ប៉ូលិសអូស្ត្រាលីរាយការណ៍ កាលពីថ្ងៃទី១០ មីនា ពីការចាប់ខ្លួនមនុស្សម្នាក់សង្ស័យថា ប៉ុនប៉ងបញ្ជូនគ្រឿងញៀនទៅក្នុងពន្ធនាគារមួយ ដោយប្រើឧទ្ធម្ភាគចក្រតេឡេកុំម៉ង់ ។ ឧទ្ធម្ភាគចក្រតូចនោះត្រូវចាប់បាន កាលពីថ្ងៃទី៩ មីនា នៅជិតមជ្ឈមណ្ឌលឃុំឃាំងក្រុងមែលប៊ន ។
ក្នុងសេចក្តីប្រកាសមួយ ប៉ូលិសរដ្ឋវិកតូរៀភាគអាគ្នេយ៍អូស្ត្រាលីបញ្ជាក់ថា បុរសម្នាក់និងនារីម្នាក់ត្រូវបានប្រទះឃើញ ស្ថិតក្នុងរថយន្ត១គ្រឿងកំពុងចុចតេឡេកុំម៉ង់បញ្ជាឧទ្ធម្ភាគចក្រមួយមានមា៉សីុន ដែលដឹកគ្រឿងញៀនមួយចំនួនតូច ។ បុរសអាយុ២៨ឆ្នាំត្រូវចាប់ខ្លួន បន្ទាប់មកត្រូវបានដោះលែងដោយបង់ប្រាក់ធានារង់ចាំការហៅមកសួរចម្លើយ ។
ចំណែកនៅប្រទេសប្រេសីុលវិញ សារព័ត៌មានក្នុងស្រុក រាយការណ៍កាលពីថ្ងៃទី១០ មីនា ថា ឧទ្ធម្ភាគចក្រ តេឡេកុំម៉ង់តូចមួយ ត្រូវបានប្រើប្រាស់ដើម្បីបញ្ជូនគ្រឿងញៀនកូកាអីុន១កញ្ចប់ទៅក្នុងពន្ធនាគារមួយនៃរដ្ឋសាវប៉ូឡូ របស់ប្រេសីុល ។ ឧទ្ធម្ភាគចក្រតេឡេកុំម៉ង់នេះ កាលពីថ្ងៃទី៧ មីនា កន្លងមកនេះបានហោះហើរពីលើពន្ធនាគារបណ្តោះអាសន្ន SAO JOSE DOS CAMPOS ចម្ងាយ១២០គ.ម ពីក្រុងសាវប៉ូឡូ ហើយទម្លាក់កញ្ចប់កូកាអីុនទម្ងន់២៥០ក្រាមមួយដែលពួកអ្នកទោសដណ្តើមយកភ្លាមៗ ។ ពេលឆែកឆេរក្នុងពន្ធនាគារនោះ ប៉ូលិសចាប់រឹបអូសយកបានគ្រឿងញៀននោះ ៕
ចែករំលែកព័តមាននេះ