រាជធានីភ្នំពេញ ៖ នៅល្ងាចថ្ងៃសៅរ៍ ទី១៥ មីនានេះ កីឡាករជើងខ្លាំងពីររូប គឺ សូយ យក្សតឿ មកពីក្លិបពោធិ៍សែនជ័យ នឹងប៉ះកណ្តាប់ដៃជាមួយកីឡាករនន់ ជំនិត ជាផ្លូវការដើម្បីស្វែងរកឱ្យឃើញនរណាជាជើងខ្លាំងពិតប្រាកដ ។ ជំនួបរវាងពីរនាក់នេះពិតជាធ្វើឱ្យមានភាពរញ្ជួយសង្វៀនបាយ័នស្ទឹងមានជ័យជាក់ជាមិនខានទេ បើទោះជាការប្រកួតជាក់ស្តែងនៅមិនទាន់ចាប់ផ្តើម ។
កីឡាករសូយ យក្សតឿ បានថ្លែងឱ្យដឹងតាំងពីត្រូវគេផ្គូផ្គងឱ្យជួបកីឡាករនន់ ជំនិតថា គេមិនខ្លាច នន់ ជំនិត នោះទេ បើទោះជា នន់ ជំនិត គឺជាជើងខ្លាំងដែលអ្នកណាក៏ដឹងថា ធ្លាប់ធ្វើឱ្យរញ្ជួយសង្វៀនប្រដាល់នាពេលកន្លងមក ។ ហេតុផលដែលគេសម្ញែងអារម្មណ៍មិនខ្លាចរអាចំពោះដៃគូរូបនេះ គឺថា នន់ ជំនិត បើធៀបនឹងកាលមួយឆ្នាំមុន គេបានធ្លាក់ដៃ និងបានទាំងដឹងថា តាំងពីគេជារបួសជង្គង់កាលពីឆ្នាំមុន គឺមិនសូវសាហាវប៉ុន្មាននោះឡើយ ។ គាប់ជួនជាមួយរយៈនេះ នន់ ជំនិត ហាប់ជួបវាសនាមិនសូវប្រក្រតីជាមួយដៃគូក្រោយៗនោះផង ទើបកាន់តែធ្វើឱ្យជំនឿជឿជាក់យកឈ្នះលើកីឡាករនន់ ជំនិត មានកាន់តែច្រើនសម្រាប់ល្ងាចនេះ ។ ទោះយ៉ាងណា ក្រុមអ្នកវិភាគនៅតែចាត់ទុកថា នន់ ជំនិត គឺជាខ្លាកំណាចដែលមិនអាចមើលស្រាលបានឡើយ បន្ទាប់ពីគេឡើងរេញម្តងៗ ក៏នៅតែបង្ហាញសន្ទុះ និងភាពខ្លាំងក្លាកាច់បំបាក់កីឡាករជាដៃគូឱ្យបរាជ័យប្រកបដោយភាពអាម៉ាស់ ខណៈដែលអ្នកដែលបានឈ្នះគេ ក៏ទទួលបានដោយភាពវេទនា និងទ្រមខ្លួនផងដែរ ។
កីឡាករសូយ យក្សតឿ មិនយល់ស្របចំពោះការផ្តល់ទិន្នន័យដែលបានអះអាងនោះទេ ដោយបានទាំងឆ្លើយតបថា នរណាខ្លាំង នរណាខ្សោយគង់តែដឹងទេ តែអ្វីដែលសំខាន់នោះលោកនឹងធ្វើឱ្យមានការភ្ញាក់ផ្អើលតាមរយៈបង្ក្រាបគូប្រកួតឱ្យខាងតែបាន ។ សំអាងមានកណ្តាប់ដៃម៉ាត់ត្រង់ កែងបកល្អ និងស្នៀតជើងទាត់ឆ្វេងស្តាំដ៏មុតស្រួច កីឡាករសូយ យក្សតឿ ហាក់មានជំនឿចិត្តចំពោះខ្លួនឯងថាអាចទៅរួចក្នុងការយកឈ្នះលើកីឡាករនន់ ជំនិត ដោយមិនលំបាក។ ដូចគ្នានឹងអំនួតមួយនេះ ក្រុមមន្ត្រីគណៈកម្មការភាគច្រើន ក៏ផ្តល់សញ្ញាឱ្យថា កីឡាករសូយ យក្សតឿ នឹងមានសង្ឃឹមឈ្នះច្រើនផងដែរ បន្ទាប់ពីការប៉ាន់ប្រមាណកាន់តែលម្អិតឃើញថា កីឡាកររូបនេះគេមានក្រេឌីតនៅរឹង និងល្អជាង នន់ ជំនិត បើទោះជាពួកគេទាំងពីរជាជើងចាស់ ហាក់មានសភាពធ្លាក់ដៃជាងមុនបន្តិច ។ ចំពោះកីឡាករនន់ ជំនិត បើទោះជាគេមិនហ៊ានសម្ញែងអំនួតថាឈ្នះកីឡាករសូយ យក្សតឿ បុ៉ន្តែគេហាក់មានការតាំងចិត្តខ្ពស់មិនធម្មតាផងដែរ ថាមិនឱ្យកីឡាករសូយ យក្សតឿ យកឈ្នះដោយស្រួលៗទេ ។ ជាមួយនឹងក្តីរំពឹងត្រឹមតែ៥០ភាគរយទុកសិន កីឡាករនន់ ជំនិត បានប្រកាសថា នឹងប្រឹងឱ្យអស់ពីលទ្ធភាព ហើយក៏មិនជឿថា គេនឹងចាញ់ក្រោមដៃរបស់ សូយ យក្សតឿ ក្នុងជំនួបល្ងាចនេះនោះដែរ ។
មនុស្សជាង៥០ភាគរយនៅតែបង្ហាញអារម្មណ៍ស្ទាក់ស្ទើរ នៅពេលគិតដល់ចំណុចឈ្នះចាញ់រវាងកីឡាករទាំងពីរថា តើកីឡាកររូបណានឹងក្លាយជាអ្នកខ្លាំងសម្រាប់ល្ងាចនេះ ។ អ្នកគាំទ្រកីឡាករទាំងពីរបានត្រឹមតែចង់ឱ្យកីឡាករដែលពួកគេពេញចិត្តទទួលបានជ័យជម្នះបុ៉ណ្ណោះ បុ៉ន្តែមិនហ៊ានកំណត់ថា បុគ្គលនោះគឺពិតជាឈ្នះ១០០ភាគរយតាមការប៉ាន់ស្មានទុកនោះឡើយ នៅពេលដែលដឹងថា ដៃគូដែលពួកគេត្រូវប៉ះ ក៏ជាមនុស្សដែលមានកម្រិតប្រកួតមិនស៊ីសងគ្នា ។ ចាំមើល តើរវាងកីឡាករសូយ យក្សតឿ និងនន់ ជំនិត អ្នកណានឹងក្លាយទៅជាអធិរាជនៅសង្វៀនបាយ័ននាល្ងាចនេះ ? នៅលើរេញដដែល កីឡាករឃឹម ពេជ្រចិន្តា មកពីក្លិបបូរីនាគរាជ ប៉ះជាមួយកីឡាករប៉ូ វណ្ណស័ក្ត មកពីក្លិបក្រសួងការពារជាតិ ខណៈដែលកីឡាករឯម ផ្លាទីន មកពីក្លិបឫទ្ធីពោធិ៍សែនជ័យ ប៉ះជាមួយកីឡាករលី តឿន មកពីក្លិបមិត្តប៉ូលិស ។ កីឡាករសំណាង ឌីណា មកពីក្លិបបាត់ដំបងពាយ័ព្យ ប្រកួតជាមួយកីឡាករប្រាក់ ស៊ីណាត មកពីក្លិបកងទ័ពជើងគោក និងកីឡាករផាន់ ចំណាន មកពីក្លិបតេជៈរាជសីហ៍បង្ក្រាបគ្រឿងញៀនខេត្តរតនៈគិរី ត្រូវប៉ះជាមួយកីឡាករអួង តូរ៉ា មកពីក្លិបរស្មីកុមារកំព្រា ។
ដោយឡែក នៅថ្ងៃអាទិត្យស្អែក ក៏មានកីឡាករល្អៗប៉ះគ្នានៅលើរេញទូរទស្សន៍បាយ័នបឹងស្នោនោះផងដែរដូចជា កីឡាកររ៉ាក់ វិឆ័យ មកពីក្លិប E70 ប៉ះជាមួយកីឡាករភុន សោភ័ណ្ឌ មកពីក្លិបយុវកីឡាខេត្តកណ្តាល និងកីឡាករឯម សាវឿន មកពីក្លិបឫទ្ធិពោធិសែនជ័យ ប៉ះជាមួយកីឡាករពៅ សារ៉ាក់ មកពីក្លិបបាត់ដំបងពាយ័ព្យ ។ ក្នុងនោះនៅថ្ងៃអាទិត្យដដែល បុ៉ន្តែនៅសង្វៀនស្ទឹងមានជ័យឯណោះវិញ ក៏មានគូល្អផងដែរ ដោយកីឡាករមាស ភិរម្យ មកពីក្លិបកងទ័ពជើងគោក នឹងប៉ះជាមួយកីឡាករឡៅ ស៊ីណាត មកពីក្លិបកងពលតូចឆត្រយោង៩១១ ៕
ចែករំលែកព័តមាននេះ