រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ Hun Sen Cup ប្រចាំឆ្នាំ២០១៤ កាលពីល្ងាចថ្ងៃទី១២ មីនា ដែលជាពេលវេលាប្រជែងគ្នាយកចំណាត់ថ្នាក់លេខ៣ រវាងក្រុមចម្ការកៅស៊ូបឹងកេត និងក្រុមណាហ្គាខបនោះ ពោរពេញទៅដោយភាពចម្រូងចម្រាស និងតានតឹងបំផុតមិនអាចដោះស្រាយបានភ្លាមៗឡើយ។ ភាពចម្រូងចម្រាសដែលកើតមាននោះ គឺទាក់ទងទៅនឹងការពិន័យឱ្យក្រុមចម្ការកៅស៊ូបឹងកេត ទាត់បាល់ប៉េណាល់ទីទៅលើក្រុមណាហ្គាខប នៅម៉ោងបង្គ្រប់៩០នាទី ដែលលទ្ធផលបណ្តោះអាសន្នគឺ៣ទល់៣ ដោយក្រុមណាហ្គាខបបានធ្វើការតវ៉ាចំពោះការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ។
ការកាត់ក្តី និងពិន័យកីឡាករមិនច្បាស់លាស់ពីសំណាក់លោកអាជ្ញាកណ្តាល លឹម ប៊ុនធឿន បានធ្វើឱ្យការប្រកួតទាំងមូលស្ថិតនៅលើផ្លូវប្រទាញប្រទង់គ្នាជាខ្លាំង ជាពិសេសការសម្រេចឱ្យបាល់ប៉េណាល់ខុសប្រក្រតី២លើក គឺនៅនាទីទី៨៧ ដោយបានចាប់កំហុសក្រុមចម្ការកៅស៊ូបឹងកេត និងលើកទី២នៅនាទីទី៩០ ពិន័យក្រុមណាហ្គាខប ដែលធ្វើឱ្យអ្នកគាំទ្រ គ្រូបង្វឹក និងកីឡាករផ្ទុះការតវ៉ាឡើង ។ បន្ទាប់ពីការសម្រាកការប្រកួតក្នុងម៉ោងលេង (១៥នាទី២ដង) រហូតដល់ជាង១០នាទី (នាទី១១៨) ក្រុមទាំងពីរនាំគ្នាចូលលេងវិញ ប៉ុន្តែកីឡាករទាំង១១រូបរបស់ណាហ្គាខប បានទៅឈរមុខទីរបស់ខ្លួនដូចបាល់ទាត់ហ្វូតសាល ចំណែកឯកីឡាកររបស់ចម្ការកៅស៊ូបឹងកេត បានដើរចេញទាំងអស់ ធ្វើឱ្យអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតតែម្តង ដោយមិនទាន់បានទាត់បាល់ពិន័យ ហើយក៏មិនបានលេងបង្គ្រប់កិច្ចនៅក្នុងម៉ោងថែម១៥នាទី ចំនួន២ដងដែរ ។
ចំពោះលទ្ធផលបណ្តោះអាសន្ន៣ទល់៣ គឺក្រុមចម្ការកៅស៊ូបឹងកេត ជាអ្នកបើកឆាកនាំមុខមុននៅនាទីទី១៣ ដែលធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ជាមួយនឹងការធ្វើបានសម្រេចគ្រាប់ទី២ទៀត នៅនាទីទី៧៧ ខណៈដែលមិត្តរួមក្រុម រស់ សំអឿន រកបាន១គ្រាប់ដែរនៅនាទីទី៥២ ។ ចំណែកឯ៣គ្រាប់របស់ក្រុមណាហ្គាខបវិញ រកបានដោយកីឡាករ សាន សារិទ្ធិ នៅនាទីទី៧៥ គ្រាប់ទី២ដោយមិត្តរួមក្រុម មាឃ ឆដារ៉ាវុធ នៅនាទីទី៥៦ និងកីឡាករ ស៊ុន វណ្ណរិទ្ធិ នៅនាទីទី៨៧ ដោយការទាត់បាល់ប៉េណាល់ទី ។ ភាពចម្រូងចម្រាសពេលនោះត្រូវបានអ្នកគាំទ្រស្រែកមិនសុខចិត្ត ហើយបានធ្វើការចែករំលែកគ្នាក្នុងប្រព័ន្ធបណ្តាញសង្គម ដោយអ្នកខ្លះលើកឡើងថា កំហុសមកពីអាជ្ញាកណ្តាលដែលកាត់សេចក្តីមិនបានល្អ តែមតិមួយចំនួនទៀតនិយាយថា កំហុសខាងក្រុមណាហ្គាខប បើសិនជាព្យាយាមប្រកួតឱ្យចប់ ហើយមើលឃើញភាពមិនប្រក្រតីណាមួយអាចធ្វើការតវ៉ាពេលចប់ការប្រកួតបាន ។ បើគិតពីការប្រកួតលើទីលានគឺអាជ្ញាកណ្តាលមានសិទ្ធិកាត់សេចក្តីតាមភាពត្រឹមត្រូវ ហើយនៅពេលដែលផ្លុំកញ្ចែហើយគឺការប្រកួតត្រូវទទួលយក ។
ទោះជាយ៉ាងណា សម្រាប់លទ្ធផលនេះប្រហែលជាព្យួរទុកសិន រង់ចាំការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ។ មន្ត្រីព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក ចាន់ មិថុនា បានបញ្ជាក់ថា ឥឡូវនេះក្រុមគណៈកម្មការបច្ចេកទេសកំពុងប្រជុំពិនិត្យមើលលក្ខខណ្ឌទាំងអស់ឱ្យបានហ្មត់ចត់ ហើយត្រូវសម្រេចជាផ្លូវការយ៉ាងណានោះលោកនឹងជម្រាបជូន ៕
ចែករំលែកព័តមាននេះ