ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាន​បាល់​ទាត់​Hun Sen Cup 2014ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ជា​អ្នក​លើក​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​បាល់​ទាត់​ដណ្ដើម​ពាន​រង្វាន់​សម្ដេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ ប្រចាំ​ឆ្នាំ​២០១៤​ (Hun Sen Cup 2014)​ លើក​​ទី​៨​ ដែល​បាន​ធ្វើ​ការ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី​២២​ មករា​ មក​នោះ​ ពេល​នេះ​បាន​រក​ឃើញ​ម្ចាស់​ពាន​រង្វាន់​ហើយ​គឺ​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ បន្ទាប់​ពី​បាន​លេង​ឈ្នះ​ក្រុម​បៀលប្រាយ​យូណាយធីត​ នៅវគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​លទ្ធផល​២​ទល់​០​ កាល​ពីល្ងាច​ថ្ងៃ​ទី​១៥​ មីនា​ ឆ្នាំ​២០១៤​ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ ។

រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​បាល់​ទាត់​ដណ្ដើម​ពាន​រង្វាន់​សម្ដេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ ប្រចាំ​ឆ្នាំ​២០១៤​ (Hun Sen Cup 2014)​ លើក​​ទី​៨​ ដែល​បាន​ធ្វើ​ការ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី​២២​ មករា​ មក​នោះ​ ពេល​នេះ​បាន​រក​ឃើញ​ម្ចាស់​ពាន​រង្វាន់​ហើយ​គឺ​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ បន្ទាប់​ពី​បាន​លេង​ឈ្នះ​ក្រុម​បៀលប្រាយ​យូណាយធីត​ នៅវគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​លទ្ធផល​២​ទល់​០​ កាល​ពីល្ងាច​ថ្ងៃ​ទី​១៥​ មីនា​ ឆ្នាំ​២០១៤​ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ ។​

ស្ថិត​ក្នុង​បរិយាកាស​ដ៏​សប្បាយ​រីក​រាយលាយ​ឡំ​នឹង​សម្រែក​គាំ​ទ្រ​ពី​ទស្សនិក​ជន​រាប់​ពាន់​នាក់​ដែល​បាន​ចូល​រួម​ទស្សនា​ ព្រម​ទាំង​មាន​វត្ដ​មាន​របស់​លោក​ ប៉ា​ សុជាតិ​វង្ស​ អភិបាល​រាជ​ធានី​ភ្នំពេញ​ លោក​នាយ​ឧត្ដម​សេនីយ៍​ សៅ​ សុខា​ ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ ព្រម​ទាំង​ដៃ​គូ​សហការ​ឧបត្ថម្ភ​ជាតិ​ និង​អន្ដរជាតិ​ជា​ច្រើន​ដែល​បាន​ត្រៀម​ខ្លួន​ប្រគល់​ពាន​រង្វាន់​ដល់​ម្ចាស់​ជ័យ​លាភី​នោះ​ បាន​ធ្វើ​ឱ្យ​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​កាន់​តែ​ពុះ​កញ្ជ្រោល​ឡើង​ ។​

ជំនួប​ចុង​ក្រោយ​រវាង​ក្រុម​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​និង​ក្រុម​បៀល​ប្រាយ​យូណាយ​ធីត​ លេង​បាន​១៣​នាទី​នៃ​តង់​ទី​១​ កីឡាករ​នួន​ បូរី​ ពាក់​អាវ​លេខ​៩​ របស់​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ រក​បាន​គ្រាប់​បាល់​នាំ​មុខ​ឱ្យ​ក្រុម​របស់​ខ្លួន​មួយ​គ្រាប់​រហូត​ចប់​តង់​ទី​១​តែ​ម្ដង​ ។​ នៅ​តង់​ទី​២​ ទោះ​បី​ក្រុម​ទាំង​ពីរ​លេង​សម្រុក​ដាក់​គ្នា​យ៉ាង​ណា​ក៏​ដោយ​ ក៏​គ្មាន​ក្រុម​ណា​រក​បាន​គ្រាប់​បាល់​ដែរ​ទាល់​តែ​ដល់​ម៉ោង​ថែម​បង្គ្រប់​គឺ​នាទី​ទី​៩០+​ទើប​កីឡាករ​ពាក់​អាវ​លេខ​១០​ អុល​ រ៉ាវី​ របស់​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​រក​បាន​១​គ្រាប់​ទៀត​ឱ្យ​ក្រុម​របស់​ខ្លួន​ដែល​ជា​គ្រាប់​បាល់​ចុង​ក្រោយ​ និង​ជា​គ្រាប់​បាល់​នាំ​សំណាង​ធំ​ដល់​ក្រុម​ឈាន​ទៅ​លើក​ពាន​រង្វាន់​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ​ ហ៊ុន​ សែន​ លើក​ទី​៨​ជា​លើក​ដំបូង​តែ​ម្ដង​ ។​

សម្រាប់​ក្រុម​ម្ចាស់​ជើង​ឯក​លើក​ពាន​រដូវ​កាល​២០១៤​នេះ​ គឺ​ក្រុម​អគ្គ​ស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​ទទួល​បាន​ទឹក​ប្រាក់​រង្វាន់​៨០​លាន​រៀល​ ។​ ចំណែក​ក្រុម​បៀលប្រាយ​យូណាយ​ធីត​ ដែល​ជា​ក្រុម​រង​ជើង​ឯក​នោះ​ទទួល​បាន​ប្រាក់​រង្វាន់​៤០​លាន​រៀល​ និង​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​ ចម្ការ​កៅស៊ូ​បឹង​កេត​ ទទួល​បាន​ប្រាក់​រង្វាន់​២០​លាន​រៀល​ ។​

ចំពោះ​រង្វាន់​ Fair-Play បាន​ទៅ​ក្រុម​ចម្ការ​កៅស៊ូ​បឹង​កេត​ ទទួល​បាន​ទឹក​ប្រាក់​៥​លាន​រៀល​ ខណៈ​រង្វាន់​ដែល​ផ្ដល់​ជូន​ដល់​កីឡាករ​ទាត់​បាល់​បញ្ជូល​ទី​បាន​ច្រើន​ជាង​គេ​បាន​ទៅ​កីឡាករ​ពាក់​អាវ​លេខ​៩​ របស់​ក្រុម​ចម្ការ​កៅស៊ូ​បឹង​កេត​ ឃួន​ ឡាបូរ៉ាវី​ ដែល​បាន​ទាត់​បាល់​ចូល​ទី​បាន​ចំនួន​១២​គ្រាប់​ទទួល​បាន​១​លាន​រៀល​ ។​

ឯ​អ្នក​ចាំ​ទី​ល្អ​ជាង​គេ​បាន​ទៅ​កីឡាករ​ពាក់​អាវ​លេខ​១៨​ ប្រាក់​ ភារុណ​ របស់​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ទទួល​បាន​១​លាន​រៀល​ និង​កីឡាករ​ដែល​លេង​បានល្អ​ជាង​គេ​គឺ​កីឡាករ​ពាក់​អាវ​លេខ​១១​ របស់​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ឈ្មោះ​ ទិត្យ​ ឌីណា​ ទទួល​បាន​រង្វាន់​ម៉ូតូ​ YAMAHA ១​គ្រឿង​ពី​ក្រុម​ហ៊ុន​ YAMAHA ។​

លោក​ ជួន​ ណារិន​ ប្រធាន​ក្លិប​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ មាន​ប្រសាសន៍​ថា​ ចំពោះ​លទ្ធផល​ដែល​ក្រុម​លោក​ទទួល​បាន​ជ័យ​ជម្នះ​ថ្ងៃ​នេះ​គឺ​ជា​ការ​ខិត​ខំ​ប្រឹង​ប្រែង​សហការ​គ្នា​យ៉ាង​ល្អ​ ហើយ​ការ​ប្រកួត​ទៀត​សោត​ប្រៀប​ដូច​ទឹក​បាក់​ទំនប់​ ពី​ព្រោះ​កីឡាករ​ទាំង​អស់​មាន​ចិត្ដ​ពុះ​កញ្ជ្រោល​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វះ​ស្វែង​រក​គ្រាប់​បាល់​ធ្វើ​យ៉ាង​ណា​ដណ្ដើម​ជ័យ​ជម្នះ​ឱ្យ​ខាង​តែ​បាន​ ។​ ជា​មួយ​នេះ​ លោក​ លាស់​ សាឡាខាន់​ គ្រូ​បង្វឹក​ក្រុម​បៀលប្រាយ​យូណាយ​ធីត​ បាន​សម្ដែង​នូវ​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ដែល​ក្រុម​លោក​មិន​បាន​លើក​ពាន​រង្វាន់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ប្រចាំ​ឆ្នាំ​២០១៤​នេះ​ ដោយ​លោក​បាន​និយាយ​ថា​ ដោយ​សារ​តែ​ការ​ប្រកួត​លើក​នេះ​ក្រុម​របស់​លោកមាន​ការ​ធ្វេស​ប្រហែស​ ធ្វើ​ឱ្យ​មាន​ចន្លោះ​ប្រហោង​ខ្សែ​ការពារ​ច្រើន​ ទើប​ធ្វើ​ឱ្យ​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​ អាច​រក​គ្រាប់​បាល់នាំ​មុខ​នៅ​តង់​ទី​១​ ។ តែ​ទោះ​ជា​យ៉ាង​ណា​ លទ្ធផល​ចាញ់​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​លើក​នេះ​ គឺ​ក្រុម​របស់​លោក​ចាញ់​ដោយ​អស់​ចិត្ដ​តែ​ម្ដង​ ៕