រាជធានីភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អង្គការយូណេស្កូ (UNESCO) និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (CADT) នៅថ្ងៃទី ៦ ខែធ្នូនេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់អនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៉ីនធឺណិតនៅកម្ពុជា ។ អនុសាសន៍នេះត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សាដោយប្រើប្រាស់ សូចនាករសកលនៃអ៉ីនធឺណិត (ROAM-X) របស់អង្គការយូណេស្កូ ។

ថ្លែងក្នុងពិធីនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ៖ ការវាយតម្លៃដោយប្រើសូចនាករ ROAM-X គឺជា «ការឆ្លុះកញ្ចក់» មើលខ្លួនឯងយ៉ាងច្បាស់លាស់ អំពីស្ថានភាពពិតនៃប្រព័ន្ធអ៉ីនធឺណិតនៅកម្ពុជា ដែលផ្អែកលើស្តង់ដារអន្តរជាតិសំខាន់ៗ ដូចជា សិទ្ធិ (Rights), ការបើកទូលាយ (Openness), ការដែលអាចប្រើប្រាស់បាន (Accessibility), ការចូលរួមពហុភាគី (Multi-stakeholder), និងលក្ខណៈអន្តរវិស័យនៃបច្ចេកវិទ្យាឌីជីថល (Cross-cutting) ។

អនុសាសន៍ដែលចេញពីរបាយការណ៍នេះ បានក្លាយជាធាតុចូលដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងតម្រង់ទិសការអនុវត្ត «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥» ឱ្យកាន់តែមានប្រសិទ្ធភាព និងបរិយាបន្ន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ