រាជធានីភ្នំពេញ ៖ រហូតមកទល់នាពេលនេះការបោះឆ្នោតដើម្បីជ្រើសរើសប្រធានសមាគមសិល្បករខ្មែរបានខិតជិតមកដល់ហើយ ពោល គឺនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈពេលដែលបេក្ខភាពអ្នកឧកញ៉ា ស្រីតូច ចំណាន អាចនឹងមានភាគរយខ្ពស់ជាងគេ ដែលអាចជាប់នៅក្នុងចំណោមបេក្ខភាពដទៃទៀតដែលសម្រាប់តំណែងមួយនេះ ។
លទ្ធភាពអាចជាប់នេះ គឺដោយសារការមើលឃើញសន្ទះនៃការគាំទ្រច្រើនពីមហាជន ជាពិសេសបណ្តាអ្នកសិល្បៈទាំងចាស់ទាំងថ្មីដោយសារគេសម្លឹងឃើញថា លោកជំទាវឧកញ៉ាពិតជាអាចមានលទ្ធភាពដឹកនាំសមាគមមួយនេះបានទាំងសមត្ថភាព និងធនធាន ។

ទន្ទឹមនឹងទទួលបានការគាំទ្រច្រើនពីមហាជន ជាពិសេសបណ្តាអ្នកសិល្បៈជាច្រើនរូប នាពេលនេះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឬស្រីតូចចំណានក៏បានត្រៀមខ្លួន និងបំពេញគ្រប់លក្ខខណ្ឌឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមសិល្បករខ្មែរហើយដែរ ។ អតីតតារាសម្តែង និងពិធីការិនីល្បីឈ្មោះកាលពី២០ឆ្នាំមុន ស្រីតូច ចំណាន បានលើកឡើងថា ប្រសិនបើជាប់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានសមាគមនៅអណត្តិថ្មីនេះ លោកជំទាវនឹងប្រឹងប្រែងធ្វើការងារមួយនេះ ខណៈពេលដែលលោកជំទាវក៏មិនបោះបង់ចោលប្រធានចាស់សម្រាប់ជួយសម្របសម្រួលធ្វើកិច្ចការងារសម្រាប់សមាគមជាមួយនឹងលោកជំទាវផងដែរ ព្រោះអ្នកចាស់មានបទពិសោធន៍ក្នុងការងារមួយនេះ ។
លោកជំទាវអ្នកឧកញ៉ា ស្រីតូច ណាន បានគូសបញ្ជាក់ថា ប្រសិនបើលោកជំទាវ អាចជាប់ជាប្រធានសមាគមសិល្បករខ្មែអាណត្តិថ្មីនេះ លោកជំទាវសូមស្នើសុំដល់អ្នកសិល្បៈទាំងអស់មេត្តាបន្តគាំទ្រដល់សមាគមមួយនេះ ដើម្បីឲ្យសមាគមមានការររីកចម្រើនបន្តទៅមុខទៀត ជៀសវាងការវាយប្រហារគ្នាតាមរយៈបណ្តាញសង្គមនានា ដោយគ្មានក្រមសីលធម៌ ។

យ៉ាងណា បើតាមលោកជំទាវអ្នកឧកញ៉ា លោកជំទាវ សូមថ្លែងអំណរគុណដល់មហាជន បណ្តាអ្នកសិល្បៈទាំងអស់ទាំងចាស់ទាំងថ្មី ជាពិសេសប្រធានសមាគមសិល្បករខ្មែរចាស់ គឺអ្នកនាង ចន ច័ន្ទលក្ខិណា ដែលបានចូលរួមគាំទ្រ និងលើកទឹកចិត្តសម្រាប់ការឈរឈ្មោះជាប្រធានសមាគមសិល្បករសម្រាប់អាណត្តិថ្មី របស់លោកជំទាវនាពេលនេះ ។
ជាការកត់សម្គាល់ បន្ទាប់ពីការចូលរួមជាយោបល់ និងគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ប្រធានព្រឹទ្ធសភាទៅលើបេក្ខភាពលោកជំទាវឧញ៉ា ស្រីតូច ចំណាន ជាប្រធានសមាគមសិល្បករខ្មែរសម្រាប់អាណតិថ្មីនេះ គេឃើញមានអ្នកសិល្បៈជាច្រើនរូប បានសម្តែងការគាំទ្រជាបន្តបន្ទាប់ ដោយហេតុគេយល់ថា លោកជំទាវពិតជាសាកសមសម្រាប់តំណែងមួយនេះ ដោយសារលោកជំទាវមានទាំងបទពិសោធន៍ក្នុងវិស័យសិល្ប និងថវិកាផងដែរ ។
ដោយឡែកតារាសម្តែង និងពិធីករលោក អ៊ឹម ជីវ៉ា ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងផងដែរ សម្រាប់បេក្ខភាពរបស់លោកជំទាវឧកញ៉ា ស្រីតូច ចំណាន ជាប្រធានសមាគមសិល្បករខ្មែរសម្រាប់អាណត្តិថ្មីនេះបន្ទាប់ពីលោកបានប្រកាសដកខ្លួនមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតជាប្រធានសមាគមមួយនេះ ។

លោក អ៊ឹម ជីវ៉ា បានចាត់ទុកបេក្ខភាពរបស់លោកជំទាវឧកញ៉ា ស្រីតូច ចំណាន ព្រោះលោកយល់ថា លោកជំទាវមានចំណុចខ្លាំងទាំងបទពិសោធន៍ និង ធនធាន ។ លោកបានលើកឡើងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា បើសិនជាគាត់មកកាន់ គឺល្អណាស់ គាត់មានចំណេះដឹង និងធនធានស្រាប់ គឺអាចជួយសិល្បៈបានច្រើន ! ។ លោកបញ្ជាក់ថា ចំណុចពិសេសគាត់នោះ គឺគាត់ជាស្ត្រីរឹងមាំក្លាហាន និងជាភរិយាដ៏ពូកែរបស់អ្នកជំនួញដ៏ល្បី ដែលគ្រប់គ្រងក្រុមហ៊ុនធំៗជាច្រើន ហើយក៏ជាស្ត្រីមានទ្រព្យធនធានស្រាប់ មិនខ្វះអ្នកជួយធ្វើការងារសមាគមជាមួយគាត់ទេ ។ ខ្ញុំគិតថាគាត់ឈ្នះ១០០% ។
យ៉ាងណា ប្រសិនបើលោកជំទាវឧកញ៉ា ស្រីតូច ចំណាន ពិតជាអាចឈ្នះការបោះឆ្នោតធ្វើជាប្រធានសមាគមន៍នោះ លោកក៏បានលើកជាសំណូមពរថា សូមអោយលោកជំទាវឧកញ៉ា រកទីស្នាក់ការអោយបានត្រឹមត្រូវដែលជាស្នាក់ការសមាគមតែម្តង ដោយកុំជួលគេអីអាក្រក់មើលណាស់ ។ មួយទៀត សូមអោយសិល្បៈមានការងារធ្វើកុំចាំដល់ឈឺ ឬជា បានយកលុយទៅជូន ។

គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មីនេះ ប្រធានសមាគមសិល្បករខ្មែរចាស់អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសតាមបណ្តាញសង្គមថា នាងខ្ញុំសូមគោរពអញ្ជើញសិល្បករ-សិល្បការិនី ដែលមានបំណងចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ អាណត្តិថ្មី ដែល និងប្រព្រឹត្តទៅនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ។
សូមមកចុះឈ្មោះបោះឆ្នោតដោយផ្ទាល់ ដើម្បីទទួលយកបណ្ណបញ្ជាក់សិទ្ធចូលរួមបោះឆ្នោត ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅរៀងរាល់ថ្ងៃធ្វើការពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ វេលាម៉ោង ៨.៣០ ព្រឹក ដល់ម៉ោងល្ងាច នៅទីស្នាក់ការបណ្តោះអាសន្ន ដែលស្ថិតនៅផ្ទះលេខ ០២ មហាវិថី ម៉ៅ សេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយក្រសួងកសិកម្ម ៕
ចែករំលែកព័តមាននេះ