កីឡាករជើងខ្លាំងរបស់កូឡុំប៊ី Carlos Alberto Betancur Gomez បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានយកឈ្នះដំណាក់ទី៥ ប្រណាំងកង់កម្មវិធី Paris-Nice កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនាកន្លងមកនេះ ។ ការប្រណាំងក្នុងដំណាក់ខាងលើត្រូវបានបញ្ចប់នៅទីប្រជុំជន Rive-de-Gier ប្រទេសបារាំង ។
Gomez ដែលជាអ្នកជិះកង់ឱ្យក្រុម AG2R La Mondiale បានយកឈ្នះដំណាក់មានចម្ងាយផ្លូវ១៥២,៥គីឡូម៉ែត្រចេញដំណើរពីទីប្រជុំជន Crèche-sur-Saône ឆ្ពោះទៅកាន់ទីក្រុង Rive-de-Gier ប្រទេសបារាំង ដោយប្រើអស់ថិរវេលា៣ម៉ោង៣៨នាទីនិង១៥វិនាទីយកឈ្នះកីឡាករលុចហ្សំបួ Bob Jungels ជិះឱ្យក្រុម Trek Factory Racing និងបានយកឈ្នះកីឡាករដាណឺម៉ាក Jakob Fuglsang ជិះឱ្យក្រុម Astana Pro Team ដែលទាំងពីរនាក់បានប្រើថិរវេលាច្រើនជាងស្មើៗគ្នា ។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះ Gomezបានបញ្ជាក់ថា ៖ «នេះជាថ្ងៃមួយដ៏អស្ចារ្យបំផុតនៅក្នុងអាជីពរបស់ខ្ញុំ ។ ការឈ្នះក្នុងដំណាក់ណាមួយនៃកម្មវិធី Paris-Nice គឺពិតជារឿងដ៏ល្អខ្លាំងណាស់ ។ ខ្ញុំមានសុខភាពមិនសូវជាល្អប៉ុន្មានទេ ពេលចាប់ផ្តើមរដូវកាលប្រណាំង ។ តែ២-៣ថ្ងៃចុងក្រោយនេះ សុខភាពរបស់ខ្ញុំបានវិលមករកភាពធូរស្បើយច្រើន ។ ការជិះឡើងភ្នំរបស់ខ្ញុំបានល្អប្រសើរជាងពេលមុន ។ ខ្ញុំមានពេលច្រើនក្នុងការហ្វឹកហាត់ជិះឡើងភ្នំ»។
ពេលនេះកីឡាករ Gomez កំពុងតែសម្លឹងមើលអាវកាក់ពណ៌លឿងជាបណ្តើរៗហើយ ។ គេបានបន្តថា ៖«បាទ ពិតណាស់ ខ្ញុំប្រហែលជាអាចធ្វើបាន ។ តែបើមិនបានក៏គ្មានការសោកស្តាយអ្វីដែរ ។ ជ័យជម្នះក្នុងដំណាក់នៅពេលនេះបានធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់ទៅហើយ»។
ទោះយ៉ាងណា ជ័យជម្នះលើកនេះសម្រាប់កីឡាករ Gomez ពិតជាមិនអាចជួយឱ្យគេនាំមុខនៅលើតារាងពេលវេលាសរុបបាននៅឡើយទេ ដ្បិតកីឡាករអង់គ្លេស Geraint Thomas ដែលបានបញ្ចប់ដំណាក់នេះក្នុងលំដាប់ទី១៦នោះ នៅតែសន្សំពេលវេលាបានយ៉ាងល្អបំផុតបន្តគ្រងអាវកាក់ពណ៌លឿងក្នុងនាមជាអ្នកនាំមុខគេក្នុងការប្រណាំងដដែល ។
បញ្ចប់ការប្រណាំង៥ដំណាក់មកនេះ Thomas ដែលជិះឱ្យក្រុម Team Sky បានប្រើអស់ថិរវេលាតិចជាងគេបំផុតគឺ ២១ម៉ោង៥២នាទីនិង៤២វិនាទីនាំមុខកីឡាករអាល្លឺម៉ង់ John Degenkolb ដែលប្រើអស់ថិរវេលាច្រើនជាង៣វិនាទី។ ចំណែកកីឡាករហូឡង់ Tom Jelte Slagter ដែលប្រើថិរវេលាច្រើនជាង៤វិនាទីស្ថិតនៅលំដាប់ទី៣ ។
សូមបញ្ជាក់ថា ការប្រណាំងកម្មវិធី Paris-Nice ឆ្នាំនេះចែកចេញជា៨ដំណាក់ និងមានចម្ងាយផ្លូវសរុប១.៤៤៦,៥គីឡូម៉ែត្រ ។ ដោយឡែកដំណាក់ទី៦ ដែលជាដំណាក់បន្ត មានចម្ងាយផ្លូវ២២១,៥គីឡូម៉ែត្រចេញដំណើរពីទីប្រជុំជន Saint-Saturnin-lès-Avignon ឆ្ពោះទៅកាន់ទីប្រជុំជន Fayence ប្រទេសបារាំង ៕
ចែករំលែកព័តមាននេះ