ខេត្ដប៉ៃលិន ៖ កងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្ត ចាប់ឃាត់ខ្លួនម្តាយ និងកូនតាមដីកា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ពីបទលួចគ្រឿងអលង្ការ និងប្រាក់ជនរងគ្រោះចេញពីខេត្ដប៉ៃលិន រួចរត់គេចខ្លួនទៅរស់នៅស្រុក ឧដុង្គ ខេត្ដកំពង់ស្ពឺ ដែលគិតជាទឹកប្រាក់ប្រហែលជិត២ម៉ឺនដុល្លារ ។ ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ដែលប្រព្រឹត្ដបទល្មើសនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង១៥នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅភូមិត្រញំងត្រយឹង ឃុំពោធិ៍ចំរើន ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ ។
បើតាមការរៀបរាប់ពីលោក កែវ សុភិន នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្ដប៉ៃលិន បានឱ្យដឹងថា បន្ទាប់ពីទទួលបញ្ជាពី លោក ជុំ សែនសទ្ធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងទទួលបញ្ជាផ្ទាល់ពីលោក ឡី ចាន់ឆាយ ស្នងការនគរ បាលខេត្ដ ដោយមានកិច្ចសហការជាមួយមេប៉ុស្ដិ៍ ឃុំពោធិ៍ចំរើន អធិការស្រុកឧដុង្គ ទើបកងក ម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនម្ដាយនិងកូន ដែលធ្វើតាមពាក្យបណ្ដឹងរបស់ស្ដ្រីម្នាក់ ឈ្មោះ អ៊ុល អេវ អាយុ៣៩ឆ្នាំ រស់នៅក្រុងប៉ៃលិន ។លោកបានបន្តទៀតថា ជនសង្ស័យជាកូន ឈ្មោះ សាក់ សេរី ហៅវាសនា អាយុ២៧ឆ្នាំ ជាកម្មករ រស់នៅភូមិត្រញំងត្រយឹង ឃុំពោធិ៍ចំរើន ស្រុកឧដុង្គ និងម្ដាយ ឈ្មោះ អ៊ឹម ញ៉ាញ់ អាយុ៥០ឆ្នាំ ជាកសិករ រស់នៅភូមិជាមួយគ្នា ។ ប្រភពដដែលបានឱ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនម្ដាយ និងកូនរួចមក ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលពោធិ៍ចំរើនអស់រយៈពេលមួយយប់ ហើយក៏បានបញ្ជូនបន្ដមកស្នងការ ដ្ឋាននគរបាលខេត្ដប៉ៃលិន ។
លោក កែវ សុភិន បានបញ្ជាក់បន្ដទៀតថា បន្ទាប់ពីសួរនាំជនសង្ស័យទាំងពីរនាក់ បានសារភាពថា ពួកគេពិតជាបានលួចយកប្រាក់ពីស្ដ្រីម្នាក់ ឈ្មោះ អ៊ុល អេវ អាយុ៣៩ឆ្នាំ ដែលស្ដ្រីរូបនេះបានចោទប្រកាន់២នាក់ម្ដាយនិងកូនថាបានលួចលុយគាត់យកទៅភូមិត្រញំងត្រយឹង ឃុំពោធិ៍ចំរើន លុះក្រោយមក ទើបគាត់ដាក់ពាក្យបណ្ដឹងឱ្យសមត្ថកិច្ចជួយរកជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ។ ទាក់ទិនទៅនឹងបញ្ហានេះជនរងគ្រោះ ឈ្មោះ អ៊ុល អេវ បានបន្ដថា ទ្រព្យសម្បត្ដិដែលបាត់បង់នោះគឺមានបា្រក់ចំនួន ១ម៉ឺន២០០ដុល្លារ, ប្រាក់បាតចំនួន ៣ម៉ឺនបាត , ខ្សែក.បា្លទីន១ខ្សែ និងចិញ្ចៀន១វង់ផងដែរ ។ ក្រោយមកនៅ ព្រឹកថ្ងៃទី១៣ ខែមីនា ២០១៤ សមត្ថកិច្ចបានរៀបចំ បញ្ជូនពួកគេទៅអយ្យការអមសាលាដំបូងខេត្តដើម្បីកាត់ទោសតាមនីតិវិ ធីច្បាប់ ៕
ចែករំលែកព័តមាននេះ