សេតវិមានបាននិយាយនៅក្នុងរបាយការណ៍កាលពីថ្ងៃចន្ទ ថា សេដ្ឋកិច្ចអាមេរិកនឹងកើនឡើងនៅក្នុងឆ្នាំ២០១៤នេះ ហើយនិងបន្តកើនឡើងទៀតនៅក្នុងឆ្នាំ២០១៥ ។ស្ថិតក្រោមការព្យាកររបស់សេតវិមានបានឲ្យដឹងថា សេដ្ឋកិច្ចអាមេរិករំពឹងថានឹងកើនឡើង៣,១%នៅក្នុងឆ្នាំនេះ ពោលគឺលឿនជាងឆ្នាំមុនដែលកើនឡើងបានតែ១,៧% ហើយកំណើននេះនឹងបន្តកើនឡើងទៀតដល់៣,៤%នៅក្នុងឆ្នាំ២០១៥ ។
ស្របពេលជាមួយគ្នានេះ សេតវិមានក៏បានព្យាករថា ភាពអត់ការងារធ្វើនឹងធ្លាក់ចុះដល់កម្រិតជាមធ្យម៦,៩%នៅក្នុងឆ្នាំ២០១៤ ។ អត្រាអត់ការងារធ្វើដែលបានហក់ដល់១០%កាលពីឆ្នាំ២០០៩ បានធ្លាក់ចុះដល់ក្រោម៦,៦%កាលពីខែមករា កន្លងទៅ ។
របាយការណ៍បាននិយាយថា ហេតុផលដែលអាចទាយទុកបានច្រើនបំផុតសម្រាប់សុទិដ្ឋិនិយមពីសេដ្ឋកិច្ចអាមេរិកនៅក្នុងឆ្នាំ២០១៤នេះ គឺឧបសគ្គរួមតូចនៃគោលនយោបាយសារពើពន្ធ និងភាពមិនប្រាកដប្រជានៃសារពើពន្ធដែលត្រូវបានកាត់បន្ថយ ។
រយៈពេលជិត៥ឆ្នាំហើយបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសាកលបានបញ្ចប់ សេដ្ឋកិច្ចអាមេរិកនៅតែកើនឡើងតិចតួច ហើយអត្រាអត់ការងារធ្វើនៅតែមានកម្រិតខ្ពស់ ។
សេតវិមានបានចង្អុលបង្ហាញពីការធ្លាក់ចុះឱនភាពថវិកា និងភាពល្អប្រសើរនៃទីផ្សារអចលនទ្រព្យ ដែលស្ថិតនៅក្នុងចំណោមកត្តាទាំងឡាយដែលជំរុញឲ្យមានកំណើនដ៏ខ្លាំងក្លា ។របាយការណ៍បានកត់សម្គាល់ឃើញថា បើសម្លឹងមើលទៅមុខ មានសូចនាករជាច្រើនដែលបង្ហាញថា សេដ្ឋកិច្ចមានលំនឹងល្អសម្រាប់កំណើនឆ្នាំ២០១៤នេះ ដូចជា ការរើបឡើងវិញនៃវិស័យអចលទ្រព្យ និងកំណើនទ្រព្យសម្បត្តិសុទ្ធរបស់គ្រួសារអាមេរិក រាប់ទាំងកំណើនទ្រព្យសកម្ម និងការធ្លាក់ចុះបន្ទុកបំណុលជាដើម ។
លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ធ្លាប់បានសន្យាថានឹងបង្រួមគម្លាតរវាងអ្នកមាននិងអ្នកក្រដោយលោកចង់ឲ្យសភាបង្កើនប្រាក់ឈ្នួលអប្បបរមាពី៧,២៥ដុល្លារ ដល់១០,១០ដុល្លារ ក្នុងមួយម៉ោង ហើយចំណាយបន្ថែមដើម្បីជួយបង្កើនល្បឿនសេដ្ឋកិច្ច ។ កាលពីសប្តាហ៍មុនលោកបានដាក់ស្នើថវិកាសម្រាប់ឆ្នាំសារពើពន្ធ២០១៥ ដែលនឹងចំណាយ៥៦ពាន់លានដុល្លារលើថវិកាចំនួន១លានលានដុល្លារដែលសភាបានអនុម័ត កាលពីខែមករា ៕
ចែករំលែកព័តមាននេះ