កីឡាការិនីលំដាប់ទី២ ពិភពលោក លីណា កំពុងខិតចូលកាន់តែជិតពានជើងឯកព្រឹត្តិការណ៍វាយកូនបាល់ BNP Paribas Open ខណៈកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ មីនា នាងបានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្ទាប់ពីបានបំបាក់គូប្រកួតរបស់ខ្លួនក្នុងវគ្គ១/៤រួចមក ។ សូមបញ្ជាក់ថា កម្មវិធីប្រកួតនេះត្រូវបានរៀបចំធ្វើក្នុងទីក្រុង Indian Wells រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។
លីណា បានយកឈ្នះកីឡាការិនីស្លូវ៉ាគី ដូមីនីកា ស៊ីប៊ុលកូវ៉ា ក្នុងលទ្ធផល៦-៣, ៤-៦ និង៦-៤ ។ នាងត្រូវបានគេផ្តល់ចំណាត់ថ្នាក់លេខ១សម្រាប់កម្មវិធី ហើយនេះ ក៏ជាលើកទី១ ផងដែរ ដែលនាងទទួលបានចំណាត់កំពូលក្នុងកម្មវិធីប្រកួតដូច្នេះ ។
នាងបានថ្លែងថា ៖ «មិនដូចជាលើកមុន ខ្ញុំមកប្រកួតនៅទីនេះទេ ដែលទទួលបានលេខ៦ឬលេខ៧ ប៉ុណ្ណោះ ។ ខ្ញុំគិតថា ការផ្តល់ជូនលើកនេះគឺត្រឹមត្រូវខ្លាំងណាស់ ។ ដូច្នេះ ខ្ញុំពេញចិត្តបន្តទៅមុខទៀត»។ បើគិតពីឆ្នាំ២០០៧ មក នេះជាលើកទី១ហើយដែលកីឡាការិនីចិនរូបនេះឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ BNP Paribas Open ។ កាលឆ្នាំទៅមិញ កីឡាការិនីវ័យ៣២ឆ្នាំរូបនេះមិនបានមកចូលរួមប្រកួតនៅទីនេះនោះទេ បន្ទាប់ពីមានរបួសដែលតម្រូវឱ្យបញ្ឈប់ការប្រកួតមួយរយៈពេល ។ គួរកត់សម្គាល់ថា ចាប់តាំងពីឈ្នះពានក្របខ័ណ្ឌធំ Australian Open លើកទី១ ក្នុងឆ្នាំ២០១១ មក ប្រជាប្រិយភាពរបស់លីណា បានកើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្នុងចំណោមមហាជនចិន ។ នៅក្នុងបណ្តាញសារព័ត៌មានសង្គមរបស់ចិន នាងមានអ្នកគាំទ្រដល់ទៅ១០លាននាក់ ។
ដោយឡែក នៅក្នុងការចូលរួមនាទីក្រុង Indian Wells ឆ្នាំនេះ លីណា សង្កេតឃើញថា រូបនាងហាក់ទទួលបានការចាប់អារម្មណ៍ខ្ពស់ ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាងនឹងប៉ះជាមួយជើងខ្លាំងមកពីអុីតាលី ហ្វ្លាវៀ ប៉េនីតា ដែលបានបំបាក់កីឡាការិនីម្ចាស់ផ្ទះអាមេរិក Sloane Stephens ក្នុងលទ្ធផល៦-៤, ៥-៧ និង ៦-៣ ៕
ចែករំលែកព័តមាននេះ