ប្រទេសថៃ ៖ ករណីដ៏ហួសចិត្តនៅប្រទេសថៃ ដែលដឹកសពទៅកាន់ស្ថានីយប្រេងឥន្ធនៈ ដើម្បីបញ្ជាក់ប្រាប់បុគ្គលិកស្ថានីយថា ទិញប្រេងសម្រាប់បូជាសព មិនមែនយកទៅលក់បន្តនៅលើទីផ្សារងងឹតនោះ កំពុងក្លាយជាប្រធានបទក្តៅ និងការវែកញែកលើបណ្តាញទំនាក់ទំនងសង្គម កាលពីចុងសប្តាហ៍មុន ចំពេលប្រទេសនេះ កំពុងជួបវិបត្តិលើការផ្គត់ផ្គង់ប្រេងឥន្ធនៈធ្ងន់ធ្ងរ។ នេះបើតាមប្រភពពី South China Morning Post, New Straits Times និង Mothership ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។
បច្ចុប្បន្នប្រជាជនថៃត្រូវបានជំរុញឱ្យប្រើប្រាស់ថាមពលសន្សំសំចៃខ្ពស់ ដ្បិតសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នទៅកាន់តំបន់អាស៊ីភាគច្រើន។ បើទោះជានាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល (Anutin Charnvirakul) បានទទូចថាមានប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់រយៈពេលជាង៣ខែ ដោយរោងចក្រចម្រាញ់របស់ប្រទេសនេះ កំពុងដំណើរការក្នុងសមត្ថភាពអតិបរមា ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃក៏ដោយ ក៏ការទិញដោយភ័យស្លន់ស្លោ ការស្តុកទុក និងការដំឡើងថ្លៃបានបង្កឱ្យមានការខ្វះខាត និងការកំណត់ប្រចាំថ្ងៃលើការបំពេញប្រេងនៅស្ថានីយប្រេងឥន្ធនៈជាច្រើននៅទូទាំងប្រទេស។
ជាក់ស្តែង ករណីដ៏ហួសចិត្តមួយបានកើតឡើង និងក្លាយទៅជាប្រធានបទដ៏ក្តៅលើបណ្តាញសង្គម បន្ទាប់ពីបុរសអ្នករៀបចំពិធីបុណ្យសពម្នាក់នៅវត្តមួយកន្លែងក្នុងទីក្រុងបានបឿង (Ban Bueng) ស្រុកបានបឿង ខេត្តឈុនបូរី (Chonburi) ភាគខាងកើតប្រទេសថៃ ខកចិត្តយ៉ាងខ្លាំង ដោយបានដឹកមឈូសមានសពទៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង ដើម្បីបញ្ជាក់ប្រាក់បុគ្កលិកថា គាត់ទិញប្រេងម៉ាស៊ូតសម្រាប់បូជាសព មិនមែនទិញស្តុកទុកលក់បន្តនោះទេ។
កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថា លោក ព្រីឆា (Preecha) អាយុ៤៨ឆ្នាំ បានផ្សាយផ្ទាល់លើគណនីហ្វេសប៊ុក (Facebook Live) ដើម្បីកត់ត្រារឿងដ៏ហួសចិត្ត បន្ទាប់ពីបុគ្គលិកស្ថានីយប្រេងក្នុងស្រុកមួយបានបដិសេធមិនព្រមចាក់ប្រេងម៉ាសូតចូលប៊ីដុងរបស់គាត់ ដោយលើកឡើងពីច្បាប់កម្រិតលើការប្រើប្រាស់ដ៏តឹងរ៉ឹង បើទោះបីជាគាត់ខំពន្យល់ថា ប្រេងនោះត្រូវការចាំបាច់សម្រាប់បូជាសពយ៉ាងណាក៏ដោយ។
លោក ព្រីឆា បានអះអាងដូច្នេះថា «ខ្ញុំប្រាប់ពួកគេថា ទិញសម្រាប់យកទៅបូជាសព ប៉ុន្តែពួកគេមិនព្រមលក់ឱ្យ»។ ជាមួយគ្នានោះ លោកក៏បានត្រឡប់ទៅស្ថានីយនោះវិញនៅព្រឹកថ្ងៃបន្ទាប់ ដោយលើកនេះ ដឹកទាំងសពនៅក្នុងមឈូសដាក់លើឡានដឹកទំនិញ រួមជាមួយប៊ីដុងសាំងទទេ ៣ ចំណុះ ១៨ លីត្រ នៅពេលចតឡានរួច ក៏បើកមឈូសបង្ហាញសព ក៏ដូចជាភាពបន្ទាន់នៃសំណើរបស់គាត់ទៅបុគ្គលិកស្ថានីយប្រេង។ ភា្លមៗបុគ្គលិកម្នាក់បានដើរទៅពិគ្រោះជាមួយអ្នកគ្រប់គ្រង មុនពេលយល់ព្រមលក់ប្រេងឱ្យ។
សូមជម្រាបថា បច្ឆាបូជាសព ដែលពីមុនពឹងផ្អែកលើធ្យូងនោះ បច្ចុប្បន្នត្រូវបានធ្វើឱ្យកាន់ប្រសើរឡើងទៅជាប្រព័ន្ធអគ្គិសនី ដែលដំណើរការដោយប្រេងម៉ាស៊ូត។ លោក ព្រីឆា បានបន្ថែមថា លោកបានទិញប្រេងម៉ាសូតចាក់ចូលប៊ីដុងពីស្ថានីយដូចគ្នានេះអស់ពេលជាច្រើនឆ្នាំមកហើយ ដោយគ្មានបញ្ហាសោះ ខណៈដែលនេះជាលើកដំបូងដែលលោកត្រូវធ្វើអ្វីមួយដែលមិនធ្លាប់ធ្វើទាល់តែសោះបែបនេះពីមុន៕
ចែករំលែកព័តមាននេះ