រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Hun sen cup ប្រចំាឆ្នំា២០១៤ កាលពីល្ងាចថ្ងៃទី១២ មីនា ដែលជាពេលវេលាប្រជែងគ្នាយក ចំណាត់ថ្នាក់លេខ៣ រវាងក្រុមចំការកៅស៊ូបឹងកេត និងក្រុមណាហ្គាខបនោះពោរពេញដោយភាព ចម្រូងចម្រាសនិងតានតឹងបំផុតមិនអាចដោះស្រាយបានភ្លាមៗដោយបញ្ចប់ការប្រកួតមិនទាន់ឱ្យភាគីម្ខាងណាឈ្នះឬចាញ់នោះឡើយ។
ភាពចម្រូងចម្រាសដែលកើតមាននោះគឺទាក់ទងទៅនឹង គ្រាប់បាល់ពិន័យប៉េណាល់ទីរបស់បឹងកេតទៅលើណាហ្គាខប នៅម៉ោងបង្រ្គប់៩០នាទី ដែលលទ្ធផលបណ្តោះអាសន្ន៣ទល់៣ ដោយណាហ្គាខបធ្វើការតវ៉ាចំពោះការកាត់សេចក្តីរបស់អាជ្ញាកណ្តាល។ បន្ទាប់ពីការសម្រាកការប្រកួតក្នុងម៉ោងលេងរហូតដល់ជាង១០នាទី ក្រុមទាំងពីរនាំគ្នាចូលលេងវិញ ប៉ុន្តែកីឡាករទាំង១១រូបរបស់ណាហ្គាខបបានទៅឈរមុខទីរបស់ខ្លួនដូចបាល់ទាត់ហ្វូតសាល ចំណែកឯកីឡាកររបស់បឹងកេតបានដើរចេញទាំងអស់ ធ្វើឲ្យអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ដោយមិនទាន់បានទាត់បាល់ពិន័យ ហើយក៏មិនបានលេងថែមម៉ោង១៥នាទី ចំនួន២ដងដែរ។ ភាពចម្រូងចម្រាសពេលនោះត្រូវបានអ្នកគំាទ្រស្រែកមិនសុខចិត្ត ហើយត្រូវបានធ្វើការចែករំលែកគ្នាក្នុងប្រព័ន្ធបណ្តាញសង្គម ដោយអ្នកខ្លះលើកឡើងថា កំហុសមកពីអាជ្ញាកណ្តាល តែត្រូវបានអ្នកខ្លះនិយាយថា អាជ្ញាកណ្តាលមានសិទ្ធិ ហើយនៅពេលដែលផ្លុំកញ្ចែហើយគឺការប្រកួតត្រូវទទួលយក។ ទោះជាយ៉ាងណាសម្រាប់លទ្ធផលនេះប្រហែលជាព្យួរទុកសិន រង់ចាំការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ។
មន្ត្រីសារព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក ចាន់ មិថុនា បានបញ្ជាក់ថា ឥឡូវនេះក្រុមគណៈកម្មការបច្ចេកទេសកំពុងប្រជុំពិនិត្យមើលលក្ខខណ្ឌទាំងឡាយឲ្យបានហ្មត់ចត់ ហើយត្រូវសម្រេចជាផ្លូវការយ៉ាងណានោះលោកនឹងជម្រាបជូននៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ