កីឡាករប្រដាល់ចាស់វស្សារបស់អាមេរិក បឺណាដ ហប់ឃីន កំពុងព្យាយាមបង្កើតប្រវត្តិសាស្ត្រមួយចារទុកក្នុងវិស័យកីឡាប្រដាល់ ខណៈនៅថ្ងៃទី១៩ ខែមេសាខាងមុខនេះ រូបគេនឹងឡើងសង្វៀនប្រកួតការពារ និងដណ្តើមខ្សែក្រវាត់ WBA ពីកីឡាករកាហ្សាក់ស្ថានបេប៊ូត ស៊ូមេណូវ ។ ការប្រកួតនេះនឹងរៀបចំនៅសង្វៀន DC Armory ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។
ហប់ ឃីន វ័យ៤៩ឆ្នាំ មានឯតទគ្គកម្មប្រកួត ៦៤លើក ក្នុងនោះឈ្នះ៥៤លើក ចាញ់៦ ស្មើ២ ផ្តួលដៃគូឱ្យសន្លប់៣២លើក ។ ម្ចាស់ខ្សែក្រវាត់ស្ថាប័ន IBF រូបនេះថ្លែងថា ៖ «ខ្ញុំកំពុងព្យាយាមបង្ខំឱ្យប្រវត្តិសាស្ត្រកត់ត្រាទុកពីរូបខ្ញុំ»។ សូមបញ្ជាក់ថា ហប់ឃីន ទទួលបានខ្សែក្រវាត់ស្ថាប័ន IBF បន្ទាប់ពីយកឈ្នះកីឡាករ Tavoris Cloud ដោយពិន្ទុជាឯកច្ឆ័ន្ធ កាលខែមីនា ឆ្នាំ២០១៣ ។ បន្ទាប់មក នៅខែតុលា ឆ្នាំដដែល គេទទួលបានជោគជ័យទាំងស្រុងប្រកួតការពារខ្សែក្រវាត់នេះប្រឆាំងនឹងកីឡាករ Karo Murat ។
ចំណែកកីឡាករស៊ូមេណូវ ធ្លាប់ប្រកួតបាន១៥លើក ឈ្នះ១៤លើក ចាញ់១ មិនដែលស្មើ ធ្លាប់ផ្តួលដៃគូឱ្យសន្លប់បានចំនួន៩លើក ។ បច្ចុប្បន្ន កីឡាករវ័យ៣០ឆ្នាំរូបនេះរស់នៅក្នុងសហរដ្ឋអាមេរិក ។ គេបានក្លាយជាម្ចាស់ខ្សែក្រវាត់ស្ថាប័ន WBA ក្រោយពីបានផ្តួលកីឡាករ Gabriel Campilloនៅឆ្នាំ ២០១០ ។ គិតមកទល់នឹងពេលនេះ រូបគេការពារខ្សែក្រវាត់ដោយជោគជ័យចំនួន៥លើករួចមកហើយ។
បង្ហាញពីចំណាប់អារម្មណ៍ចំពោះការជួបជាមួយ ហប់ឃីន លើកនេះ ស៊ូមេណូវ បានបញ្ជាក់ថា ៖ «គាត់ជាកំពូលមនុស្ស ។ នៅក្នុងប្រភេទទម្ងន់នេះ គាត់ពូកែជាងគេ ។ គាត់ជាកីឡាករដែលមានជំនាញប្រកួតល្អបំផុត»។ គេបានបន្ថែមថា ៖ «មនុស្សជាច្រើនតែងមើលស្រាលរូបខ្ញុំ ។ ប៉ុន្តែ មិនយូរទេ ពួកគេនឹងបានដឹងពីសមត្ថភាពរបស់ខ្ញុំ ។ ពួកគេនឹងបានដឹងថា ខ្ញុំគឺជាម្ចាស់ជើងឯកពិភពលោកក្នុងប្រភេទទម្ងន់ Light Heavyweight » ៕
ចែករំលែកព័តមាននេះ