ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ថៃ មាន​បំណង​ចង់​ដោះស្រាយ​បញ្ហា​ជម្លោះព្រំដែន​ឲ្យ​បាន​ឆាប់

21 ម៉ោង មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​ទី​១៧ ធ្នូ​នេះ​ថា លោក​បាន​ទាក់ទង​ជាមួយ​មេដឹកនាំ កម្ពុជា…

ទីក្រុង​គូ​ឡា​ឡាំ​ពួរ ៖ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​ទី​១៧ ធ្នូ​នេះ​ថា លោក​បាន​ទាក់ទង​ជាមួយ​មេដឹកនាំ កម្ពុជា និង​ថៃ​ហើយ ភាគី​ទាំង​ពីរ បាន​បង្ហាញ​បំណង​ចង់​ដោះស្រាយ​ជម្លោះព្រំដែន​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Bloomberg ។

លោក អាន់​វ៉ា បាន​បញ្ជាក់​ថា រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​២២ ខែធ្នូ ស​ប្តា​ហ៍​ក្រោយ ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​ប្រទេស​ទាំង​ពីរ ថា សន្តិភាព​គឺជា​រឿង​ចាំបាច់​បំផុត ។

សូម​ជម្រាប​ឡើង​វិញ​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​ពិសេស​អាស៊ាន (AMM) ស្តី​អំពី​ភាព​តានតឹង​ព្រំដែន​កម្ពុជា និង​ថៃ ដែល​ដំបូង​ឡើយ គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥ ត្រូវ​បាន​ពន្យារពេល​លើក​ទៅ​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ ជំនួស​វិញ​។
ក្រសួងការបរទេស​ម៉ា​ឡេ​ស៊ី ថ្លែង​ថា ការ​ពន្យារពេល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់​ប្រទេស​ថៃ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ម៉ា​ឡេ​ស៊ី The Star និង Bernama ព្រមទាំង​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ី​ន​ហួ (Xinhua) បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥ ។

កិច្ចប្រជុំ​ពិសេស​នេះ នឹង​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ា​ឡេ​ស៊ី លោក Mohamad Hasan នៅ​ក្នុង​នាម​ម៉ា​ឡេ​ស៊ី ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ នៅ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥ ក្រសួងការបរទេស​របស់​ម៉ា​ឡេ​ស៊ី បាន​បញ្ជាក់​ថា ៖ «​ការ​ប្រជុំ AMM ពិសេស គឺជា​ការ​បន្ត​ពី​ការ​សម្រេចចិត្ត​របស់​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក អាន់​វ៉ា អ៊ី​ប្រា​ហី​ម (Anwar Ibrahim) រួម​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នៃ​ប្រទេស​កម្ពុជា និង​លោកនាយក​រដ្ឋមន្ត្រី អា​នុ​ទី​ន ចាន់​វី​រៈ​គុល (Anutin Charnvirakul) នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ដោះស្រាយ​ស្ថានភាព​រវាង​ប្រទេស​កម្ពុជា និង​ថៃ​»​។ ចំណែក​ព័ត៌មាន​លម្អិត​បន្ថែម នៃ​កិច្ចប្រជុំ​នេះ ក្រសួង​នឹង​ចែករំលែក​នៅ​ពេល​សម​ស្រប ។

ទាំង​កម្ពុជា និង​ថៃ បច្ចុប្បន្ន បាន​និង​កំពុង​តែ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ក្តៅ​គគុក តាម​ព្រំដែន​សា​ជា​ថ្មី​ឡើង​វិញ ទោះបីជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួរ កាលពី​ខែតុលា​ក៏​ដោយ ។

ម៉ា​ឡេ​ស៊ី​ធ្លាប់​បាន​អំពាវនាវ​ឱ្យ ថៃ និង​កម្ពុជា បញ្ឈប់​រាល់​ទម្រង់ នៃ​ជម្លោះ និង​ចៀសវាង​សកម្មភាព​យោធា​ណាមួយ​បន្ថែម​ទៀត រួម​ទាំង​ការ​ដាក់​ពង្រាយ​កងទ័ព​ប្រដាប់​អាវុធ​ទៅ​កាន់​ជួរ​មុខ បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា កើតឡើង​វិញ នៅ​តំបន់​ព្រំដែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ