ខេត្តស្វាយរៀង ៖ មនុស្សម្នាជាច្រើននាក់បាននាំគ្នាមកមើលសពបុរសម្នាក់ដែលស្លាប់បាន២យប់៣ថ្ងៃ ហើយរស់ឡើងវិញ មូលហេតុសុំលោកយមបាលមកបម្រើសងគុណម្តាយជរា និងថែទាំកូនប្រុសស្រីតូចៗ និងធ្វើបុណ្យជូនដូនតា ក៏បុ៉ន្តែពុំបានតាមប្រាថ្នាទេ ដោយរូបគាត់មានជំងឺមហារីកលិង្គ និងក្រលៀន គ្មានលទ្ធភាពរកប្រាក់ព្យាបាល បណ្តាលឱ្យជំងឺកាន់តែធ្ងន់ធ្ងរដុនដាប ពេលនេះគាត់បានស្លាប់ហើយ កាលពីថ្ងៃទី១២ មីនា វេលាម៉ោង១និង៣០នាទីរសៀល នៅផ្ទះស្ថិតក្នុងភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ។
បើតាមលោកយាយ ពៅ ផល អាយុ៨៤ឆ្នាំ ជាម្តាយជរាបានប្រាប់ឱ្យដឹងថា កូនប្រុសឈ្មោះ ងួន សៅ អាយុ៣៧ឆ្នាំ មានជំងឺបូសលិង្គ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គេប្រាប់ថា ជាជំងឺមហារីកតម្រូវឱ្យរកប្រាក់១.០០០ដុល្លារសម្រាប់ការព្យាបាល ដោយបាញ់កាំរស្មី តែដោយគ្មានលទ្ធភាពរកប្រាក់បាន ក៏យកត្រឡប់មកផ្ទះវិញ ហើយបានស្លាប់កាលពីថ្ងៃទី១៣ កុម្ភៈ ដោយជីវភាពក្រីក្រពុំមានលទ្ធភាពទិញក្តាមឈូស ក៏ទុកសពរហូតដល់២យប់៣ថ្ងៃ ។ ពេលអ្នកស្រុករៃគ្នាធ្វើក្តាមឈូសដាក់សពបាន ស្រាប់តែដឹងខ្លួនស្រែកឱ្យគេជួយ ផ្អើលលោកអាចារ្យ ចាស់ទុំ និងអ្នកមកចូលរួមបុណ្យសព រត់ប្រសាច ។ ក្រោយមកប្រពន្ធបានទៅមើលឃើញថា ប្តីនៅរស់ ទើបហៅតាអាចារ្យមកវិញ ហើយសាកសួរក៏ប្រាប់ថា ខ្លួនបានសុំលោកយមបាលត្រឡប់មកបម្រើម្តាយជរា និងថែទាំកូនប្រុសស្រីនៅតូចៗ ម្យ៉ាងពុំទាន់បានធ្វើបុណ្យសងគុណឪពុកម្តាយ និងដូនតាផង ទើបលោកយមបាលយល់ព្រមឱ្យមកវិញ ហើយឱ្យធ្វើបុណ្យសងគុណឪពុកម្តាយ និងដូនតា ។
ក្រោយមកគាត់ គ្រាន់តែបានរស់ឡើងវិញ បុ៉ន្តែគ្មានលទ្ធភាពរកប្រាក់មកព្យាបាលជំងឺឱ្យជាសះស្បើយដើម្បីបម្រើម្តាយជរាឡើយ មិនត្រឹមតែបុ៉ណ្ណោះ ថែមទាំងឱ្យម្តាយបម្រើថែទាំជំងឺទៀតផង ។ ទីបំផុត ជំងឺកាន់តែធ្ងន់ធ្ងរ គាត់ក៏បានស្លាប់ម្តងទៀតនៅថ្ងៃទី១២ មីនា ហើយពេលនេះគ្មានសង្ឃឹមថា អាចរស់ឡើងវិញទេ គឺសពបានដាក់ក្នុងមឈូស និងបូជានៅវេលាម៉ោង១រសៀលថ្ងៃទី១៣ មីនា ។ ការស្លាប់លែងវិលវិញនេះ អ្នកស្រុកបានរៃប្រាក់ធ្វើក្តាមឈូស និងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ។ ចំពោះអំណោយសប្បុរសជនកន្លងមក គឺបានត្រឹមតែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ពុំអាចយកទៅព្យាបាលជំងឺរបស់គាត់នៅភ្នំពេញបានទេ ដូច្នេះពេលនេះគឺស្លាប់រហូតហើយ ៕
ចែករំលែកព័តមាននេះ