ខេត្តកំពង់ឆ្នាំង ៖ កន្លងទៅកោះសន្តិភាពធ្លាប់ផ្សាយរួចមកហើយពីកសិករក្នុងភូមិអណ្តូងរនុក ឃុំត្រងិល ស្រុកកំពង់លែង ដែលឈ្លាតពេលក្រៅពីការងារស្រែចំការពួកគាត់ឈ្លាតពេលត្បាញកន្ទេលក្រហម ដើម្បីបង្កើនជីវភាពគ្រួសារ ។ សម្រាប់ថ្ងៃនេះកោះសន្តិភាព សូមបង្ហាញជូនប្រជាពលរដ្ឋដែលមានមុខរបរដូចគ្នានេះដែរ តែពួកគាត់មានទីលំនៅភូមិព្រែករាំង ឃុំទឹកហូតស្រុករលាប្អៀរវិញម្តង ។

ជួបជាមួយអ្នកយកព័ត៌មានយើង អុំស្រីម្នាក់ក្នុងវ័យជាង៧០ឆ្នាំ កំពុងរៀបចំទុកដាក់កក់ដែលជ្រលក់ថ្នាំហើយនៅក្រោមផ្ទះបាននិយាយអោយដឹងថា ៖ អ្នកភូមិព្រែករាំង ឃុំទឹកហូត មានប្រមាណជាង២០០គ្រួសារ បានប្រកបមុខរបរត្បាញកន្ទេលក្រហមជារៀងរាល់ឆ្នាំ ដោយក្នុងមួយឆ្នាំមានរយៈពេលពី៣ទៅ៤ខែ អាចត្បាញកន្ទេលបានពី៨០ទៅ១០០កន្ទេល ហើយអាចរកប្រាក់ចំណូលបានពី៣លានទៅ៥លានរៀលក្នុងមួយគ្រួសារៗ តាមធ្វើកក់បានតិច ឬច្រើន ។ អុំស្រីបានបន្តថា រូបគាត់បានប្រកបមុខរបរតម្បាញកន្ទេលក្រហមនេះ តាំងពីអាយុ១២ឆ្នាំមកម្លេះ គឺរៀនចេះតគ្នាពីម៉ែឪ និងដូនតាមក និងបច្ចុប្បន្នកូនចៅគាត់ក៏បានរៀនក៏ចេះត្បាញកន្ទេលដូចគ្នាដែរ ។

បច្ចុប្បន្នអ្នកភូមិដែលចាប់មុខរបរនេះបានដាំដើមកក់ និងដើមក្រចៅ ដែលជាវត្ថុធាតុដើមសម្រាប់ត្បាញកន្ទេលដោយខ្លួនឯងទៅតាមសមត្ថភាពនៃក្រុមគ្រួសារដែលអាចត្បាញកន្ទេលបាន ។ ដោយឡែកចំពោះទឹកថ្នាំសម្រាប់ជ្រលក់ពណ៌កន្ទេលត្រូវទិញយកមកពីទីផ្សារ ។ ការត្បាញកន្ទេលក្នុងកីមួយត្រូវប្រើមនុស្ស២នាក់ ដោយក្នុង១ថ្ងៃ អាចត្បាញបានកន្ទេលតែ១ ឬ ២ថ្ងៃអាចត្បាញបានកន្ទេល៣ ។ កន្ទេលត្បាញបានមានម៉ួយមកទទួលទិញដល់ផ្ទះមិនដែលនៅសល់ឡើយ ហើយតម្លៃវិញមានចាប់ពី៤ម៉ឺនរៀល ទៅដល់១២ម៉ឺនរៀល ក្នុងកន្ទេល១ ទៅតាមទំហំកន្ទេលតូចឬធំ បើគិតជាមធ្យមក្នុង១រដូវ ក្នុងគ្រួសារមួយអ្នកត្បាញកន្ទេលក្រហមអាចរកប្រាក់ចំណូលបានពី៣ទៅ៥លានរៀល ។

ដោយឡែកបងស្រី២នាក់ម្តាយ និងកូនកំពុងត្បាញកន្ទេលនៅមុខផ្ទះក៏បាននិយាយដែរថា ៖ នៅក្នុង១រដូវ ពួកគាត់២នាក់ម្តាយ និងកូនត្បាញកន្ទេលបានពី៧០ ទៅ៨០កន្ទេល ក្នុងកន្ទេលមានទំហំទទឹង១ម៉ែត្រ២តឹក មានតម្លៃ៥ម៉ឺនរៀល ដូច្នេះ ក្នុង១រដូវគាត់អាចរកចំណូលបានពី៣ទៅ៤លានរៀលដែរ ។

អ្នកភូមិព្រែករាំង ជាអ្នកត្បាញកន្ទេលក្រហម សូមអំពាវនាវផងដែរដល់ប្រជាពលរដ្ឋ សូមជួយគាំទ្រទិញផលិតផលកន្ទេលក្រហម របស់អ្នកភូមិព្រែករាំង ដើម្បីជួយរក្សាស្នាដៃ និងមរតក៌ពីដូនតា និងដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមជនបទអោយមានការងារធ្វើ និងមានជីវភាពសមរម្យផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់






ចែករំលែកព័តមាននេះ