រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀតហើយ ដែលកីឡាករជើងខ្លាំងរបស់ប្រទេសកម្ពុជា ឃីម ឌីម៉ា បានទទួលបរាជ័យនៅលើសង្វៀន MMA ដែលជាការប្រកួតដាក់ទ្រុង ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ។ ជាមួយនឹងលទ្ធផលចាញ់ពិន្ទុ កាលពីយប់ថ្ងៃទី១៤ មីនា មានការយល់ឃើញជាច្រើនថា នោះជាការកាត់ក្តីដោយលម្អៀងចំពោះកីឡាករម្ចាស់ផ្ទះ ។
ក្រុមអ្នកគាំទ្ររបស់កីឡាករកម្ពុជា ឃីម ឌីម៉ា បានបញ្ចេញទស្សនៈប្រតិកម្មយ៉ាងខ្លាំងចំពោះការកាត់សេចក្តីឱ្យចាញ់ ដោយសូម្បីតែ ការប្រកួតដែលធ្វើឡើង គឺកីឡាករកម្ពុជាមានសភាពល្អជាង ។ បើទោះជាកីឡាករម្ចាស់ផ្ទះ Saiful Merican មានឱកាសសម្រុកចាប់ក្លេ និងសង្កត់ពីលើ ប៉ុន្តែលទ្ធផលដែលគេធ្វើបាន គឺមិនអាចបំបាក់កីឡាករ ឃីម ឌីម៉ា បានទេ នៅក្នុង៣ទឹកដែលបានដំណើរការ ។ កីឡាករ Saiful Merican បានតែអុកកែងនៅប៉ុន្មាននាទីចុងក្រោយក្នុងទឹកទី២បន្តិចប៉ុណ្ណោះ ខណៈការប្រកួតជាក់ស្តែងគឺកីឡាករកម្ពុជា ហាក់មានសន្ទុះខ្ពស់ជាងទាំងដៃ និងជើង ដែលសុទ្ធតែជាចំណុចទទួលពិន្ទុ ។ ជារឿយៗ គេឃើញកីឡាករ ឃីម ឌីម៉ា ដ្បិតថាស្ថិតនៅពីក្រោម Saiful Merican ក៏ពិតមែន ប៉ុន្តែសម្រាប់សន្ទុះវាយកែង ម៉ាត់ចំកណ្តាលមុខរបស់គេទៅលើ Saiful Merican សុទ្ធតែមានអ្នកឃើញដូចគ្នាថា កីឡាករម្ចាស់ផ្ទះទទួលរងភាគច្រើន ។ នៅទឹកទី១ កីឡាករម្ចាស់ផ្ទះថែមទាំងត្រូវមួយជង្គង់ពេញកណ្តាលមុខឡើងចង់ទន់ជំហរ និងនៅទឹកទី៣ បានក្លាយជាអ្នកបែកធ្ងន់ធ្ងរ រហូតត្រូវលោកអាជ្ញាកណ្តាលផ្អាកការប្រកួត ដើម្បីជូតឈាមឱ្យទៀតផង ។ អុីចឹងហើយ ទើបការផ្តល់ពិន្ទុឱ្យម្ចាស់ផ្ទះឈ្នះ ឃីម ឌីម៉ា គឺជារឿងរិះគន់មួយថ្មី ដែលត្រូវគេឃើញបានផុសចេញឡើងពីក្រុមអ្នកដែលមានការនិយមប្រើប្រព័ន្ធអុីនធើរណេត ដើម្បីទាក់ទងគ្នា ។ ក្រុមអ្នកទស្សនាវីដេអូនៃការប្រកួតយ៉ាងហោចណាស់ជាងពាក់កណ្តាល បានផ្តល់ការរិះគន់ថា ខ្មែរចាញ់មិនសម និងថាការប្រកួតនេះលម្អៀងយ៉ាងខ្លាំងទៅលើកីឡាករម្ចាស់ផ្ទះ ។ នោះមិនទាន់រិះគន់ដល់លោកអាជ្ញាកណ្តាល ដែលតែងតែចាប់ភាគីខ្មែរ នៅពេលឃើញ ឃីម ឌីម៉ា មានប្រៀប និងតែងបណ្តោយក្នុងពេលកីឡាករម្ចាស់ផ្ទះមានប្រៀបនោះ ។ ក្រៅពីវាយឱ្យ Saiful បែកចិញ្ចើមធ្ងន់ធ្ងរ ឃីម ឌីម៉ា បានទាំងទាត់ត្រូវពេញទំហឹងប៉ុន្មានជើង ធ្វើឱ្យកីឡាករម្ចាស់ផ្ទះទ្រមខ្លួនឡើងចង់យ៉ាប់ទៀត ផង ។ ដ្បិតថា ការប្រកួតទាំងមូលកីឡាករកម្ពុជា ហាក់ចាញ់កម្លាំងកីឡាករម្ចាស់ផ្ទះក៏ពិតមែន ប៉ុន្តែសម្រាប់បច្ចេកទេស និងឱកាស គឺ ឃីម ឌីម៉ា ទទួលបានល្អជាង ។ ទាំងនេះហើយដែលជំរុញឱ្យគណៈកម្មការជាអ្នកផ្តល់ពិន្ទុម្នាក់ក្នុងចំណោម៣នាក់ បានសម្រេចកាត់ក្តីឱ្យ ឃីម ឌីម៉ា ឈ្នះការប្រកួត ប្រឆាំងនឹង២នាក់ទៀតដែលបានសម្រេចឱ្យចាញ់ ។
ម្នាក់ៗបានកាត់សាញថា ផ្លែផ្កាដែល ឃីម ឌីម៉ា សម្រេចបាន ប្រសិនបើដៃគូរបស់គេមិនមែនជាម្ចាស់ផ្ទះទេ គឺប្រាកដជា ឃីម ឌីម៉ា ត្រូវឈ្នះទៅហើយ ដោយសារតែការវាយលុកគ្មានអ្នកណាមើលមិនដឹងថា កីឡាករកម្ពុជាធ្វើបានល្អ ។
ក្រុមអ្នកគាំទ្របានហៅការសម្រេចនោះថា ជាភាពអយុត្តិធម៌ ប៉ុន្តែកីឡាករ ឃីម ឌីម៉ា ហាក់មិនមានប្រតិកម្មឡើយ បើធៀបនឹងការកំណត់ឱ្យទទួលយកលទ្ធផលឆាចោល កាលពីលើកទី១ ។ ឃីម ឌីម៉ា បានទាំងចាត់ទុកថា កីឡាករ Saiful គឺជាមិត្តដ៏ល្អរបស់ខ្លួនទៀតផង ជាមួយនឹងការបង្ហោះសារអរគុណចំពោះកីឡាករ Saiful បន្ទាប់ពីគេបានប្រគល់ទឹកប្រាក់មួយចំនួនជួយដល់បងស្រីរបស់គេ ដែលជួបគ្រោះអគ្គិភ័យឆេះផ្ទះកាលពីពេលថ្មីៗ ។ ការបរាជ័យលើកនេះ កំពុងធ្វើឱ្យ ឃីម ឌីម៉ា ប្រឈមនឹងបញ្ជីខ្មៅ បើទោះជាការប្រកួតទាំងមូលអាចនឹងផ្តល់ឱកាសឱ្យគេបានម្តងទៀត ដោយសារតែកំហុសរឿងវាយខុសបច្ចេកទេសកាលពីលើកទី១ នឹងត្រូវលុបចោល ។ ឃីម ឌីម៉ា ត្រូវគេឃើញបាត់បង់កម្លាំងចិត្តយ៉ាងខ្លាំង បន្ទាប់ពីការប្រឹងប្រែងដែលគេស្ទុះស្ទា អាចត្រឹមឱ្យគេកំដរគូប្រកួតដល់ទឹកចុងក្រោយ ។ ទោះយ៉ាងណា ផ្អែកតាមស្ថានភាពដែលគេធ្វើបានល្អ ដោយបំបាក់កីឡាករ Saiful Merican ឱ្យឈ្នះទាំងរងការរិះគន់ពេលនេះ គឺពិតជាមានអាទិភាពជាថ្មីនៅលើរេញ MMA ពិសេសក្នុងកាលៈទេសៈដែលកម្ពុជា ហាក់មិនសូវសម្បូរធនធានកីឡាករល្អ ដើម្បីទៅតតាំងជាមួយភាគីបរទេសបានបែបនេះ ៕
ចែករំលែកព័តមាននេះ