ប្រទេសអាហ្វហ្គានីស្ថាន ៖ មនុស្សយា៉ងតិច១៦នាក់បានត្រូវស្លាប់ ក្នុងការវាយប្រហារភេរវកម្មមួយនៅក្រុងកាប៊ុល កាលពីយប់ថ្ងៃទី២កញ្ញា ប្រកាសទទួលខុសត្រូវដោយពួកតាលីបង់ ដែលការវាយប្រហារនេះកើតមានខណៈបេសកជនអាមេរិកលោកZALMAY KHALILZAD ស្ថិតក្នុងទីក្រុងនោះដើម្បីបំពេញទស្សនកិច្ចមួយ ពិភាក្សាពីកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយពួកបះបោរនោះ។
នាព្រឹកព្រលឹមថ្ងៃទី៣កញ្ញា អ្នកនាំពាក្យម្នាក់របស់ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានលោកណាស្រាតរ៉ាហ៊ីមីបញ្ជាក់ថា ការបំផ្ទុះត្រាក់ទ័រផ្ទុកគ្រឿងផ្ទុះមួយ ក្រៅពីអ្នកស្លាប់មនុស្ស១១៩នាក់រងរបួស។ ការផ្ទុះដែលបន្ទាប់មកមានការបាញ់ប្រហារ និងការបំផ្ទុះស្ថានីយចាក់ប្រេងមួយដែលនាំឲ្យមានភ្លើងឆាបឆេះ កើតមាននៅជិតប្លុកអគារធំGREEN VILLAGE ដែលមានទីតាំងរបស់បណ្ដាភ្នាក់ងារផ្ដល់ជំនួយនិងរបស់បណ្ដាអង្គការអន្តរជាតិ។
អ្នកវាយប្រហារ៥នាក់បានត្រូវសម្លាប់ ហើយប្រតិបត្តិការតាមរុករកនិងជួយសង្គ្រោះបន្ត រហូតដល់ម៉ោង៥ព្រឹកថ្ងៃទី៣កញ្ញា។
ពួកតាលីបង់ប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយអ្នកនាំពាក្យម្នាក់របស់ពួកគេនិយាយថា ធ្វើឡើងដោយជនអត្តឃាតម្នាក់និងកងកុំម៉ង់ដូមួយ។ ការវាយប្រហារកើតមានខណៈទូរទស្សន៍អាហ្វហ្គានីស្ថានកំពុងផ្សាយបទសម្ភាសន៍មួយរបស់លោកZALMAY KHALILZADដែលនិយាយពីលទ្ធភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយពួកតាលីបង់។
លោកមកដល់ក្រុងកាប៊ុលកាលពីយប់ថ្ងៃទី១កញ្ញា ហើយជួបពិភាក្សាជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថានលោកអាស្ត្រាវហ្គានី ដើម្បីជម្រាបលោកពីលទ្ធផលនៃការចរចាលើកទី៩របស់លោក ជាមួយពួកតាលីបង់នៅទីក្រុងដូហាប្រទេសកាតា៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ