បន្ទាប់ពីបញ្ចប់ការប្រណាំងក្នុងចំណាត់ថ្នាក់លេខ២ អស់ពីរដំណាក់ជាប់ៗគ្នារួចមក ទីបំផុតកីឡាករអាល្លឺម៉ង់ John Degenkolb ដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងដំណាក់ទី៣ ដែលបានបញ្ចប់ទៅនៅទីលានប្រណាំងម៉ូតូ Circuit de Nevers Magny-Cours ភាគកណ្តាលប្រទេសបារាំង កាលពីថ្ងៃអង្គារ ទី១១ មីនាម្សិលមិញ ។
ក្នុងនាមជាអ្នកជិះកង់ឱ្យក្រុម Team Giant-Shimano កីឡាករវ័យ២៥ឆ្នាំរូបនេះបានបញ្ចប់ដំណាក់មានចម្ងាយផ្លូវ១៨០គីឡូម៉ែត្រដោយប្រើអស់ថិរវេលា៤ម៉ោង២៧នាទី និង២៦វិនាទី នាំមុខកីឡាករអូស្ត្រាលី Matthew Harley Goss ជិះឱ្យក្រុម Orica GreenEdgeដែលប្រើថិរវេលាស្មើនឹងកីឡាករអេស្ប៉ាញ Jose Joaquin Rojas Gil របស់ក្រុម Movistar Team ។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះ Degenkolb បានបញ្ជាក់ថា ៖ «ជារឿងដែលមិនគួរឱ្យជឿ ខណៈអ្វីៗបានដំណើរការទៅយ៉ាងរលូននៅថ្ងៃនេះ ។ ក្នុងពីរដំណាក់ដំបូង ខ្ញុំបានព្យាយាមរួចហើយ តែមិនបានផលនោះទេ ។ ការសម្រេចបានក្នុងថ្ងៃនេះ គឺពិតជាអស្ចារ្យខ្លាំងណាស់ ។ ខណៈសល់២-៣គីឡូម៉ែត្រចុងក្រោយ ខ្ញុំបានព្យាយាមទប់អារម្មណ៍បានយ៉ាងល្អ ។ សូមអរគុណដល់បណ្តាមិត្តរួមក្រុមដែលបានជួយជ្រោមជ្រែងសម្រាប់ជ័យជម្នះលើកនេះ»។
អ្វីដែលកាន់តែពិសេសទៀតនោះ គឺថាជ័យជម្នះក្នុងដំណាក់នេះបានជួយឱ្យ Degenkolb មានឱកាសនាំមុខគេឯងនៅលើតារាងថិរវេលារួម និងគ្រងអាវកាក់ពណ៌លឿងផងដែរ ។ ដូច្នេះ ឆ្លងកាត់ការប្រណាំង៣ដំណាក់មកនេះ Degenkolb បានប្រើអស់ថិរវេលាតិចជាងគេបំផុតត្រឹម១៣ម៉ោង១៤នាទី និង១វិនាទីនាំមុខកីឡាករម្ចាស់ផ្ទះបារាំង Nacer Bouhanni ដែលប្រើថិរវេលាច្រើនជាង៨វិនាទី ។ ចំណែកកីឡាករហូឡង់ Moreno Hofland ស្ថិតនៅលំដាប់ទី៣ ជាដដែលបន្ទាប់ពីបានប្រើថិរវេលាសរុបច្រើនជាង Degenkolb ចំនួន១២វិនាទី ។
សូមបញ្ជាក់ថាការប្រណាំងកម្មវិធី Paris-Nice ឆ្នាំនេះចែកចេញជា៨ដំណាក់ និងមានចម្ងាយផ្លូវសរុប១៤៤៦,៥គីឡូម៉ែត្រ ។ ដោយឡែកដំណាក់ទី៤ ដែលជាដំណាក់បន្តមានចម្ងាយផ្លូវ២០១,៥គីឡូម៉ែត្រចេញដំណើរពីទីប្រជុំជន Nevers ឆ្ពោះទៅកាន់ទីប្រជុំជន Belleville ប្រទេសបារាំង ៕
ចែករំលែកព័តមាននេះ