បន្ទាប់ពីបរាជ័យផ្ទួនៗគ្នាអស់ចំនួន៣ដំណាក់រួចមក នៅទីបំផុតកីឡាករហូឡង់ Tom Jelte Slagter ដណ្តើមបានជ័យជម្នះជាលើកដំបូងក្នុងដំណាក់ទី៤ ដែលបានបញ្ចប់ទៅនៅទីប្រជុំជនNevers ប្រទេសបារាំង កាលពីថ្ងពុធ ទី១២ មីនាម្សិលមិញ ។ ក្នុងនាមជាអ្នកជិះកង់ឱ្យក្រុម Garmin Sharp កីឡាករវ័យ២៤ឆ្នាំរូបនេះបានបញ្ចប់ដំណាក់មានចម្ងាយផ្លូវ២០១,៥គីឡូម៉ែត្រ ចេញដំណើរពីទីប្រជុំជន Nevers ឆ្ពោះទៅកាន់ទីប្រជុំជន Belleville ប្រទេសបារាំង ដោយប្រើអស់ថិរវេលា ៥ម៉ោង និង ៩វិនាទី នាំមុខកីឡាករអង់គ្លេស Geraint Thomas ជិះឱ្យក្រុម Team Sky និងឈ្នះកីឡាករមិត្តរួមជាតិខ្លួន Wilco Kelderman ជិះឱ្យក្រុម Belkin-Pro Cycling Team ដែលប្រើថិរវេលាច្រើនជាង៥វិនាទី ។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះ Slagter បានបញ្ជាក់ថា ៖ «នេះជាជ័យជម្នះយ៉ាងប្រផុតប្រផើយបំផុត ។ ខ្ញុំស្គាល់កីឡាករ Thomas ច្បាស់ណាស់ ។ គេជាអ្នកជិះកង់ដ៏ពូកែមួយរូបក្នុងលោក ដែលមានកម្លាំងខ្លាំង និងល្បឿនលឿនបំផុត ។ ខ្ញុំដឹងថា ដើម្បីយកឈ្នះរូបគេ ខ្ញុំត្រូវតែរង់ចាំឱកាសល្អ ។ ខ្ញុំស្ទើរមិនជឿថា ខ្លួនឯងអាចយកឈ្នះលើកនេះ ។ នេះជាការប្រណាំងលើកទី១ ក្នុងរដូវកាលថ្មី»។ យ៉ាងណាក៏ដោយ ជ័យជម្នះលើកនេះមិនអាចជួយឱ្យរូបគេសន្សំបានពិន្ទុគ្រប់គ្រាន់ដើម្បីនាំមុខនៅលើតារាងថិរវេលាសរុបនោះទេ ដ្បិតកីឡាករអង់គ្លេស Thomas ដែលបញ្ចប់ដំណាក់ក្នុងចំណាត់ថ្នាក់លេខ២ នោះសន្សំពេលវេលាបានយ៉ាងល្អបំផុតគ្រងអាវកាក់ពណ៌លឿង ។
Thomas ឆ្លងកាត់ការប្រណាំងអស់៤ដំណាក់មកនេះ ប្រើថិរវេលាសរុបអស់តិចជាងគេគឺ១៨ម៉ោង ១៤នាទី និង២៥វិនាទី នាំមុខកីឡាករអាល្លឺម៉ង់ John Degenkolb ដែលប្រើថិរវេលាច្រើនជាង៣វិនាទី ។ ចំណែក Tom Jelte Slagter ស្ថិតនៅលំដាប់ទី៣ បន្ទាប់ពីប្រើពេលច្រើនជាង Thomas ដល់ទៅ៤វិនាទី ។ សូមបញ្ជាក់ថា ការប្រណាំងកម្មវិធី Paris-Nice ឆ្នាំនេះចែកចេញជា៨ដំណាក់ និងមានចម្ងាយផ្លូវសរុប១៤៤៦,៥គីឡូម៉ែត្រ ។ ដោយឡែកដំណាក់ទី៥ ដែលជាដំណាក់បន្ត មានចម្ងាយផ្លូវ១៥២,៥គីឡូម៉ែត្រចេញដំណើរពីទីប្រជុំជន Crèche-sur-Saône ឆ្ពោះទៅកាន់ទីប្រជុំជន Rive-de-Gier ប្រទេសបារាំង ៕
ចែករំលែកព័តមាននេះ