មន្ត្រីអាមេរិកបាននិយាយ កាលពីថ្ងៃពុធ ថាផ្កាយរណបស៊ើបអង្កេតមិនបានរកឃើញសញ្ញានៃការផ្ទុះនៅពាក់កណ្តាលអាកាសទេ នៅពេលដែលយន្តហោះម៉ាឡេស៊ីបាត់ទំនាក់ទំនងជាមួយអ្នកគ្រប់គ្រងចរាចរណ៍អាកាស ។មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនេះនិយាយថា កាលពីមុនរដ្ឋាភិបាលអាមេរិកបានប្រើប្រាស់បណ្តាញផ្កាយរណបរបស់ខ្លួន ដើម្បីបង្ហាញពីសញ្ញារលកកម្តៅ ដែលទាក់ទងនឹងយន្តហោះដែលផ្ទុះ ប៉ុន្តែក្នុងករណីនេះ គ្មានអ្វីរកឃើញទេ ។
អវត្តមានភស្តុតាងនៃការផ្ទុះពាក់កណ្តាលអាកាសណាមួយនេះ កាន់តែធ្វើឲ្យមានអាថ៌កំបាំងថែមទៀតជុំវិញជោគវាសនារបស់ជើងហោះហើរអាកាសចរណ៍ម៉ាឡេស៊ីMH370 ដែលបានបាត់ខ្លួន កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីចាកចេញពីទីក្រុងគូឡាឡាំពួ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ។
មន្ត្រីម្នាក់បានប្រាប់សារព័ត៌មាន AFPថា ដោយសារផ្កាយរណបមិនបានបង្ហាញពីតំបន់ជាក់លាក់ណាមួយ កងទ័ពជើងទឹកអាមេរិកដែលបានចូលរួមស្វែងរកនៅសមុទ្រចិនខាងត្បូងមិនត្រូវបានបញ្ជូនទៅកាន់ទីតាំងពិសេសដើម្បីស្វែងរកបំណែកបាក់បែកនោះទេ ។
គួររំលឹកថា កាលពីឆ្នាំ១៩៩៦ប្រព័ន្ឋផ្កាយរណបអាកាសអាមេរិក បានរកឃើញការផ្ទុះដែលបានធ្វើឲ្យជើងហោះហើរ TWA Flight 800ធ្លាក់ចូលទៅក្នុងងមហាសមុទ្រអាត្លង់ទិក មិនយូរប៉ុន្មានបន្ទាប់ពីហោះហើរចេញពីអាកាសយានដ្ឋាន JFK នៅទីក្រុងញូវយ៉ក៕
ចែករំលែកព័តមាននេះ