ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​​អ្នក​ប្រយុទ្ធ​​គុន​​ខ្មែរ​វគ្គ​2​រក​ឃើញ​​បេក្ខភាព​​ឡើង​​ទៅ​ ប្រកួត​​នៅ​វគ្គ​​ពាក់​​កណ្ដាល​​ផ្ដាច់​ព្រ័ត្រ​​ជា​បន្ដ​​ទៀត​​ហើយ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​ប្រដាល់​កំពូល​អ្នកប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​២នៅ​លើសង្វៀន​ CTN ថ្ងៃ​អាទិត្យ​ទី​១៦​ មីនា​ ខាង​មុខ​នេះ​ឈាន​ចូល​ដល់​វគ្គ​បញ្ចប់​ជម្រុះវិល​ជុំ​ជា​បណ្ដើរ​ៗ​ហើយ​ ។ នៅ​សប្ដាហ៍​នេះ​កីឡាករ​ដែល​ជា​បេក្ខភាព​ដណ្ដើម​ខ្សែ​ក្រវាត់​មានតែ​៤​គូ​ប៉ុណ្ណោះ ក្នុង​ចំណោម​៥​គូ​ដែល​ត្រូវ​ឡើង​រេញ​ប្រកួត​គ្នា​ ។

រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​ប្រដាល់​កំពូល​អ្នកប្រយុទ្ធ​គុន​ខ្មែរ​វគ្គ​២នៅ​លើសង្វៀន​ CTN ថ្ងៃ​អាទិត្យ​ទី​១៦​ មីនា​ ខាង​មុខ​នេះ​ឈាន​ចូល​ដល់​វគ្គ​បញ្ចប់​ជម្រុះវិល​ជុំ​ជា​បណ្ដើរ​ៗ​ហើយ​ ។ នៅ​សប្ដាហ៍​នេះ​កីឡាករ​ដែល​ជា​បេក្ខភាព​ដណ្ដើម​ខ្សែ​ក្រវាត់​មានតែ​៤​គូ​ប៉ុណ្ណោះ ក្នុង​ចំណោម​៥​គូ​ដែល​ត្រូវ​ឡើង​រេញ​ប្រកួត​គ្នា​ ។​ ប្រភេទ​ទម្ងន់​៦៥​គីឡូ​ក្រាម​មាន​មួយ​គូ​ គឺ​ជា​ការ​ជួប​គ្នា​រវាង​អ្នក​ឈ្នះ​ និង​អ្នក​ឈ្នះ​កាលពី​វគ្គ​មុន​គឺកីឡាករ​មាស ម៉ើ មក​ពី​ក្លិប​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក ជួប​ជា​មួយ​កីឡាករ​រិន​ សារដ្ឋ​ មក​ពី​ខេត្ដ​ព្រៃ​វែង​ ។​

មាស​ ម៉ើ​ ប្រកួត​បាន​៦​លើក​ មិន​ទាន់​ស្គាល់​ចាញ់​ម្ដង​ណា​ឡើយ​ ។ ចំណែក​ឯ​រិន​ សារដ្ឋ​ ប្រកួត​បាន​៥​លើក​ឈ្នះ​ទាំង​៥​លើក​ ដូច្នេះ​គូ​នេះ​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្ដិ​ ទោះ​ជា​ចាញ់​ ឬ​ឈ្នះ​ក៏ដោយ​ ។ ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ដែល​មាន​១​គូ​ដែរ​នោះ​ គឺ​ជា​ការ​ជួប​គ្នា​រវាង​កីឡាករ​ឈាន​ ហំ​ មក​ពី​ក្លិប​មជ្ឈមណ្ឌល​កីឡានៃកង​យោធពល​ខេមរ​ភូមិន្ទ និង​កីឡាករ​អៀង​ អាន​ មក​ពី​ក្លិប​រស្មី​កុមារកំព្រា​ ។​ រវាង​គូ​នេះ​ប្រកួត​គ្នា​ដើម្បី​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ ព្រោះ​អី​ការ​ប្រកួត​ទាំង​៦​លើក​របស់ពួក​គេកន្លង​មក​នេះ​អត់​ដែលស្គាល់ឈ្នះ​ម្ដង​ណា​ឡើយ​ ដូច្នេះ​មាន​តែ​ផ្លូវ​ហាល​ខោ​ប៉ុណ្ណោះ ។​ ប្រភេទ​ទម្ងន់​៥៧គីឡូក្រាមដែល​មាន​ចំនួន​២​គូនោះ​គឺ​ឈុំ​ បញ្ញា​ មក​ពី​ក្លិប​ខេមរភូមិន្ទ​មាន​ឫទ្ធិ ជួប​ជា​មួយ​ឡាញ់​ ផល្លា មក​ពី​ក្លិប​អេភូថង​កីឡា ខណៈស៊ឹម​ ប៊ុនស្រ៊ន់​ មក​ពី​ក្លិប​ខេត្ដ​កំពង់ចាម​ ជួប​ជា​មួយ​រឿង​ ដេត​ មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្ដ​បាត់ដំបង​ ។​

រវាង​ឈុំ បញ្ញា​ និង​ឡាញ់​ ផល្លា​ ប្រកួត​គ្នា​លើក​នេះ​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់កិច្ច​ច្រើន​ជាង​ ព្រោះ​ឈុំ​ បញ្ញា​ ប្រកួត​បាន​៥លើក​ ចាញ់​ទាំង​៥​លើក​ រី​ឯ​ឡាញ់​ ផល្លា​ ប្រកួត​បាន​៤​លើក ចាញ់​ទាំង​៤​លើក ។ ដោយ​ឡែកស៊ឹម ប៊ុនស្រ៊ន់​ និង​រឿង​ ដេត​ វិញ​នោះ អាច​នៅ​មាន​ផ្លូវ​អ៊ុត​ខ្លះ​ ។ ស៊ឹម​ ប៊ុនស្រ៊ន់ ប្រកួត​បាន​៥លើក ឈ្នះ​៣​ ចាញ់​២​ ឯ​រឿង​ ដេត​ ប្រកួត​បាន​៦​លើក​ ឈ្នះ​៣​ ចាញ់​៣​ ដូច្នេះ​លើក​នេះ​ បើ​នរណា​ឈ្នះ​នឹង​មាន​សង្ឃឹម​ច្រើន​បាន​ឡើង​ទៅប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជា​បន្ដ​ទៀត​ ។ ចំណែក​គូ​ប្រកួត​មិត្ដ​ភាពវិញ​នោះ​គឺ​ សំអាង​ ឌុន មក​ពីក្លិប​អេភូថង​កីឡា ជួប​ជា​មួយ​វ៉ន​ សាវ​ី​ មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា​ខេត្ដ​ពោធិ៍សាត់​ ៕​