាលពីខែវិច្ឆិកាថយចុះ៣%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះជាអត្រាទាបបំផុតគិតចាប់ពីខែមករា ឆ្នាំ២០២២។ នេះបើយោងតាម «អង្គការទេសចរណ៍ជាតិជប៉ុន»។ កាលពីខែវិច្ឆិកា អ្នកទេសចរចិនប្រហែល៥៦ម៉ឺននាក់ធ្វើដំណើរទៅជប៉ុន។ នេះបើយោងតាមការផ្សាយរបស់ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ