ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល! G-Devith និងVannda ជួបទាក់ទងគ្នាដោយផ្ទាល់ជាលើកដំបូងបង្ហាញរូបភាពដ៏កម្រឱ្យហ្វេនឃើញ

8 ខែ មុន
  • ភ្នំពេញ

មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​គេ​បានឃើញ​រូបភាព​តារាចម្រៀង​រ៉េ​ប​ទាំង​ពីរ គឺ​លោក ជី ដេ​វី​ដ និង វណ្ណ​ដា បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ផ្ទាល់​មួយ​ជា​លើក​ដំបូង បន្ទាប់​ពី​ពួក​គេ​បាន​ផ្ទុះ​ជម្លោះ​ពាក្យ​សម្តី​ជាមួយ​គ្នា​មើល​មុខ​គ្នា​មិន​ចំ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ…

មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​គេ​បានឃើញ​រូបភាព​តារាចម្រៀង​រ៉េ​ប​ទាំង​ពីរ គឺ​លោក ជី ដេ​វី​ដ និង វណ្ណ​ដា បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ផ្ទាល់​មួយ​ជា​លើក​ដំបូង បន្ទាប់​ពី​ពួក​គេ​បាន​ផ្ទុះ​ជម្លោះ​ពាក្យ​សម្តី​ជាមួយ​គ្នា​មើល​មុខ​គ្នា​មិន​ចំ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

ជំនួប​របស់​អ្នក​ទាំង​ពីរ​នេះ​បាន​កើតឡើង នៅ​ក្នុងអំឡុងពេល​ដែល​ពួក​គេ​បាន​ទៅ​ចូលរួម​ពិធី​មង្គលការ​របស់​លោក វិសាល និង ស្រី​នា កាលពី​យប់​ថ្ងៃ​ទី​២៨ ខែមីនា នេះ ។ ក្នុងអំឡុងពេល​ជួប​គ្នា​នោះ គេ​បានឃើញ​លោក ជី ដេ​វី​ដ និង​លោក វណ្ណ​ដា បាន​និយាយ​រកគ្នា​ទៅ​វិញ​ទៅ​មក ដោយ​មាន​ភាព​រាក់ទាក់​ចំពោះ​គ្នា ហាក់​មិន​មាន​ជម្លោះ​អ្វី​កើតឡើង​នោះ​ឡើយ ។ ជា​ការ​កត់សម្គាល់ ជំនួប​រវាង​តារា​រ៉េ​ប​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុងស្រុក​ខ្មែរ​ទាំង​ពីរ​នេះ​ទំនងជា​អាច​កើត​មាន​ឡើង​បាន​ដោយសារ​ការ​រៀបចំ​ពី​សំណាក់​ពិធី​ការិនី គឺ​អ្នក​នាង សាន សា​ណា ព្រោះ​នៅ​ក្នុង​ជំនួប​នោះ​ក៏​មាន​វត្តមាន​របស់​អ្នក​នាង​នៅ​កណ្តាល​ផង​ដែរ ។

យ៉ាងណា នៅ​ក្នុង​ជំនួប​នេះ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា តារា​ទាំង​ពីរ​បាន​និយាយ​អ្វីខ្លះ​ជាមួយ​គ្នា ខណៈ​ពេល​ដែល​កោះសន្តិភាព​មិន​ទាន់​ទទួល​បានការ​បញ្ជាក់​ពី​អ្នក​នាង សាន សា​ណា ដែល​ស្ថិត​នៅ​ចំពោះ​មុខការ​សន្ទនា​របស់​អ្នក​ទាំង​ពីរ​អំឡុង​ពេល​នោះ បាន​នៅឡើយ​ទេ ក្នុង​ពេល​ការ​សាកសួរ​មិន​ទាន់​មានការ​ឆ្លើយ​តប ។ ប៉ុន្តែ​ក្រោយ​មាន​ជំនួប​របស់​តារាចម្រៀង​ទាំង​ពីរ​អ្នក​នាង សាន សា​ណា បាន​បង្ហោះ​សារ​ខ្លី​មួយ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​នាង​ថា បង​សា​ណា​ស្រលាញ់​ប្អូន​ទាំង​២​ណាស់ ។ សូម​អោយ​គុណធម៌​ស្ថិត​ក្នុង​បេះដូង​យើង​ទាំងអស់​គ្នា ។ ពេល​យើង​ចាស់ចិត្ត ចាស់​គំនិត បន្តិចទៀត ទើប​យើង​ដឹង​ថា គ្មាន​អ្វី​ប្រសើរ​ជាង​ក្តី​ស្រលាញ់​ដោយ​គ្មាន​ការ​ខឹង​តបត​អ្វី​ទាំងអស់ ព្រោះ​យើង​ដឹង​ថា ការ​ពិត​ប៉ា​ម៉ាក់​បាន​បង្កើត​យើង​អោយ​មាន​បេះដូង​ល្អ​បំផុត ។

ទោះជា​យ៉ាងណា​តាម​រយៈ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ផ្ទាល់​រវាង ជី ដេ​វី​ដ និង វណ្ណ​ដា នា​ពេល​នោះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​សម្តែង​ការ​សាទរ និង​រីករាយ​យ៉ាង​ខ្លាំង ដោយ​នេះ​បង្ហាញ​ពី​សញ្ញា​ដ៏​ល្អ​មួយ​សម្រាប់​វិស័យ​ចម្រៀង​រ៉េ​ប​នៅ​កម្ពុជា ។ កន្លង​មក​មហាជន​ជា​ច្រើន​តែងតែ​ចង់​ឃើញ​អ្នក​ទាំង​ពីរ​ចាប់ដៃ​គ្នា​កសាង​ស្នាដៃ​ជាមួយ​គ្នា ដើម្បី​ធ្វើ​វិស័យ​ចម្រៀង​រ៉េ​ប​នៅ​កម្ពុជា អាច​ឈាន​ឆ្ពោះ​លើ​ឆាក​អន្តរជាតិ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​សុទ្ធតែ​មាន​ទេព​កោសល្យ​លើ​ផ្នែក​មួយ​នេះ ។

គួរ​បញ្ជាក់​ថា កាលពី​ពេល​កន្លង​ទៅ​តារាចម្រៀង​លោក ជី ដេ​វី​ដ និង វណ្ណ​ដា បាន​ផ្ទុះ​សង្គ្រាម​ជា​ពាក្យ​សម្តី​ដាក់​គ្នា​រហូត​មើល​គ្នា​មិន​ចំ ។ ជម្លោះ​នេះ​ក៏​ឈាន​ទៅ​ដល់​ការ​ចេញ​បទ​ចម្រៀង​បែប​រ៉េ​ប Diss track ជាមួយ​ខ្លឹមសារ​បែប​ឌឺដង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ។

ជាង​នេះ​ទៅ​ទៀត​បណ្តា​អ្នកគាំទ្រ​តារាចម្រៀង​ទាំង​ពីរ​បាន​នាំ​គ្នា​ផ្លោង​ពាក្យ​សម្តី​ដាក់​គ្នា​ទៅ​វិញ​មក បង្កើត​ជា​ជម្លោះ​ពេញ​បណ្តាញ​សង្គម ។ ដោយឡែក​សម្រាប់​ជម្លោះ​រវាង វណ្ណ​ដា និង​ជី ដេ​វី​ដ នា​ពេល​នេះ​គេ​ឃើញ​មាន​អ្នកសិល្បៈ​មួយ​ចំនួន​បាន​ចេញ​មុខ​ដើម្បី​ផ្សះផ្សារ​ជម្លោះ​អ្នក​ទាំង​ពីរ​ផង​ដែរ ។

តារាចម្រៀង សម្តែង និង​អ្នកនិពន្ធ​លោក សួន ពិសិដ្ឋ ធ្លាប់​បាន​លើក​ឡើងជា​សំណូមពរ​ទៅ​កាន់​អ្នក​ទាំង​ពីរ​ថា ប្អូន​ៗ​ទាំងអស់​ដែល​ជា​សិល្បករ​ជំនាន់​ក្រោយ​ៗ​ក៏​ពិតជា​បាន​កសាង​បង្កើត​ស្នាដៃ​ក្នុង​សិល្បៈ​តន្ត្រី​ចម្រៀង និង​បង្ហាញ​នូវ​រូបភាព​សិល្បៈ​វប្បធម៌​ខ្មែរ ដែល​រួម​មាន​រក្សា​អភិរក្ស និង​អភិវឌ្ឍន៍ ទម្រង់​សិល្បៈ​វប្បធម៌​ខ្មែរ និង​លាយឡំ​ជាមួយ និង​កា​រវិ​វ​ឌ្ឍ​លំហូរ​ចូល​នៃ​សិល្បៈ​ចម្រុះ​វប្បធម៌​នា​សម័យកាល​បច្ចុប្បន្ន បាន​យ៉ាង​ល្អ​ល្អ​អស្ចារ្យ​រៀង​ៗ​ខ្លួន និង​បាន​បង្ហាញ​ទៅ​ដល់​បណ្ដា​ប្រទេស​ដទៃ​ជា​អន្តរជាតិ​ធ្វើ​ឱ្យ​បរទេស​ស្ញប់ស្ញែង និង​ទទួលស្គាល់ ។

លោក​បញ្ជាក់​ថា ចូរ​ប្អូន​ៗ​ធ្វើ​ជា​គំរូ​ល្អ​ដល់​មហាជន​រាប់​លាន​នាក់​ដែល​គាំទ្រ​ប្អូន​ៗ គួរ​ចាប់​ឱ្យ​មាស​ឱកាស​ពេជ្រ ក្នុង​ពេល​ដែល​ប្អូន​ៗ កំពុង​តែ​ឡើង​ខ្ពស់​កំពុង​តែ​មាន​អ្នក​ស្រលាញ់​ចូល​ចិត្ត​គាំទ្រ​ច្រើន មក​ចាប់ដៃ​គា្ន​បង្កើត​ស្នាដៃ​ជាមួយ​គ្នា​ចូលរួម​ជំរុញ​សិល្បៈ​តន្ត្រី​ចម្រៀង​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅ​ឆាក​អន្តរជាតិ​ឱ្យ​កាន់តែ​អស្ចារ្យ​ជាង​នេះ​ទ្វេ​ៗ​ដង​ទៀត​! កុំ​ធ្វើ​ឱ្យ​បរទេស​មើល​មក​ថា ខ្មែរ​យើង​មិន​ចេះ​ស្រលាញ់​គ្នា មិន​ចេះ​រួបរួម និង​មាន​តែ​ចិត្ត​ច្រណែន ទោសៈ មោហៈ ដណ្ដើម​លាភសក្ការៈ​គ្នា​ទៅ​វិញ ចង់​ចាញ់​ចង់​ឈ្នះ​គ្នា​ទៅ​មក​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ជា​ប្រវត្តិសាស្ត្រ​! ។ ចូរ​ប្អូន​ៗ​កើត​មានចិត្ត មេត្តា ករុណា មុទិតា ឧបេក្ខា ចាប់ដៃ​គ្នា រួបរួម​ជា​ធ្លុង​មួយ​បង្កើត​តែង​និពន្ធ​ផលិត​ស្នាដៃ​ឱ្យ​កាន់តែ​ល្អល្អះ​អស្ចារ្យ ធ្វើ​ជា​សិល្បករ​គំរូ ជា​បុគ្គល​គំរូ​ដ៏​ល្អ​ដល់​មហា​ជាន​បងប្អូន​មិត្ត​អ្នកគាំទ្រ​រាប់​លាន​អ្នក​ទាំង​ខ្មែរ ទាំង​បរទេស​!​។

លោក​បន្ថែម​ថា ទាំង​ប្អូន G-Devith ទាំង​ប្អូន Vannda គឺ​ពិតជា​មាន​ទេព​កោសល្យ​ពិសេស​អស្ចារ្យ​ខ្លាំង​ណាស់​រៀង​ៗ​ខ្លួន​ដោយ​មិន​ច្រឡំ​គ្នា​នោះ​ទេ​! ហើយ​ចុង​ក្រោយ​ប្អូន Eno ក៏​មាន​ទេព​កោសល្យ​អស្ចារ្យ​មួយ​ដែរ ដែល​មិន​ច្រឡំ​ជាមួយ​អ្នក​ណា ទាំង​សំឡេង​ទាំង​កំប្លែង​ស្ងួត​ធ្វើ​ឱ្យ​មនុស្ស​រាប់​លាន​អ្នក​សើច​កំសាន្ត​សប្បាយ​រី​រាយ​ក្នុង​ជីវិត​! ។

លោក​ថា ខ្ញុំ​ស្រមៃ​មើល​បើ​ប្អូន​ៗ​ចាប់ដៃ​គ្នា​បង្កើត​តែង​និពន្ធ​ផលិត​បទ​ចម្រៀង​ស្នាដៃ​រួម​គ្នា​មិនដឹង​ជា​អស្ចារ្យ​យ៉ាងណា​នោះ​ទេ ? Hero ម្នាក់​អាច​ធ្វើ​រឿង​អស្ចារ្យ​មួយ​ជួយ​ការពារ​នៅ​ក្នុង​ពិភព​មួយ​តែ​ប៉ុណ្ណោះ មាន​តែ Heroes ច្រើន​ទេ​ដែល​រួបរួម​គ្នា​ជា​ធ្លុង​មួយ ទើប​អាច​ធ្វើ​រឿង​កំពូល​អស្ចារ្យ​ការពារ​ចក្រវាល​ទាំងមូល​បាន ឧទាហរណ៍​ដូច​រឿង Hollywood AVENGERS អ៊ីចឹង​ជាដើម ។ ខ្ញុំ​សង្ឃឹមថា​ប្អូន​ៗ​នឹង​យកពាក្យ​ខ្ញុំ​ទៅ​ពិចារណា និង​បើក​ចិត្តជា​រួម ហើយ​ខ្ញុំ​ជឿជាក់​លើ​ប្អូន​ៗ​គឺ​ពិតជា​អាច​ធ្វើ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ