ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ និង​ឃុំ «​ឆក់​ឈើ​នាង​» មាន​ជាប់​ទៅ​នឹង​ប្រវត្តិ​រឿង​បុត្រី​ព្រះរាជា​សម័យ​លង្វែក​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ការ​ដាក់​ឈ្មោះ​ភូមិ ឃុំ ស្រុក និង​ខេត្ត​នីមួយ​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ភាគច្រើន គឺ​សុទ្ធតែ​មាន​ជាប់​ទាក់ទង​ទៅ​នឹង​ដំណើររឿង​ព្រេង​បុរាណ ឬ​រឿងរ៉ាវ​របស់​ព្រះរាជា មេទ័ព​ព្រមទាំង​អ្នក​ខ្លាំងពូកែ នា​សម័យ​បុរាណកាល…

ខេត្តកណ្ដាល ៖ ការ​ដាក់​ឈ្មោះ​ភូមិ ឃុំ ស្រុក និង​ខេត្ត​នីមួយ​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ភាគច្រើន គឺ​សុទ្ធតែ​មាន​ជាប់​ទាក់ទង​ទៅ​នឹង​ដំណើររឿង​ព្រេង​បុរាណ ឬ​រឿងរ៉ាវ​របស់​ព្រះរាជា មេទ័ព​ព្រមទាំង​អ្នក​ខ្លាំងពូកែ នា​សម័យ​បុរាណកាល ព្រមទាំង​ប្រវត្តិ​សាវតា​នៃ​ភូមិសាស្ត្រ​នានា​ផង ។

ជាក់ស្ដែង​ដូច​ជា ឈ្មោះ​ភូមិ និង ឃុំ «​ឆក់​ឈើ​នាង​» របស់​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ជាដើម​ដែល​មាន​ជាប់​ទៅ​នឹង​ប្រវត្តិ​រឿង​ព្រះ​នាង​បុត្រី​ព្រះមហាក្សត្រ​១​អង្គ នា​សម័យកាល​លង្វែក​ដែល​រត់គេច​ព្រះ​កាយ​ពី​ការ​តាម​កាប់សម្លាប់​របស់​កងទ័ព​ដែល​ជាស​ត្រូវ​របស់​ព្រះរាជ​វង្ស​ព្រះ​នាង ។ ច្រក​ផ្លូវ​ដែល​ព្រះ​នាង​រត់​ភៀស​ព្រះ​កាយ​នោះ​មានព្រៃ​ក្រាស់ និង​មាន​ដើមឈើ​នាង​អម​សង្ខាង​ផ្លូវ ហើយ​ពេល​ដែល​សត្រូវ​តាម​ទាន់​នោះ​ប្រុង និង​ចាប់​ព្រះ​នាង​បាន​ទៅ​ហើយ ប៉ុន្តែ​ត្រូវ​កងទ័ព​ដែល​ស្ម័គ្រ និង​ព្រះ​នាង​បាន​ស្ទុះ​ទៅ​ឆក់​ព្រះ​ហ​ស្ថ​ព្រះ​នាង​ឡើង​ជិះសេះ​គេច​ព្រះ​កាយ​បន្ត​ទៀត ។ ទើប​ទីនោះ​អ្នកស្រុក​ហៅ​ថា «​ច្រក​ឈើ​នាង​» លុះ​ក្រោយមក​បាន​ហៅ​ក្លាយទៅជា ឆក់​ឈើ​នាង ទៅ​វិញ​នេះ បើ​តាម​ការ​និទានរឿង​ប្រាប់​ឲ្យ​សារព័ត៌មាន​កោះសន្តិភាព​បានដឹង​ពី​សំណាក់​ចាស់ទុំ ក្នុង​តំបន់​នោះ​តែ​ម្ដង ។

ដ្បិតតែ​ឈ្មោះ​ភូមិ និង​ឃុំ នេះ​ត្រូវ​បាន​ប្រើ​រាល់ថ្ងៃ ហើយ​មាន​អ្នក​ធ្លាប់​ឮ និង​ឃើញ​រាល់ថ្ងៃ​ក៏​ពិតមែន ប៉ុន្តែ​ប្រវត្តិ​នៃ​រឿង​ដែ​ទាក់ទង​ទៅ​និង​ការ​ដាក់​ឈ្មោះ​ភូមិ និង​ឃុំ​នេះ​ត្រូវ​បាន​កប់​ចោល​រាប់រយ​ឆ្នាំ​មក​ហើយ ។ ដែល​គ្រាន់តែ​ឮឈ្មោះ​ពិតជា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​សម្ដែង​ការ​ងឿងឆ្ងល់​ថា ហេតុ​អ្វី​បានជា​ភូមិ -​ឃុំ ខាងលើ​នោះ មានឈ្មោះ​បែប​នេះ? ហើយ​ក៏​ចង់​ដឹង​ពី​ប្រវត្តិ​ផង​ដែរ មិនតែប៉ុណ្ណោះ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ អ្នក​ដែល​បានដឹង​ពី​សាវតា​ដើមចម​នៃ​រឿង គឺ​មាន​តិច​បំផុត​ស្ទើរតែ​គ្មាន​ទៅ​ហើយ ។ ព្រោះ​ចាស់ព្រឹទ្ធាចារ្យ​ដែល​បានដឹង​រឿង​លម្អិត​បាន​ស្លាប់​ជា​បន្តបន្ទាប់ ប៉ុន្តែ​ពួក​គាត់​ក៏​ធ្លាប់​បាន​បាន​និទានរឿង​នេះ​ប្រាប់​ដល់​កូនចៅ​របស់​ពួក​គាត់​មួយ​ចំនួន​បាន​ដឹងផង​ដែរ ។

កាលពីដើម​ឡើយ​ទីនោះ​សម្បូរ​ទៅ​ដោយ​ដើមឈើ​ម្យ៉ាង​ឈ្មោះ​ដើមឈើ​នាង ប៉ុន្តែ​ពេល​នេះ​ដើមឈើ​ប្រភេទ​ខាងលើ​បាត់បង់​ស្ទើរ​អស់​ទៅ​ហើយ ដែល​នៅ​សល់​តែ​២​ដើម​ប៉ុណ្ណោះ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​នោះ និង​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ​។

សូម​បញ្ជាក់​ថា ភូមិ​ឆក់​ឈើ​ង​នាង ឃុំ​ឆក់​ឈើ​នាង មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ដែន​រដ្ឋបាល​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ បើ​យើង​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​ដល់​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ សូម​បន្តដំណើរ​ទៅ​តាម​ផ្លូវជាតិ​លេខ​៤ ។ លុះ​ពេល​ទៅ​ដល់​ចំណុច​គីឡូម៉ែត្រ​លេខ​២៣ ខាងកើត​សាលាស្រុក​អង្គស្នួល​នោះ និង​បានឃើញ​ខ្លោងទ្វារវត្ត​ឆក់​ឈើ​នាង ស្ថិត​នៅ​ខាងស្ដាំ​ដៃ ហើយ​សូម​បត់​ចូល​ទៅ​តាម​ខ្លោងទ្វារវត្ត​នេះ​ចម្ងាយ​ប្រហែល​៣​គីឡូម៉ែត្រ​ប៉ុណ្ណោះ ។ នោះ​លោក​អ្នក និង​បាន​ទៅ​ដល់ ភូមិ ឃុំ និង​វត្ត​ឆក់ ឈើ​នាង​ដែល​ជា​តំបន់​ប្រវត្តិសាស្ត្រ​នេះ​ហើយ ។ ប៉ុន្តែ​សព្វថ្ងៃ​ក្រៅពី​ភូមិ ឃុំ និង​វត្ត​គ្មាន​អ្វី​ផ្សេង​ទៀត​ឡើយ គឺ​មាន​តែ​ដើមឈើ​១​ប្រភេទ​ឈ្មោះ​ដើមឈើ​នាង​ធំ​ៗ​ចំនួន​២​ដើម​ប៉ុណ្ណោះ ដែល​១​ដើម ស្ថិត​នៅ​ខាងកើត​វត្ត​ម្ដុំ​វាលស្រែ​មួយ​កន្លែង​ឈ្មោះ​ថា​«​ស្រែ​ម៉ឺន​រាជ​» និង​១​ដើម​ទៀត ស្ថិត​នៅ​ខាងលិច​វត្ត​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ ។

ដើម្បី​ឲ្យ​បានដឹង​កាន់តែ​ច្បាស់​ពី​ប្រវត្តិ​ឈ្មោះ ឆក់​ឈើ​នាង​នេះ​ភ្នាក់ងារ​កោះសន្តិភាព​បាន​ជួប​សម្ភាសន៍​លោក​ផា​ន់ មឿ​ក អាយុ​៦០​ឆ្នាំ មុខរបរ​ពេទ្យសត្វ មាន​ទីលំនៅ​ក្នុងភូមិ​សាំង​ដំរី ជាប់​និង​ភូមិ​ឆក់​ឈើ​នាង​នោះ​ដែរ ដោយ​លោក​បាន​ប្រាប់​ថា លោក​ក៏​មិន​បាន​កើត​ទាន់សម័យ​កាលនោះ​ទេ ។ ប៉ុន្តែ​លោក​បាន​ចេះ​ចាំ និង​ដឹង​រឿង​នេះ​ខ្លះ​ៗ​ទៅ​តាម​រយៈ​ការ​និទាន ប្រាប់​ពី​ជីតា​របស់​លោក​ក៏​ដូច​ជា​ព្រះ​គ្រូ​ចៅអធិការ​សុខ ស៊ុន ដែល​ទើប​សុគត​៣​ឆ្នាំ​មុន​រួម​និង​គណៈកម្មការ​អាចារ្យវត្ត​ដំណាល​ប្រាប់​ជា​រឿយ​ៗ​មក​ថា ឈ្មោះ​ឆក់​ឈើ​នាង​នេះ គឺ​មាន​ប្រវត្តិ​រឿង​ពាក់ព័ន្ធ​ទៅ និង​បុត្រី​ព្រះមហាក្សត្រ​ខ្មែរ​នា​សម័យកាល​លង្វែក ប៉ុន្តែ​មិនដឹង​ថា ជា​ស្ដេច​អង្គ​ណា ហើយ​ព្រះ​នាង​មាន​នាម​អ្វី​ពិតប្រាកដ​នោះ​ឡើយ ។

ម្យ៉ាងទៀត​ក្រៅពី​ភូមិ​ឆក់​ឈើ​នាង​ក៏​នៅ​មាន​ភូមិ​សាំង​ដំរី និង​វត្ត​អង្គ​ប្រាសាទ​ធ្លាយ​ដែល​បច្ចុប្បន្ន​ប្ដូរ​មក​ជា​វត្ត​អង្គ​ប្រាសាទ​មាន​ជ័យ​ដែល​ស្ថិត​នៅ​ជាប់​ៗ​គ្នា​នោះ​មាន​ជាប់​ទាក់ទង​ទៅ​និង​ប្រវត្តិ​នៃ​រឿងនិទាន​ខាងលើ​នេះ​ផង​ដែរ ។ លោក​ផា​ន់ មឿ​ក បាន​ដំណាល​ថា​៖ កាលនោះ​មាន​សង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ​គ្នា​ឯង​មិនមែន​រវាង​ខ្មែរ និង​សៀម​នោះ​ទេ ហើយ​មាន​ព្រះរាជ​បុត្រី​១​អង្គ​បាន​រត់​ភៀស​ព្រះ​កាយ​ពី​ការ​តាម​កាប់សម្លាប់​ព្យាបាទ​ពី​កងទ័ព​របស់​គាត់​ត្រូវ​របស់​រាជវង្ស​ព្រះ​នាង ។

ដោយ​ព្រះ​នាង​បាន​រត់​តាម​ផ្លូវ​ដែល​មានព្រៃ​ក្រាស់ និង​មាន​ដើមឈើ​នាង​នៅ​អម​សង្ខាង​ផ្លូវ​នោះ​ផង​ដែរ ពេល​នោះ​កងទ័ព​សត្រូវ​បាន​ដេញ​តាម​ទាន់​ព្រះ​នាង​ត្រង់​ចំណុច​វត្ត​ឆក់​ឈើ​នាង​សព្វថ្ងៃ ។ គ្រានោះ​កងទ័ព​ដែល​ដេញ​តាម​បម្រុង​ចាប់​ព្រះ​នាង ប៉ុន្តែ​ត្រូវ​បាន​កងទ័ព​ដែល​ស្មោះត្រង់ និង​ព្រះ​នាង​ស្ទុះ​ទៅ​ឆក់​ព្រះ​ហ​ស្ថ​ព្រះ​នាង (​ឆក់​ដៃ​) ឡើង​ជិះ​លើ​ខ្នង​សេះ​រួច​បំផាយ​គេច​ព្រះ​កាយ​ទាន់​ពេលវេលា ។ ហើយ​គ្រានោះ​ដែរ​កងទ័ព​ទាំង​សងខាង​មិន​បាន​ប្រយុទ្ធ​គ្នា​នៅ​ទីនោះ​ទេ ហើយ​ទ័ព​សត្រូវ​បាន​សម្រាក​ត្រឹមនោះ ចំណែក​ព្រះ​នាង​បាន​គេច​ព្រះ​កាយ​ដោយ​សុវត្ថិភាព ។ ច្រក​ផ្លូវ​ដែល​ព្រះ​នាង​រត់គេច​ព្រះ​កាយ​នេះ​ហើយ ដែល​ត្រូវ​បាន​អ្នកស្រុក​ហៅ​ថា​«​ច្រក​នាង​» គឺ​ស​ម្ដៅ​ផ្លូវ​ដែល​ព្រះ​នាង​រត់​ឆ្លងកាត់ ប៉ុន្តែ​ក្រោយ​ៗ​មក​ពាក្យ​ច្រក​នាង​នេះ​បាន​ក្លាយទៅជា «​ឆក់​ឈើ​នាង​» វិញ​រហូត​មក​ដល់​សព្វថ្ងៃ​ដែល​ពាក្យ «​ឆក់​» គឺ​សំដៅ​ទៅ​លើ​ការ​ដែល​កងទ័ព​ឆក់​ព្រះ​ហ​ស្ថ​ព្រះ​នាង​ឡើង​ខ្នង​សេះ​គេច​ព្រះ​កាយ និង​ពាក្យ រីឯ​ពាក្យ​ថា «​ឈើ​នាង​» គឺ​សំដៅលើ​ដើមឈើ​នាង​ដុះ​ក្នុង​ព្រៃ​អម​ផ្លូវ និង​តួអង្គ​ព្រះ​នាង​ផង​ដែរ ។

បន្ទាប់​មក​អ្នកស្រុក​បាន​ដាក់​ឈ្មោះ​ភូមិ ឃុំ របស់​ខ្លួន​តាម​នោះ​ឯង ហើយ​កាលពី​សម័យ​បារាំង​ដាក់​អាណានិគម​អ្នកស្រុក​បាន​ធ្វើ​ផ្ទះ​នៅ​រកេតរកូត​ត្រង់នេះ​១​ត្រង់នោះ​១ ហើយដោយ​សារ​តែ​សម័យ​នោះ​មាន​ចោរប្លន់​ច្រើន​ទើប​បារាំង​ប្រមូល​ឲ្យ​មក​រស់នៅ​ជុំ​ជិត​គ្នា​រហូត​ដល់​សព្វថ្ងៃ ។ មិនតែប៉ុណ្ណោះ​វត្ត​មួយ​ដែល​បាន​កសាង​ឡើង​តាំងពី​សម័យកាល​លង្វែក​មក​នោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា វត្ត​«​ច្រក​នាង​»​ដែរ លុះ​ពេល​ក្រោយមក​ក៏​បាន​ដូរ​ដាក់​ឈ្មោះ​តាម​ពាក្យ​ក្លាយ​ឆក់​ឈើ​ង​នាង​នេះ​វិញ ។

ហើយ​ក៏​មាន​អក្សរ​ចារឹក​លើ​ដុំ​សិលា​ដែល​ជា​ឫស​សីមា ហើយ​ត្រូវ​បាន​ខ្មែរក្រហម​គាស់​រំលើង​នោះ​បាន​បញ្ជាក់​ពី​ឈ្មោះ​វត្តថា «​វត្ត​ច្រក​នាង​» និង​កសាង​ឡើង​នា​ឆ្នាំ​១៥០០ ជាង ដោយ​ព្រះ​គ្រូ​ចៅអធិការ​នាម «​បាឡាត់​»​ដែល​ស្រករ​ទៅ​និង​វត្ត​ភ្នៀ​ត​សិម្ពលី​នៅ​សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ដែរ ។ ហើយ​លោក និង​គណៈកម្មការ​អាចារ្យវត្ត​សុទ្ធតែ​ធ្លាប់​បានឃើញ​ដុំ​ឫស​សីមា ដែល​មាន​ច​រឹក​អក្ស​បុរាណ​នោះ​យ៉ាង​ច្បាស់ ប៉ុន្តែ​លោក​មិន​បាន​ចាំ​ថា​វត្ត​នេះ​កសាង​ឡើង​នៅ​ឆ្នាំ​១៥០០​ប៉ុន្មាន​ឡើយ ។ ព្រោះ​ដុំ​សិលា​នោះ​ត្រូវ​បាន​បញ្ចុះ​ជាមួយ និង​សីមា​ព្រះ​វិហារ​ថ្មី​កាលពី​អំឡុង​ឆ្នាំ​១៩៩៦​បាត់​ទៅ​ហើយ ម្យ៉ាងទៀត​បើ​គិត​រហូត​មក​ទល់ និង​ពេល​នេះ​វត្ត​ខាងលើ​មាន​ព្រះ​ចៅអធិការ​១៦​ជំនាន់​មក​ហើយ ។ នឹង​ផ្សាយ​ជូន​នៅ​វគ្គ​បន្ត​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ