ខេត្តសៀមរាប ៖ ចាត់ទុកជាកំពូលស្នាដៃដ៏ល្អឯកមួយនៃការត្បាញកន្ទេលផ្អាវដែលមានលក្ខណៈសិល្បៈរស់រវើករបស់លោកយាយវ័យ ចំណាស់មួយរូបដែលមហាជនកំពុងផ្តោតការចាប់អារម្មណ៍ជាខ្លាំង ។ ស្ថិតក្នុងសម្លៀកបំពាក់សំពត់ចងក្បិន ពណ៌ក្រហម អាវក្រណាត់ស បង់កក្រមាយ៉ាងស្រស់ស្អាត លោកយាយកំពុងតែត្បាញកន្ទេលយ៉ាងស្ទាតជំនាញ ខណៈនៅខាងក្រោយខ្នងលោកយាយ យើងឃើញមានស្នាដៃសិល្បៈខ្មែរជាច្រើន ដែលត្បាញចេញជារូបព្រះឥន្ទ្រ និងរូបទេពធីតាជាដើម ធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ពីមហាជនជាខ្លាំង ។
អ្វីដែលកាន់តែពិសេសនោះ ពេលដឹងការពិត គឺលោកយាយជានារីតម្បាញមួយដ៏មានភាពប៉ិនប្រសព្វ។ ចំពោះសិល្បៈទាំងអស់នេះ ពិតជាសិល្បៈដ៏ទាក់ទាញរបស់ខ្មែរ ដោយលោកយាយផ្ទាល់ ដែលជាធនធានដ៏មានតម្លៃរបស់ខ្មែរបាន និងកំពុងរួមចំណែកដ៏ធំក្នុងធ្វើសិប្បកម្មតម្បាញមួយនេះ ដែលបានបង្ហាញអោយក្មេងៗជំនាន់ក្រោយបានដឹង បានស្គាល់ នូវអ្វីទៅជារបស់ខ្មែរ និងគុណតម្លៃមិនអាចកាត់ថ្លៃបាននៃសិល្បៈច្នៃបង្កើតរបស់ដូនតាយើង ។
តាមរយៈបទសម្ភាសន៍ ជាមួយសារព័ត៌មានកោះសន្តិភាព អ្នកនាង ទាង លី តំណាងហាងបាលិលេយ្យដែលគាំទ្រស្នាដៃសមិទ្ធផលធ្វើដោយសិប្បករខ្មែរបានថ្លែងឱ្យដឹងថា លោកយាយដែលបងប្អូនយើងកំពុងចាប់អារម្មណ៍នោះមានឈ្មោះថា នាម វឿន ដោយលោកយាយជាអ្នកត្បាញកន្ទេលផ្អាវ ។ លោកយាយ នាម វឿន ប្រកបរបរត្បាញកន្ទេលផ្អាវយូរយារណាស់មកហើយ ដោយធ្វើលក្ខណៈគ្រួសារតពីដូនតា ។
លោកយាយ នាន វឿន ដែលបច្ចុប្បន្នមានវ័យ៦៩ឆ្នាំ គឺចេះជំនាញនៃការត្បាញតពីជំនាន់ ពោល គឺលោកយាយរៀនសូត្រពីឪពុកពីម្តាយ ដូនតារបស់លោកយាយផ្ទាល់ ។ ទោះស្ថិតក្នុងវ័យជិត៧០ឆ្នាំក្តី លោកយាយនៅតែស្រលាញ់សិល្បៈត្បាញ ហើយលោកយាយនៅអាចត្បាញបាន ។ មួយវិញទៀត ជំនាញនៃការត្បាញកន្ទេលផ្អាវ ក្មេងៗជំនាន់ក្រោយនេះ កម្រចេះត្បាញណាស់ ហើយខ្លះក៏អាចនឹងពុំសូវស្គាល់ចំពោះកន្ទេលផ្អាវរបស់អ្នកខេត្តសៀមរាបនេះតែម្តង ។
លោកយាយ នាម វឿន ដែលមានស្រុកកំណើតនៅភូមិលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាបនេះ លោកយាយនៅតែប្រកាន់ភ្ជាប់អ្វីជារបស់ដូនតាខ្មែរបានបន្សល់ សូម្បីតែសម្លៀកបំបាក់ដែលលោកយាយស្លៀកនេះសុទ្ធតែមាននៅក្នុងភូមិស្រុកលោកយាយផ្ទាល់ ដោយការចងក្បិន អាវស និងក្រមាព័ទ្ធឈៀង ។
អ្នកនាង ទាង លី បានបន្ថែមថា បាលិលេយ្យជួយគាំទ្រលើកស្ទួយសមិទ្ធផលធ្វើដោយសិល្បករខ្មែរក្នុងនោះមានដូចជា កាបូប ក្រមា និងកន្ទេល និងរបស់ផ្សេងៗទៀតដែលខាងហាងបាលិលេយ្យគាំទ្រនូវស្នាដៃពួកគាត់ដែលខាងសហគមន៍បានធ្វើដោយកម្លាំងកាយចិត្ត និងការផ្ចិតផ្ចង់ ក៏ដូចជា លើកកម្ពស់ផលិតខ្មែរក្នុងស្រុក ។
អ្នកនាង ទាង លី បន្តថា ចំពោះកន្ទេលផ្អាវដែលលោកយាយបានត្បាញនេះ លោកយាយអាចលក់បានចន្លោះពី៥ម៉ឺនរៀល ទៅ១០ម៉ឺនរៀល ដែលជួយសម្រាលដល់ការរស់នៅរបស់លោកយាយមួយចំណែកផងដែរ ។ គួរបញ្ជាក់ដែរថា រាល់សកម្មភាពទាំងអស់នេះ ជាការតាំងពិពណ៌បង្ហាញស្នាដៃសិប្បកររបស់ខ្មែរ នៅក្នុងកម្មវិធីបុណ្យទន្លេកាលពីកន្លងទៅ ដែលជាការលើកស្ទួយដល់ស្នាដៃកូនខ្មែរ ៕ ដោយ៖លីហួ គីមឆាយ
ចែករំលែកព័តមាននេះ