រាជធានីភ្នំពេញ ៖ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សហព័ន្ធសហជីព ដែលជំនួបទៀងទាត់ប្រចាំខែនេះ មានគោលដៅពង្រឹងភាពជាដៃគូ ដើម្បីរួមគ្នាពិនិត្យ និងដោះស្រាយរាល់បញ្ហា ក៏ដូចជាក្តាប់នូវបញ្ហាប្រឈម និងវិវាទការងារផ្សេងៗរបស់បងប្អូនកម្មករ និយោជិតនៅកន្លែងធ្វើការ ។

លោករដ្ឋលេខាធិការ បានកោតសរសើរ ចំពោះការចូលរួមរបស់សហជីពទាំង ក្នុងសកម្មភាពការងារ និងទាំងកិច្ចការសង្គម ។ ទន្ទឹមនេះ លោកក៏បានជំរុញយ៉ាងមុតមាំ ឱ្យប្រធានសហព័ន្ធសហជីព ខិតខំពង្រឹងតួនាទី និងធ្វើការឱ្យបានជិតស្និទ្ធជាមួយសហជីពមូលដ្ឋាន ដើម្បីរាយការណ៍នូវបញ្ហានានាតាមរោងចក្រ សហគ្រាសមកកាន់ក្រសួងឱ្យបានទាន់ពេលវេលា សម្រាប់កិច្ចអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព ។

ជាការផ្តាំផ្ញើ លោក ងុយ រិទ្ធ ស្នើឱ្យសហជីពមូលដ្ឋានទាំងអស់ ពង្រឹងសមត្ថភាព និងកសាងនូវការជឿទុកចិត្តពីកម្មករ ខណៈក្រសួងបានត្រៀមនូវគ្រប់មធ្យោបាយទំនាក់ទំនង សម្រាប់ទទួលព័ត៌មាន និងបណ្តឹងដូចជា ប្រអប់បណ្តឹងអនាមិក ប្រព័ន្ធតេឡេក្រាម លេខទូរសព្ទមន្ត្រី លេខ Hotline ១២៨៦ ក្នុងគោលដៅសំខាន់នោះគឺ ចៀសវាងឱ្យបាននូវការតវ៉ាខុសនីតិវិធី ឬបិទផ្លូវសាធារណៈ ដែលជាអំពើល្មើសច្បាប់ ដោយត្រូវទុកចិត្តលើយន្តការសម្របសម្រួលដោះស្រាយរបស់ក្រសួង តាមរយៈមន្ត្រីអធិការកិច្ចការងារ ។

ជាមួយគ្នានេះដែរក្នុងនាមក្រសួង លោក ងុយ រិទ្ធ បានណែនាំដល់ថ្នាក់ដឹកនាំសហព័ន្ធសហជីពទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាព ដើម្បីចូលរួមចំណែកជួយការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ហើយអនុវត្តឱ្យបានត្រឹមត្រូវទៅតាមនីតិវិធីជាធរមាន ក្នុងការស្វែងរកការផ្សះផ្សាដោះស្រាយវិវាទ ប្រកបដោយតម្លាភាព វិជ្ជាជីវៈហើយសមាជិកសហជីពអាចទទួលបាននូវការការពារប្រកបដោយតម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ៕ អត្ថបទសហការ






ចែករំលែកព័តមាននេះ