ក្បាច់គុនសៅលីងនឹងធ្វើឲ្យទេសចរណ៍ចិនមកលេងស្រុកខ្មែរកាន់តែច្រើន
- សៀមរាប
ភាពរស់រវើកនៃក្បាច់គុនសៅលីង នៅអង្គរវត្តបូកជាមួយគុនល្បុក្កតោ ព្រមទាំងសម្រស់អង្គរវត្តនឹងក្លាយជាកម្លាំងចលករដ៏រឹងមាំមួយ ដើម្បីទាក់ទាញទឹកចិត្តទេសចរចិនមកលេងកម្ពុជាកាន់តែច្រើន ខណ:ដែលមិត្តដែកថែបកម្ពុជា និងចិនកំពុងរួមគ្នាជំរុញទេសចរណ៍ចិនមកកម្ពុជានៅឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន-ប្រជាជន។

ក្បាច់គុណសៅលីញជានិមិត្តរូបមួយរបស់ប្រទេសចិន ហើយប្រជាជនចិនគ្រប់គ្នាស្រឡាញ់ និងគាំទ្រជាខ្លាំង ។ ការសម្តែងដ៏រស់រវើកនៃក្បាច់គុណសៅលីញ និងគុណល្បុក្កតោនៅអង្គរនៅថ្ងៃទី២៤ ខែមេសា ត្រូវបានថតដោយជនជាតិចិន និង កម្ពុជាជាច្រើនដែលចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមិនធ្លាប់មានមួយនេះ ។
រូបថតក្បាច់គុនសៅលីងអមដោយសម្រស់ប្រាសាទអង្គរវត្តផងនោះមុខជានឹងផ្សាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គម Tik Tok របស់ចិន ហើយវានឹងក្លាយជាដែកឆ.ក់បេះដូងប្រជាជនចិនអោយមកទេសចរណ៍នៅកម្ពុជា ។

យោងតាមក្រសួងទេសចរណ៍កម្ពុជាបានអោយដឹងថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ គុនល្បុក្កតោនៃព្រះរាជាណាចក្រកម្ពុជា និងក្បាច់គុនសាវលីញរបស់ប្រទេសចិនបានហាត់សមរួមគ្នា ដើម្បីត្រៀមក្នុងកម្មវិធី «ការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor)» នៃយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» ដែលរៀបចំឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅខេត្តសៀមរាប បរិវេណខាងជើងប្រាសាទបាយ័ន ។
ចំណែកនៅថ្ងៃនេះ គេក៏បានធ្វើការសម្តែងក្បាច់គុនទាំងពីរនេះរួមគ្នា ។ ទិដ្ឋភាពគឺគួរអោយស្ញប់ស្ញែងខ្លាំងណាស់។ ក្នុងពេលរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី មកទស្សនកិច្ចកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក វ៉ាង យី ក៏មានការពិភាក្សាផងដែរអំពីការទាក់ទាញទេសចរណ៍ និងអ្នកវិនិយោគចិនអោយមកកាន់ប្រទេសកម្ពុជា ។


ជាមួយនឹងការសម្តែងក្បាច់គុនសៅលីងនេះ គេរំពឹងថា រូបភាពដ៏ស្រស់ស្អាតនៃការសម្តែងក្បាច់គុនសៅលីង និងល្បុក្កតោ គួរផ្សំនឹងសម្រស់អង្គរវត្តនឹងទាក់ទាញទេសចរណ៍ចិនមកកម្ពុជាកាន់តែច្រើននៅឆ្នាំ២០២៤នេះ ៕





ចែករំលែកព័តមាននេះ