មេព្រៃថាគ្មានទេ..! ខណៈអាវុធហត្ថរក​ឃើញ​ឡាន​លាក់ក្នុងព្រៃ​


ខេត្តបាត់ដំបង ៖ បើ​ទោះជា​មន្ត្រី​ព្រៃឈើ​ប្រចាំ​ស្រុក​សំឡូត​អះអាង​ថា គ្មាន​ការ​លាក់បាំង​សម្ភារ និង​រថយន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ព្រៃ​យ៉ាងណា​ក៏​ដោយ បើ​គិត​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២ កញ្ញា នៃ​កិច្ច​ប្រតិបត្តិការ​រុករក​វត្ថុ​តាង​បទល្មើស​ព្រៃឈើ​រយៈពេល​២​ថ្ងៃ របស់កម្លាំង​កងរាជអាវុធហត្ថ​បាន​រក​ឃើញ​រថយន្ត​បា​កុង​យ៉ាងតិច​ចំនួន​៩​គ្រឿង​ហើយ ដែល​ឈ្មួញ​ឈើ​ទុច្ចរិត​បាន​បើក​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ជ្រៅ នៅ​តាម​ភូមិសាស្ត្រ​នានា នៃ​ស្រុក​សំឡូត ។ នេះ​បើ​តាម​ព័ត៌មាន​បឋម​របស់​មន្ត្រី​កងរាជអាវុធហត្ថ ដែល​កំពុង​បន្ត​ស្វែងរក​វត្ថុ​តាង​ទាំងនេះ នៅ​ក្នុង​ព្រៃ​នៃ​ស្រុក​សំឡូត​បន្ត​ទៀត ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​រុករក​វត្ថុ​តាង​បទល្មើស​ព្រៃឈើ នៅ​ក្នុងស្រុក​សំឡូត បាន​ចាប់ផ្ដើម​ឡើង​កាលពី​ថ្ងៃ​ទី​១ កញ្ញា ហើយ​ត្រូវ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់ នូវ​ត្ថុ​តាង​រថយន្ត​បា​កុង នៅ​ពេល​រសៀល​ថ្ងៃ​ដដែល ដែល​ជន​ទុច្ចរិត បាន​នាំ​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ជ្រៅ ។ ព័ត៌មាន​បឋម​ដែល​កោះសន្តិភាព​ទទួល​បាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ បាន​ឲ្យ​ដឹង​ថា បើ​គិត​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២ កញ្ញា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​រក​ឃើញ រថយន្ត​បា​កុង (​អា​រ៉េវ​) សម្រាប់​ដឹក​ជញ្ជូន​ព្រៃឈើ​ចំនួន​៩​គ្រឿង​ហើយ​ ។ រថយន្ត​ភាគច្រើន ត្រូវ​គេ​ប្រទះ​ឃើញ​លាក់​នៅ​ក្នុង​ព្រៃ ក្នុងភូមិ​សាស្ត្រ​ទឹកដី​ឃុំ​តា​តោក និង​ឃុំ​ស៊ុ​ង ស្រុក​សំឡូត ហើយ​គេ​សង្ស័យ​ថា សុទ្ធ​សឹង​ជា​រថយន្ត​របស់​ក្រុមហ៊ុន​រ័​ត្ន​សម្បត្តិ ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​ពាន់​ហិច​តា​នៅ​តំបន់​នោះ​សង្ស័យ​ឈ្មួញ​កន្ទេល​ធំ​បន្លំ​ដេក ។

ប៉ុន្តែ​នាយ​សង្កាត់​ព្រៃឈើ​ស្រុក​សំឡូត លោក ឆាយ ណា​រ៉េ​ត ធ្លាប់​បាន​ច្រានចោល​នូវ​ព័ត៌មាន​នេះ កាលពី​ស​ប្ដា​ហ៍​មុន​ដែល​ពលរដ្ឋ​អះអាង​ថា «​គេ​បាន​ប្រទះ​ឃើញ​រថយន្ត​បា​កុង​នេះ​រាប់​សិប​គ្រឿង​ត្រូវ​គេ​លាក់​ទុក​ក្នុង​ព្រៃ នៅ​តាម​តំបន់​នោះ​» ។ លោក​ឆាយ ណា​រ៉េ​ត បាន​បដិសេធ​នូវ​ព័ត៌មាន​នេះ នៅ​ពេល​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​កោះសន្តិភាព​តាម​ទូរស័ព្ទ ដោយ​លោក​បាន​ប្រាប់​យ៉ាង​ដូច្នេះ​ថា «​គ្មាន​រថយន្ត​បា​កុង ឬ​សម្ភារ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​លាក់​ទុក​នៅ​ក្នុង​ព្រៃ នៃ​ស្រុក​សំឡូត​នេះ​ទេ​…! សូមកុំ​ជឿ​…! ខ្ញុំ​មិន​ជឿ​ទេ​…! ក្រុមហ៊ុន​បាន​ដឹក​ជញ្ជូន​ចេញ​អស់ហើយ ។ ប៉ុន្តែ​បើ​ពលរដ្ឋ​ណា​បានឃើញ ឲ្យ​ជូន​ខ្ញុំ​ទៅ​មើល ខ្ញុំ​សុខចិត្ត​ចាយ​លុយ​…! ខ្ញុំ​មិន​ជឿ​ថា មាន​រថយន្ត​លាក់​នៅ​ក្នុង​ព្រៃ​ទេ​» ។

bty

ផ្ទុយ​ពី​ការ​អះអាង​របស់​លោក ឆាយ ណា​រ៉េ​ត ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ ហាក់​បង្ហាញ​ពី​ការ​ជឿជាក់ លើ​ការ​លាក់បាំង​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​របស់​ក្រុមហ៊ុន ដោយសារ​តែ​មួយ​រយៈ​នៃ​កិច្ច​ប្រតិ​បត្តិ​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​យ៉ាង​ក្ដៅ​គគុក​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ឦសាន​នា​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ គេ​មិនឃើញ​មាន​សកម្មភាព​ដឹក​ជញ្ជូន​ចេញ​នូវ​សម្ភារ ឬ​រថយន្ត​បា​កុង របស់​ក្រុមហ៊ុន​រ័​ត្ន​សម្បត្តិ​នោះ​ទេ ។

ម្យ៉ាងវិញទៀត នៅ​ក្នុង​អំឡុង​នៃ​ការ​បង្ក្រាប​ផ្អើល​ពេញ​ប្រទេស​នេះ ក្រុមហ៊ុន​នេះ​ហាក់​មាន​សភាព​ស្ងប់ស្ងាត់ ហើយ​គេ​ថែម​ទាំង​ប្រទះ​ឃើញ​រថយន្ត​បា​កុង (​អា​រ៉េវ​) មួយ​ចំនួន​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ទៀត​ផង ។ ដូច្នេះ​ហើយ​ទើប​គេ​អាច​សន្និដ្ឋាន​ថា វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ឬ រថយន្ត​បា​កុង​រាប់​សិប​គ្រឿង​របស់​ក្រុម​ហ៊ុន​នេះ កំពុង​សំងំ​លាក់ខ្លួន​នៅ​ក្នុង​ព្រៃ នៅ​ក្នុងស្រុក​សំឡូត​នេះ​នៅឡើយ​ទេ ។

ជុំវិញ​ការ​រុករក​ឃើញ​រថយន្ត​បា​កុង​ជិត​១០​គ្រឿង ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ខាងលើ​នេះ គេ​មិន​ទាន់​ដឹង​ថា តើ​មន្ត្រី​ព្រៃឈើ ជា​ពិសេស លោក ឆាយ ណា​រ៉េ​ត នាយ​សង្កាត់​ព្រៃឈើ​ស្រុក​សំឡូត បាន​ជ្រាប​ពី​ព័ត៌មាន​នេះ​ដែរ ឬ​យ៉ាងណា​នោះ​ទេ ។ ព្រោះ​បើ​តាម​សេចក្ដីរាយការណ៍​ថា ពេល​នេះ កម្លាំង​សមត្ថកិច្ច​រាប់​សិប​នាក់ បាន​និង​កំពុង​រុករក​វត្ថុ​តាង​បទល្មើស​ព្រៃឈើ យ៉ាង​កក្រើក​ព្រៃ​ភ្នំ​ពាសពេញ​ក្នុងស្រុក​សំឡូត​នៅឡើយ ខណៈ​រថយន្ត​បា​កុង​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ជា​បន្តបន្ទាប់​ផង​ដែរ ។

បើ​តាម​ប្រភព​ខ្លះ​ទៀត ដែល​កោះសន្តិភាព ទ​ទូល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​២ កញ្ញា​នេះ​ដែរ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កោះសន្តិភាព​ផ្សព្វផ្សាយ​អំពី​ការ​លាក់បាំង​រថយន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​របស់​ក្រុមហ៊ុន​នៅ​ស្រុក​សំឡូត អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​រថយន្ត​បា​កុង​នេះ​រាប់​សិប​គ្រឿង​ទៀត ត្រូវ​បាន​គេ​ជន្លៀស​ទាំង​កណ្ដាល​យប់​ឆ្ពោះទៅ​កាន់​ភូមិសាស្ត្រ ស្រុក​ប​វេ​ល ។ ហើយ​ក៏​ត្រូវ​គេ​ជ​ម្លៀ​ល​បន្ត​ទៀត​ចេញពី​ស្រុក​ប​វេ​ល ឆ្ពោះទៅ​កាន់​ភូមិសាស្ត្រ​នានា នៅ​ក្នុង​ព្រៃ​តំបន់​ភ្នំ​ខៀវ នៃ​ទឹកដី​ខេត្ត​ប៉ៃលិន ខណៈ​ដែល​កម្លាំង​កងរាជអាវុធហត្ថ កំពុង​រុក​កក្រើក​ព្រៃ នៅ​តំបន់​ស្រុក​សំឡូត ។

មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត លោក អ៊​ន ជ្រី​សៅរ៍​មណ្ឌល ដែល​ដឹកនាំ​កិច្ច​ប្រតិបត្តិការ​នេះ​ផ្ទាល់ បាន​ប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២ កញ្ញា​ថា រថយន្ត​បា​កុង​ទាំងនោះ​ត្រូវ​កម្លាំង​របស់​លោក​រុករក​ឃើញ​ជា​បន្តបន្ទាប់​នៅ​ក្នុង​ព្រៃ ក្នុងភូមិ​សាស្ត្រ ឃុំ​តា​តោក និង​ឃុំ​ស៊ុ​ង នៃ​ស្រុក​សំឡូត ។ លោក​មេបញ្ជាការ​រង​បាន​បញ្ជាក់​ថា ពេល​នេះ​យើង​ប្រទះ​ឃើញ​តែ​រថយន្ត​បា​កុង (​អា​រ៉េវ​) តែ​មិន​ទាន់​ប្រទះ​ឃើញ​វត្ថុ​តាង​ពាក់ព័ន្ធ​ដ៏​ទៃ​ទៀត​នៅឡើយ​ទេ ប៉ុន្តែ​កម្លាំង​កំពុង​ស្វែងរក​ពេញ​ព្រៃ​ដដែល ។

ពាក់ព័ន្ធ​នឹង​វិធានការ​ច្បាប់​វិញ លោក​អ៊​ន ជ្រី​សៅរ៍​មណ្ឌល បាន​បញ្ជាក់​ផង​ដែរ​ថា ពេល​នេះ​លោក​មេ​បញ្ជា​ការ​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​បន្ត​ការ​រុករក​វត្ថុ​តាង​បទល្មើស​បន្ថែម​ទៀត រីឯ​ចំណាត់ការ​ទៅ​លើ​វត្ថុ​តាង​ដែល​បាន​រក​ឃើញ គឺ​យើង​កំពុង​រង់ចាំ​ផែនការ​បន្ត​ពី​ថ្នាក់ដឹកនាំ​ថា តើ​នឹង​ត្រូវ​ចាត់ការ​បែប​ណា​ចំពោះ​វត្ថុ​តាង​ដែល​បាន​រក​ឃើញ​ខាងលើ​នេះ ? ប៉ុន្តែ​យ៉ាងណា​ពេល​នេះ កម្លាំង​របស់​លោក​មួយ​ចំនួន​កំពុង​គ្រប់គ្រង​វត្ថុ​តាង​ទាំងនោះ​នៅ​លើ​ទីតាំង​ដដែល ខណៈ​កម្លាំង​មួយ​ចំនួន​កំពុង​រុកចូល​ព្រៃ​ជ្រៅ​ស្វែងរក​វត្ថុ​តាង​បន្ថែម ៕ (សម្រួលដោយ៖ ស្រីណា)​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ