រាជធានីភ្នំពេញ ៖ ការប្រកួតដែលពោរពេញដោយភាពចម្រូងចម្រាសរវាងក្រុមចម្ការកៅស៊ូបឹងកេត និងក្រុមណាហ្គាខប នៃពានរង្វាន់ Hun Sen-Cup លើកទី៨ ដណ្តើមចំណាត់ថ្នាក់លេខ៣ កាលពីថ្ងៃទី១២ មីនា កន្លងទៅត្រូវបានមន្ត្រីគណៈកម្មការរៀបចំការប្រកួត និងមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចកាត់សេចក្តីឱ្យក្រុមចម្ការកៅស៊ូបឹងកេតជាអ្នកឈ្នះ បន្ទាប់ពីបើកកិច្ចប្រជុំរំលងបាន១ថ្ងៃ ។
វាជាភាពត្រឹមត្រូវ និងសមស្របទៅតាមលក្ខខណ្ឌ និងច្បាប់ការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលការសម្រេចកាត់ក្តីឱ្យក្រុមចម្ការកៅស៊ូបឹងកេតឈ្នះក្រុមណាហ្គាខបដោយស្វ័យប្រវត្តិតែម្តងនោះ ។ ប៉ុន្តែការសម្រេចបែបនេះត្រូវបានមហាជន និងទស្សនិកជនគាំទ្រវិស័យកីឡាក្នុងស្រុកជាច្រើនលើកឡើងប្រហាក់ប្រហែលគ្នាថា ការសម្រេចបែបនេះគឺគ្មានតម្លៃអ្វីសោះសម្រាប់ក្រុមដែលឈ្នះ ។ ម្យ៉ាងវិញទៀត កំហុសដែលកើតឡើងមិនមែនជាកំហុសរបស់កីឡាករទាំងស្រុងនោះទេ គឺដោយសារភាពមិនច្បាស់លាស់របស់អាជ្ញាកណ្តាលដែលចាប់កំហុសទាំងមិនច្បាស់ខ្លួនឯង ។
ភាពមិនយល់ស្រប និងចុះសម្រុងនៅចុងតង់ទី២ នោះរហូតដល់ម៉ោងបន្ថែម១៥នាទី២ដង ដោយលទ្ធផល៣-៣ ក្នុងរយៈពេល៩០នាទីបានកើតឡើងក្រោយពីលោកលឹម ប៊ុនធឿន ជាអាជ្ញាកណ្តាល បានចាប់បាល់ពិន័យក្រុមណាហ្គាខប ហើយឱ្យបាល់ប៉េណាល់ទីទៅក្រុមបឹងកេត។ ប៉ុន្តែការផ្តល់បាល់ពិន័យពុំទទួលបានលទ្ធផលអ្វីឡើយ ព្រោះកីឡាករក្រុមណាហ្គាខបទាំងអស់មិនសុខចិត្ត ហើយក៏បានតវ៉ារហូតដល់នាទីទី១១៨ ទើបទទួលបានការអន្តរាគមន៍ពីមន្ត្រីគណៈកម្មការរៀបចំការប្រកួតបន្ថែមទៀត គឺលោកឈួន សុខផៃ ជាស្នងការប្រកួត ប៉ុន្តែកីឡាករណាហ្គាខបនៅតែមិនព្រមនឹងការចាប់កំហុសរបស់អាជ្ញាកណ្តាលឡើយ ។
ប៉ុន្មាននាទីក្រោយមក ទើបថ្នាក់ដឹកនាំក្រុមណាហ្គាខបយល់ព្រមឱ្យកីឡាករក្រុមខ្លួនឈរបាំងមុខទី ដើម្បីឱ្យកីឡាករក្រុមបឹងកេតស៊ុតបញ្ចូលទី ប៉ុន្តែកីឡាករបឹងកេតមិនបានទាត់បាល់ពិន័យ១១ម៉ែត្រ ដែលមានការឈរបាំងមុខទីនោះទេ ទីបំផុតលោកលឹម ប៊ុនធឿន ក៏សម្រេចចិត្តផ្លុំកញ្ចែបញ្ចប់ការប្រកួតភ្លាមតែម្តង។ ប៉ុន្តែមន្ត្រីសហព័ន្ធមួយចំនួនបានបង្ហើបឱ្យដឹងភ្លាមៗថា «បឹងកេត គឺជាអ្នកឈ្នះ ព្រោះណាហ្គាខបជាអ្នកដើរចេញពីការប្រកួត ដូច្នេះចំណាត់ថ្នាក់លេខ៣ ត្រូវបានទៅក្រុមបឹងកេតហើយ»។
បន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់ទាំងភាពចម្រូងចម្រាស ភ្លាមៗនោះមន្ត្រីសហព័ន្ធ និងគណៈកម្មការរៀបចំការប្រកួតបានរៀបចំកិច្ចប្រជុំសម្ងាត់មួយជាមួយតំណាងក្រុមទាំងសងខាង (បឹងកេត-ណាហ្គាខប) រួមទាំងលោកអាជ្ញាកណ្តាលដើម្បីស្វែងរកដំណោះស្រាយរួមគ្នា ប៉ុន្តែប្រភពព័ត៌មានពីមន្ត្រីសហព័ន្ធបានបង្ហើបឱ្យដឹងថា កិច្ចប្រជុំនោះមិនទទួលបានលទ្ធផលអ្វីនោះទេ ។
លុះដល់ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ ទើបអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោកគល់ សុផាន់ណា បានបញ្ជាក់យ៉ាងច្បាស់ថា «ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមចំណាត់ថ្នាក់លេខ៣ នោះគឺក្រុមបឹងកេតជាអ្នកឈ្នះ រីឯក្រុមណាហ្គាខបត្រូវចាញ់ហើយ ព្រោះទង្វើដែលកីឡាករបានធ្វើក្នុងពេលប្រកួត ខុសនឹងលក្ខន្តិកៈការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់របស់យើង» ។
សូមរំឭកថា កីឡាករដែលធ្វើឱ្យក្រុមបឹងកេត និងក្រុមណាហ្គាខប ទទួលបានលទ្ធផលស្មើគ្នា៣-៣ មុននឹងភាពចម្រូងចម្រាសកើតឡើងនោះមានដូចជា ក្រុមបឹងកេត កីឡាករឃួន ឡាបូរ៉ាវី រកបាន២គ្រាប់ម្នាក់ឯងនៅនាទីទី១៣ និងនាទីទី៧៧ រីឯ១គ្រាប់ទៀតរកបានដោយកីឡាកររស់ សំអឿន នៅនាទីទី៥២ ។ ចំណែក៣គ្រាប់របស់ក្រុមណាហ្គាខប គឺរកបានដោយកីឡាករមាស ឆដារ៉ាវុធ នៅនាទីទី៥៦, កីឡាករសាន ណារិទ្ធ នៅនាទីទី៧៥ និងកីឡាករស៊ុន សុវណ្ណរិទ្ធី ទាត់បាល់ប៉េណាល់ទី បានសម្រេចនៅនាទីទី៨៧ ៕
ចែករំលែកព័តមាននេះ