ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃីម​ ​ឌីម៉ា​ បួង​​សួង​ឱ្យ​​ខ្លួន​រួច​​ផុត​ពី​​បញ្ជី​​ខ្មៅ​ ​OneFC

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​លើក​ទី​៣ ​របស់​កីឡាករ​ឃីម​ ឌីម៉ា​ នៅ​លើ​រេញ MMA នា​យប់​ថ្ងៃទី​១៤ មីនា​ ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ដោយសារ​នោះ​គឺ​វគ្គ​កាត់​សេច​ក្តី​​​​​​​​​​​​យ៉ាង​សំខាន់​ដើម្បី​ឈាន​ទៅ​រក​ការ​សម្រេច​ថា​ នឹង​ត្រូវ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​ឬ​យ៉ាងណា​ នៅ​ក្រោយ​ពេល​បញ្ចប់​នៃ​ការ​ប្រកួត ។​ ប្រសិន​បើ​ធ្លាក់​ក្នុង​បញ្ជី​នោះ​មាន​ន័​យថា​ ឃីម​ ឌីម៉ា​​ នឹង​បាត់​ឱកាស​ឡើង​រេញ​ទៀត​ហើយ​ បើ​ទោះ​ជា​ការ​ប្រកួត​កាល​ពី​លើក​ទី​១​ អាច​នឹង​ត្រូវ​គេ​មិន​រាប់​បញ្ចូល ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​លើក​ទី​៣ ​របស់​កីឡាករ​ឃីម​ ឌីម៉ា​ នៅ​លើ​រេញ MMA នា​យប់​ថ្ងៃទី​១៤ មីនា​ ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ដោយសារ​នោះ​គឺ​វគ្គ​កាត់​សេច​ក្តី​​​​​​​​​​​​យ៉ាង​សំខាន់​ដើម្បី​ឈាន​ទៅ​រក​ការ​សម្រេច​ថា​ នឹង​ត្រូវ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​ឬ​យ៉ាងណា​ នៅ​ក្រោយ​ពេល​បញ្ចប់​នៃ​ការ​ប្រកួត ។​ ប្រសិន​បើ​ធ្លាក់​ក្នុង​បញ្ជី​នោះ​មាន​ន័​យថា​ ឃីម​ ឌីម៉ា​​ នឹង​បាត់​ឱកាស​ឡើង​រេញ​ទៀត​ហើយ​ បើ​ទោះ​ជា​ការ​ប្រកួត​កាល​ពី​លើក​ទី​១​ អាច​នឹង​ត្រូវ​គេ​មិន​រាប់​បញ្ចូល ។​

ការ​ប្រកួត​របស់​ ឃីម​ ឌីម៉ា​ នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​កីឡ​ដ្ឋាន​ Stadium Negara ក្នុង​ទីក្រុង​កូឡាំ​ឡាំ​ពួ​ នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១៤​ មីនា​​ ស្អែក​នេះ​ ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ស្ថានីយ​ទូរ​ទស្សន៍​ MY TV នៅ​ក្នុង​ប្រទេស​​កម្ពុជា​ផង​ដែរ ។​ ឃីម​ ឌីម៉ា​ នឹង​ប៉ះ​ជា​មួយ​កីឡាករ​ជើង​ខ្លាំង​​ម្ចាស់​ស្រុក​ Saiful Merican ក្នុង​ប្រភេទ​ទម្ងន់​៥៦​គីឡូ​ក្រាម​ក្នុង​ចំណោម​១០​​គូដែល​ត្រូវ​បាន​ប្រកាស​ឡើង​ ដែល​ភាគ​ច្រើន​សុទ្ធ​តែ​ជា​កីឡាករ​​បរទេស​មក​ពី​បណ្តា​ប្រទេស​ និង​តំបន់​ផ្សេងៗ​ ។ តាម​ច្បាប់​របស់​ OneFC បាន​ប្រកាស​ថា​ រាល់​កីឡាករ​រូបណា​ដែល​បាន​ឡើង​រេញ MMA ៣​លើក​ហើយ​គ្មាន​ជ័យ​ជម្នះ​ នឹង​ក្លាយ​ជា​កីឡាករ​ជាប់​ក្នុង​បញ្ជីខ្មៅ មិន​អាច​មាន​​ឱកាស​ប្រកួត​បន្ត​នោះ​ទេ​ លើក​​លែង​តែ​មាន​ឈ្មោះ​ឈ្នះជា​ផ្លូវ​ការ​ខ្លះ​ ទើប​ត្រូវស្ថាប័ន​ប្រដាល់​ដាក់​ទ្រុង​ដ៏​ល្បី​ឈ្មោះ​មួយ​នេះ​ឱ្យ​រួច​ខ្លួន​ពី​បញ្ជី​ខ្មៅ​របស់​គេ ។​

រំលឹក​ដល់​ការ​ប្រកួត​កាល​ពី​លើក​មុន​ ឃីម​ ឌីម៉ា​ វាយ​ឈ្នះ​កីឡាករ​ហ្វីលីពីន​ Rene Catalan នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៣​ បុ៉ន្តែត្រូវបាន​គេ​ឆា​ចោល​ ព្រោះ​តែ​ហេតុ​ផល​វាយ​គេ​ត្រង់​កញ្ចឹង​ក​ពី​ក្រោយ​ខុស​​នឹង​លក្ខន្តិកៈ​ និង​លើក​ទី​២​ វាយ​ចាញ់​កីឡាករ​ហ្វីលី​ពីន​ Ruel Catalan ជា​ប្អូន​របស់​សត្រូវ​ចាស់​​នៅ​ក្នុង​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​ កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៣​ ក្នុង​ទឹក​ទី១​ បើ​ទោះ​ជា​ Ruel Catalan ទើប​តែ​ឡើង​រេញ​បាន​៤-៥​ដង ។​ ថ្វីដ្បិត​តែ​ការ​ប្រកួត​លើក​ទី​៣ ​នេះ​ បើ​ទោះ​ជា​ចាញ់ ក៏​នៅ​មាន​សំណាង​ទទួ​ល​បាន​ឱកាស​ឡើង​រេញ​ម្តង​ទៀត​ ដោយសារតែ​ការ​ប្រកួត​លើកដំបូង​ ត្រូវ​គេ​​ចាត់​ទុក​ជា​មោឃៈ​ ឬ​មិន​រាប់​បញ្ចូល​ ក៏​ការ​ប្រកួត​នា​យប់​ថ្ងៃទី​១៤ ​នេះ​ ត្រូវគេចាត់​ទុក​ថា សំខាន់​ជាង​ការ​ប្រកួត​មុន ព្រោះ​បើ​ឈ្នះ​នឹង​រួច​ផុត​ពី​បញ្ជី​ខ្មៅ​ បុ៉ន្តែបើចាញ់​ គឺ​នឹង​រអិល​ចូល​ក្នុង​បញ្ជី​នោះ​ បើ​ទោះ​ជា​លោក​នៅ​មិន​ទាន់​ចាញ់​គ្រប់​៣​​ប្រកួត​ដោយសារ​លើក​ទី​១​ មិន​រាប់​បញ្ចូល​​ក៏​ដោយ ។​ គណៈ​កម្មការរៀបចំ​ការ​ប្រកួត​​ឱ្យ​ដឹង​ថា កីឡាករ​ដែល​ឡើង​រេញ​ជាប់​គ្នា​២​ដង​ ហើយ​ចាញ់​ទាំង​២​លើក​ជាប់​គ្នា​ និង​មាន​ម្តង​បាន​ធ្វើ​ខុស​លក្ខ​ន្តិកៈ​ដូច ឃីម​ ឌីម៉ា​ នោះ​នឹង​ត្រូវ​គេ​ចាត់​ទុកថា​ ជា​ជម្រើស​ដែល​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​ហើយ ។​ ក្នុង​នោះ​ការវាយ​បំពាន​ខុស​ពី​អ្វី​ដែល​បាន​ចែង​ក្នុង​ការប្រកួត​ គឺជា​កំហុស​ធំ​ជាង​ការ​ប្រកួត​ចាញ់​ដោយ​បច្ចេក​ទេស​នោះ​ទៅ​ទៀត។​​ និយាយ​រួម លើក​លែងតែ​មាន​ការ​ប្រជុំ​សម្រេចពី​គណៈ​កម្មការ OneFC បុ៉ណ្ណោះ ទើប​កីឡាករ​ដែល​ចាញ់​២​លើក​ និង​បាន​បំពាន​ច្បាប់​ប្រកួតរបស់ OneFC ម្តង​អាច​មាន​ឱកាស​ឡើង​រេញ​ជា​លើក​ទី​៤ បាន ។​

ងាក​មក​កាន់​ការ​ប្រកួត​ជាមួយ​កីឡា​ករ​ Saiful នេះ​វិញ កីឡាករ​ឃីម​ ឌីម៉ា​ ប្រាប់​ថា​ មិន​ខ្លាច​នោះ​ទេ ដោយ​សារ​ការ​ប្រកួត​លើក​មុន​ គេ​ធ្លាប់​យក​ឈ្នះ​កីឡាករ​រូប​នេះ​ម្តង​រួចទៅ​ហើយ​​នៅ​លើ​សង្វៀនប្រដាល់​សេរី​ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុងប្រទេស​កម្ពុជា​កាល​ពី​អំឡុង​ឆ្នាំ​២០១១​ នៅ​បុ៉ស្តិ៍​លេខ​៣ ។​ សំណួរ​មួយ​កំពុង​ចោទ​ឡើង​ថា​ តើ ឃីម​ ឌីម៉ា​ នឹង​មាន​សំណាង​ឬ​យ៉ាងណា​ក្នុង​ជំនួប​ជា​មួយ​ដៃ​គូចាស់​សម្រាប់​ព្រឹត្តិ​ការណ៍​ប្រដាល់​អន្តរ​ជាតិ​មួយ​នេះ ?​ បើ​ទោះ​ជា​ការ​ប្រកួត​លើក​នេះ​ចាញ់​ឬ​ឈ្នះ​ តែ​អាច​ធ្វើ​ឱ្យ​ ឃីម​ ឌីម៉ា​ បាន​ឡើង​រេញ​ជា​លើក​ទី​៤​ បុ៉ន្តែ​ប្រហែល​ជា​វត្ត​មាន​របស់​គេ​នឹង​មិន​មាន​ការ​ចាប់​អារម្មណ៍​ប្រកប​ដោយ​កិត្តិ​យស​បែប​នេះ​ទៀត​ទេ​ បើ​ស្រាប់​តែ​ភ្លាត់​ឱ្យ​ចាញ់​ជា​ថ្មី​ម្តង​​ទៀត​ក្រោម​ដៃ​របស់​កីឡាករ​ម៉ាឡេ​ស៊ី​លើក​នេះ ។​ សូម្បីតែ​អ្នក​គាំទ្រ​ក្នុងស្រុក​ ក៏​នឹង​ដក​សេចក្តី​ទុក​ចិត្ត​ផង​ដែរ​ក្នុង​ពេល​ដែល​គេ​មាន​ឈ្មោះ​ទៅ​កាន់​រេញ MMA ចំនួន​៣​លើក​ ចាញ់​ជាប់​គ្នា​២​លើក​ និង​ម្តង​បាន​ទទួល​លទ​្ធ​ផល​មោឃៈ​នោះ​ ។ ទោះ​បី​យ៉ាងណា​ សាមី​ខ្លួន​ ឃីម​ ឌីម៉ា​ នៅ​តែ​មាន​ជំនឿ​ចិត្ត​ក្នុង​ការ​ដណ្តើម​ជ័យ​ជម្នះ ។​ ឃីម​ ឌីម៉ា​ បាន​បួង​សួង​ និង​សុំ​ឱ្យ​ការ​ប្រកួត​របស់​ខ្លួន​ ទទួល​បាន​ជោគ​ជ័យ​ បើ​ទោះ​ជា​នោះ​ជា​ការ​ប្រកួតវាយ​ដាក់​ទ្រុង​ ដែល​មិន​មែន​ជា​ការប្រកួត​ប្រដាល់​សេរី ដែល​គេ​ធ្លាប់​យក​ប្រៀប​លើ​កីឡាករ Saiful ។​ ឃីម​ ឌីម៉ា​ បាន​ទាំង​អះ​អាង​ថា នឹង​ប្រឹង​ឱ្យ​ឈ្នះ​ ព្រោះ​លោក​មិន​ចង់​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់ OneFC នោះ​ទេ។​

ជាមួយ​នឹង​ការ​តាំង​ចិត្ត​ លោក​ក៏ត្រូវ​គេ​ដឹង​ថា​ បាន​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ក្រោយ​ពេល​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​ ដើម្បី​បង្កើន​ថាម​ពល​ឱ្យបាន​ច្បាស់​លាស់​បន្តិច​មុន​ប៉ះ​ជា​មួយ​កីឡាករ Saiful នាពេល​នេះ​ផង​ដែរ ។​ ឃីម​ ឌីម៉ា​ បញ្ជាក់​ថា ខ្លួន​សង្ឃឹម​ឈ្នះ​ច្រើន​ជាង​ចាញ់​ បុ៉ន្តែ​អំណះ​អំណាង​របស់​លោក​ ក៏​ត្រូវ​បណ្តា​សារ​ព័ត៌​មាន​ល្បី​ឈ្មោះ​របស់​បរទេស​មួយ​ចំនួន​បាន​ស្រង់​សម្តី​របស់ Saiful ថា នឹង​ផ្តួល​ ឃីម​ ឌីម៉ា​ ឱ្យ​ខាង​តែ​បាន​ដូច​គ្នា​ផង​ដែរ​ ដោយ​ Saiful និយាយ​ថា​ នឹង​មិន​ធ្វើ​ឱ្យ​កង់​ប្រវត្តិ​សាស្ត្រ​វិល​មក​រក​ចំណុច​ច្រំ​ដែល​ដូច​កាល​ដែល​គេ​បាន​ចាញ់ ឃីម​ ឌីម៉ា​ ក្នុង​វេទិកា​ប្រដាល់​សេរី​នៅ​កម្ពុជា​កាល​ពី​លើក​មុន​នោះ​ទេ ៕