រាជធានីភ្នំពេញ ៖ ថ្លែងក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ៖ «ក្រៅពីនិស្សិតដែលកំពុងសិក្សាជំនាញ ក្រសួងក៏បានរៀបចំវគ្គបណ្តុះបណ្តាល ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ១៣,០០០ នាក់រួចហើយ» ។

ឯកឧត្តម រដ្ឋមន្ត្រី បន្តថា បន្ថែមលើនេះ ក្រសួងក៏បានទទួលការអនុញ្ញាតឱ្យបង្កើតកម្មវិធី អភិវឌ្ឍន៍ជំនាញឌីជីថល ដែលជាកម្មវិធីផ្តល់ជំនួយហិរញ្ញវត្ថុដោយគ្មានការប្រាក់ សម្រាប់សិស្សដែលពុំទទួលបានអាហារូបករណ៍ ឬសិស្សដែលពុំមានលទ្ធភាពហិរញ្ញវត្ថុ ប៉ុន្តែមានបំណងចង់សិក្សាជំនាញឌីជីថលនៅកម្រិតឧត្តមសិក្សាផងដែរ ។

សូមជម្រាបថា សិស្ស និងមន្ត្រីរាជការប្រហែល ១,៦៥០ នាក់ជាងបានកំពុងទទួលការបណ្តុះបណ្តាលជំនាញឌីជីថលដើម្បីពង្រឹងសមត្ថភាព និងបង្កើនជំនាញបន្ថែមឱ្យសមស្របគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងនោះ សិស្សពូកែដែលទទួលបាននិទ្ទេស A, B និង C ចំនួនជាង ៣,៥០០ នាក់ កំពុងទទួលអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រជំនាញឌីជីថលនៅគ្រឹះស្ថានឧត្តមសិក្សា ដែលជាដៃគូរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

ឯកឧត្តម ជា វ៉ាន់ដេត បានបន្ថែមថា ៖ «ក្រៅពីការបណ្តុះបណ្តាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏យកចិត្តទុកដាក់លើការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើដល់ការអប់រំ ដូចជា ការអនុវត្តសាកល្បងថ្នាក់រៀនឌីជីថល នៅសាលាបឋមសិក្សា គោលដៅចំនួន ៦០ ការអនុវត្តសាកល្បង គម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈ ការផ្តល់ជូនមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូ ការជួយគាំទ្រដល់ការងារបរិវត្តកម្មឌីជីថលរបស់ក្រសួងអប់រំ យុវជន និងកីឡា ការជួយពិនិត្យនិងកែលម្អកម្មវិធីសិក្សាជំនាញឌីជីថលនៅកម្រិតឧត្តមសិក្សា ព្រមទាំងការធ្វើ យុទ្ធនាការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងឌីជីថល តាមមធ្យោបាយនានា» ។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ផងដែរថា ជាគោលដៅដែលបានកំណត់នៅក្នុងផែនទីបង្ហាញផ្លូវជំនាញឌីជីថល ក្រសួងនឹងជំរុញការបណ្តុះបណ្តាល ធនធានមនុស្សជំនាញឌីជីថល ឱ្យបានយ៉ាងតិច ១០ម៉ឺននាក់ ក្នុងរយៈពេល ១០ឆ្នាំ ។

គួររំលឹកផងដែរថា កម្ពុជានឹងមានសួនឌីជីថល (Digital Hub) លើកដំបូងលើផ្ទៃដីប្រមាណ ១០០ហិកតា ក្នុងគោលដៅប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលឌីជីថល ។ សួននេះនឹងជួយជំរុញ ដល់ការធ្វើបរិវត្តកម្ម សហគ្រិនភាព នវានុវត្តន៍ និងការបណ្តុះបណ្តាលជំនាញ ក្នុងវិស័យឌីជីថល សំដៅគាំទ្រដល់ធុរកិច្ចថ្មី ការធ្វើទំនើបកម្មការអប់រំ ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យដ៏សម្បូរបែប និងការទាក់ទាញក្រុមហ៊ុនវិនិយោគ ជាពិសេស ការបង្កើតជាប្រព័ន្ធអេកូឡូស៊ីមួយដែលផ្សារភ្ជាប់ការអប់រំបណ្តុះ បណ្តាលជំនាញទៅនឹងឧស្សាហកម្ម ក្នុងវិស័យឌីជីថល ។

ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ជាថ្មីម្តងទៀតថា ៖ «ជាចក្ខុវិស័យរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺប្រែក្លាយកម្ពុជា ជាបណ្តើរៗ ឱ្យទៅជាប្រទេសដែលពុំនិយមប្រើប្រាស់ក្រដាសបន្តទៀត ដោយឈរលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលប្រជាពលរដ្ឋមានទំនុកចិត្ត ព្រមទាំងអាចលើកតម្កើងតួនាទី របស់កម្ពុជាលើឆាកអន្តរជាតិ» ៕ អត្ថបទសហការ







ចែករំលែកព័តមាននេះ