ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្គាប់ចិត្តអូន! Travis Kelce ចាយជិត១០លានដុល្លារ តាំងពីមានស្នេហាជាមួយ Taylor Swift

1 ខែ មុន

សហរដ្ឋអាម៉េរិក ៖ អ្នកជំនាញបានប៉ាន់ប្រមាណថា លោក Travis Kelce កីឡាករឆ្នើមបាល់ឱបថ្នាក់

សហរដ្ឋអាម៉េរិក ៖ អ្នកជំនាញបានប៉ាន់ប្រមាណថា លោក Travis Kelce កីឡាករឆ្នើមបាល់ឱបថ្នាក់ជាតិអាម៉េរិក NFL របស់ក្លិប Kansas City Chiefs បានចំណាយប្រាក់ហោប៉ៅខ្លួនឯងយ៉ាងតិច ៨.២លានដុល្លារអាម៉េរិក ចាប់តាំងពីមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងដ៏ល្បីរបស់អាម៉េរិក កញ្ញា Taylor Swift រយៈពេលជិត៧ខែកន្លងមកនេះ ដោយគ្របដណ្ដប់លើការចំណាយដូចជា ការហោះហើរដោយយន្តហោះឯកជន រួមនឹងកាដូតម្លៃថ្លៃជាច្រើនផ្សេងទៀតផងដែរ។

របាយការណ៍ពីកាសែត New York Post គូសបញ្ជាក់ថា អ្នកទាំងពីរបានចំណាយប្រាក់រួមគ្នាទិញលំនៅដ្ឋានប្រណីតតម្លៃ ៦លានដុល្លារ ដែលមានទីតាំងនៅក្នុងទីក្រុងឡេវូដ (Leawood) រដ្ឋកាន់សាស Kansas សម្រាប់ឯកជនភាពពួកគេ។ លំនៅដ្ឋានដ៏ប្រណីតនោះមានទំហំជាង១,៥៨០ម៉ែត្រការ៉េ នៅក្នុងតំបន់ដ៏សម្បូរបែបបំផុតរបស់សហរដ្ឋអាម៉េរិក ដោយបានបំពាក់ដោយគ្រឿងបរិក្ខារប្រណិតៗ ដូចជា អាងហែលទឹកដ៏ធំទូលាយ ហើយក៏មានទីលានវាយកូនបាល់ និងទីលានវាយកូនហ្គោលខ្នាតតូចផងដែរ។

កីឡាករ Travis Kelce ក៏បានបែងចែកប្រាក់ជាង ១.២លានដុល្លារ សម្រាប់ការធ្វើដំណើរតាមយន្តហោះឯកជនទៅកាន់ប្រទេសអាហ្សង់ទីន អូស្ត្រាលី និងសិង្ហបុរី ដើម្បីអមដំណើរ Taylor Swift អំឡុងពេលការប្រគំតន្ត្រីទេសចរណ៍ «The Eras Tour» របស់នាង។ ការធ្វើដំណើររបស់ Travis Kelce ទៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី សម្រាប់ការសម្ដែង Taylor Swift កាលពីចុងខែកុម្ភៈកន្លងទៅ ត្រូវបានរាយការណ៍ថាបានចំណាយប្រហែល៣៤ម៉ឺនដុល្លារ។ ចំណែកការធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីជួបមិត្តស្រីសំណព្វចិត្ត កាលពីដើមខែមីនានេះ Travis Kelce បានចំណាយជិត៥៧ម៉ឺនដុល្លារឯណោះ។

ប្រភពជាច្រើនរាយការណ៍ថា Travis Kelce បានចំណាយ ១លានដុល្លារ សម្រាប់ការនាំ Taylor Swift ក្រុមគ្រួសាររបស់នាង រួមជាមួយមិត្តភក្តិ និងសមាជិកគ្រួសាររបស់ Travis Kelce ផ្ទាល់ចូលទស្សនាការប្រកួតបាល់ឱបថ្នាក់ជាតិអាម៉េរិក Super Bowl កាលពីខែកុម្ភៈកន្លងទៅ។ លើសពីនេះទៀត កាដូតម្លៃថ្លៃរបស់ Travis Kelce ជូនដល់ Taylor Swift រួមមានការប្រារព្ធពិធីដ៏ពិសេសចំថ្ងៃទិវានៃក្ដីស្រឡាញ់ ជាមួយនឹងការរៀបចំផ្កាកុលាប Eternity Roses តម្លៃ ២,១៩៩ដុល្លារ ពីហាងដ៏ល្បី Venus et Fleur និងមួយភួងទៀតមានតម្លៃ ២,១០០ដុល្លារ និងរូបផ្កាកុលាបធ្វើពីមាស២៤ការ៉ាត់ រចនាដោយក្រុមហ៊ុនដ៏ប្រណិត Perigold ដែលមានតម្លៃ ៣,០២០ដុល្លារផងដែរ។

កាដូដ៏មានតម្លៃផ្សេងទៀត ដែលត្រូវបានរាយការណ៍ដោយកាសែត The Sun រួមមាន មួក Lambskin Dior beret ពណ៌ខ្មៅតម្លៃ ១,០៥០ដុល្លារ, កាបូប Bottega Veneta តម្លៃ ៥,១០០ដុល្លារ, មួកចំបើង Celine តម្លៃ ១,១០០ដុល្លារ ហើយនិងកន្សែងម៉ាក Hermès Chevaux Dechaines មានតម្លៃ ១,៣០០ដុល្លារ។

កីឡាករ Travis Kelce ក៏បានទិញខ្សែដៃគូស្នេហ៍ ដែលតុបតែងដោយអក្សរកាត់ថា «TNT» នៅក្នុងអង្កាំមាសពណ៌លឿងដែលរុំព័ទ្ធដោយត្បូងពេជ្រសម្រាប់ Taylor Swift កាលពីខែកុម្ភៈកន្លងទៅ ដោយខ្សែដៃផលិតដោយដៃនេះ ដែលចំណាយពេល៣ថ្ងៃសម្រាប់ការរចនាមានតម្លៃ ៦,៣៦០ដុល្លារ។

ស្ថិតនៅវ័យ៣៤ឆ្នាំ Travis Kelce បានបង្ហាញលេចធ្លោយ៉ាងខ្លាំងសម្រាប់ក្រុមបាល់ឱប Kansas City Chiefs ដោយបានបំបែកកំណត់ត្រាក្របខណ្ឌកំពូល NFL ជាច្រើននៅក្នុងអាជីពរបស់គាត់។ មុនពេលទំនាក់ទំនងស្នេហាជាមួយ Taylor Swift កាលពីខែកញ្ញា ឆ្នាំមុន Travis Kelce មានទំនាក់ទំនងស្នេហារយៈពេល៥ឆ្នាំជាមួយតារាម៉ូដែលអាម៉េរិក Kayla Nicole ដែលបញ្ចប់ កាលពីខែឧសភា ឆ្នាំ២០២២។

ងាកមកតារាចម្រៀងដ៏ល្បី Taylor Swift ឯណោះវិញ ដែលស្ថិតនៅវ័យ៣៤ឆ្នាំ បាននិងកំពុងបន្តទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងទូទាំងពិភពលោក ជាមួយនឹងបទចម្រៀងជាបន្តបន្ទាប់របស់នាង ជាមួយនឹងអាល់ប៊ុមចម្រៀងចំនួន១៤អាល់ប៊ុម រួមទាំងការថតឡើងវិញចំនួន៤អាល់ប៊ុម ដែលត្រូវបានហៅថា Taylor’s Version។

នៅឆ្នាំ ២០២៣ ទស្សនាវដ្តី Time របស់សហរដ្ឋអាម៉េរិកបានដាក់ Taylor Swift គឺជាបុគ្គលឆ្នើមប្រចាំឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ Taylor Swift បានបង្កើតប្រវត្តិសាស្ត្រសម្រាប់កម្មវិធី Grammy Awards កាលពីដើមឆ្នាំនេះ ដោយឈ្នះពានរង្វាន់អាល់ប៊ុមល្អបំផុតប្រចាំឆ្នាំលើកទី៤ សម្រាប់អាល់ប៊ុម «Midnights» ដោយបង្កើតកំណត់ត្រាសម្រាប់ជ័យជម្នះច្រើនបំផុតសម្រាប់ពានរង្វាន់នេះ។

បើយោងតាមទស្សនាវដ្ដីពាណិជ្ជកម្មអាម៉េរិក Forbes ប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិសរុបរបស់ Taylor Swift មានចំនួន ១.១ពាន់លានដុល្លារអាម៉េរិក ដែលជាតួលេខមួយត្រូវបានជំរុញយ៉ាងខ្លាំងដោយភាពជោគជ័យនៃការប្រគំតន្ត្រីទេសចរណ៍ «The Eras Tour» របស់នាង។

ដោយឡែក បើយោងតាមប្រភពពីគេហទំព័រ CelebrityNetWorth បានរាយការណ៍ថា ទ្រព្យសម្បត្តិសុទ្ធរបស់កីឡាករ Travis Kelce មានចំនួន ៥០លានដុល្លារដុល្លារអាម៉េរិក ប៉ុន្តែប្រាក់ថ្លៃពលកម្មប្រចាំឆ្នាំជាមួយក្រុម Kansas City Chiefs ប្រហែល ១៤លានដុល្លារក្នុងមួយឆ្នាំ ដូច្នេះទ្រព្យសម្បត្តិកីឡាកររូបនេះ ទំនងជាបានកើនឡើងច្រើនជាងនេះ កាលពីឆ្នាំមុន៕ (ប្រភព ៖ VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ