ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល ​សុផាត​ ​និង​ផល​ ​សោភ័ណ្ឌ​ ​បង្ហាញ​​សញ្ញាណ​​ដើរ​​ចេញ​​ពី​​ប្រដាល់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ទី​បំផុត​ កីឡាករ​ប្រដាល់​ជើង​ខ្លាំង​ពីរ​នាក់​បង​ប្អូន​​ដែល​កំពុង​ធ្លាក់​ក្នុង​ស្ថាន​ភាព​កាន់​តែ​អាក្រក់​នោះ​ ទំនង​ជា​ធ្វើ​ឱ្យ​ពួក​គេ​ពិបាក​ងាក​ក្រោយ​ចូល​ស៊ប់​នៅ​ក្នុង​ពិភព​ប្រដាល់​ដូច​អំឡុង​ពេល​មុន​ ចាប់​តាំង​ពី​ពេល​នេះ​ត​ទៅ​ហើយ​ ។

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ទី​បំផុត​ កីឡាករ​ប្រដាល់​ជើង​ខ្លាំង​ពីរ​នាក់​បង​ប្អូន​​ដែល​កំពុង​ធ្លាក់​ក្នុង​ស្ថាន​ភាព​កាន់​តែ​អាក្រក់​នោះ​ ទំនង​ជា​ធ្វើ​ឱ្យ​ពួក​គេ​ពិបាក​ងាក​ក្រោយ​ចូល​ស៊ប់​នៅ​ក្នុង​ពិភព​ប្រដាល់​ដូច​អំឡុង​ពេល​មុន​ ចាប់​តាំង​ពី​ពេល​នេះ​ត​ទៅ​ហើយ​ ។​ កីឡាករ​ផល​ សុផាត​ និង​ផល សោភ័ណ្ឌ​ បានប្រកាស​ឱ្យ​ដឹង​ថា​ ពួក​គេ​ទាំង​ពីរ​នាក់​បង​ប្អូន​នឹង​មិន​អាច​បន្ត​វត្ត​មាន​ក្នុងសង្វៀន​ប្រដាល់​ក្នុង​រូបភាព​ជាប់​លាប់​ទៀត​ទេ​ បន្ទាប់​ពី​ស្ថាន​ភាព​រស់​នៅ​ដ៏​លំបាក​តម្រូវ​ឱ្យ​ពួក​គេ​ត្រូវ​តែ​ងាក​មក​គិត​ពី​ការ​រក​ប្រាក់​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​ដោយ​បង្ខំ​វិញ​ហើយ​ ។​

កីឡាករ​ផល​ សុផាត​ ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ ជា​ជើង​ខ្លាំង​ប្រចាំ​ក្លិប​កងរាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ បាន​ប្រាប់​កោះ​សន្តិ​ភាព​កាល​ពី​ពេល​ថ្មីៗ​ថា អាជីព​ប្រដាល់​របស់​លោក​ប្រហែល​ជា​អស់​ឱកាស​ចេញ​មុខ​ជាប់​លាប់​ទៀត​ហើយ​ បន្ទាប់​ពី​ការ​ប្រដាល់​អស់​ច្រើន​ឆ្នាំ​ គ្មាន​សល់​​អ្វី​ក្រៅ​ពី​កេរ្តិ៍​ឈ្មោះ​ដើម្បី​ដោះ​ស្រាយ​ជីវភាព​បាន។​ លោក​អះ​អាង​​ជា​ថ្មី​ថា​ បើ​កុំ​តែបាន​ការងារ​ជា​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង់​បី​ ប្រហែល​ជា​លោក​និង​ភរិយា​ ​នឹង​ត្រូវ​អត់​បាយ​ព្រោះ​តែ​ការ​ត្រាំ​ត្រែង​នៅ​ក្នុង​ពិភព​ប្រដាល់​នោះ​បាត់​ទៅ​ហើយ​ បើ​សំអាង​ទៅ​លើ​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​ឡើង​រេញ​​យក​មក​មើល​ខ្លួន​សឹង​មិន​គ្រប់​ផង​នោះ ។​ ក្នុង​ពេល​ឡើង​រេញ​ម្តងៗ​ លោក​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​៣​ថ្ងៃ​មុន​ដើម្បី​ហ្វឹក​ហាត់​ និង​ប្រមាណ​ជា​២​ថ្ងៃ​ទៀត​ដើម្បី​សម្រាក​មើល​ខ្លួន​ បន្ទាប់​ពី​ឡើង​ប្រកួត​រួច​ ។ អុីចឹង​ហើយ​ទើប​ការ​ទទួល​ផល​ពីការ​ឡើង​រេញ​មួយ​លើកៗ​ ហាក់​មិន​ស៊ី​សង​នឹងអ្វីដែល​លោក​ត្រូវ​បាត់​បង់​ព្រោះតែ​ការ​ទុក​ចោល​នូវ​អាជីព​រត់​រ៉ឺម៉ក​នោះ​ទេ ​ខណៈ​ដែល​ការ​ដឹក​ម៉ូយ​ក្នុង​ថ្ងៃ​ខ្លះ​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ និងជួយ​ឱ្យ​លោក​មិន​ពិបាក​ឈឺ​ខ្លួន​ដូច​ការប្រដាល់​ផង​នោះ ។​ គាប់​ជួន​ជា​រយៈ​កាល​នេះ​មិន​អាច​ឱ្យ​លោក​មាន​ពេល​សម្រាក​ពេញ​ភ្នែក​ ហូប​ចុក​គ្រប់​គ្រាន់​ និង​មិន​មាន​ឱកាស​ហ្វឹក​ហាត់​ពេញ​លេញ​ផង​ ទើប​រឹត​តែ​ធ្វើ​ឱ្យ​លោក​បរា​ជ័យ​ច្រើន​ជាង​ទទួល​ជោគ​ជ័យ​ ដែល​រុញ​ឱ្យ​លោក​កាន់​តែ​អស់​ចិត្ត​ក្នុង​ការ​ប្រឡូក​នៅ​ក្នុង​អាជីព​ជា​អ្នក​ប្រដាល់ ។​

​នេះ​មិន​មែន​ជា​ការ​ត្អូញត្អែរ​របស់​កីឡា​ករ​តែ​ម្នាក់​នៅ​ក្នុង​ពិភព​ប្រដាល់​នោះ​ទេ​ បុ៉ន្តែ​ត្រូវគេ​ឮ​ស្ទើរ​តែ​គ្រប់​កីឡាករ​ដែល​បាន​ផ្ញើ​ខ្លួន​នៅ​ក្នុង​វិស័យ​មួយ​នេះ ។​ ផល សុផាត​ និយាយ​ថា​ ការ​ឡើង​រេញ​របស់​លោក​នា​ពេល​ក្រោយ​ គឺ​ដើម្បី​តែ​ចង់​បាន​ប្រាក់​ដុំ​ដោះ​ទាល់​ក្នុង​ពេល​​របរ​រត់​រ៉ឺម៉ក​ម៉ូតូ​រក​មិន​បាន​បុ៉ណ្ណោះ​ ចំណែក​រឿង​ការ​ប្រឡូក​ឱ្យ​បាន​ជាប់​លាប់​ គឺ​មិន​មាន​នោះ​ទេ ។​ ការ​សម្រេច​ចិត្ត​បែប​នេះ​ លោក​ចាត់​ទុក​ថា​ មិន​ខុស​ពីការ​លា​ឈប់​ជា​បណ្តើរៗ​នោះ​ទេ បើ​ទោះ​ជា​ក្នុង​ពេល​នេះ​ក្រុម​អ្នក​ស្នេហា​វិស័យ​កីឡា​នៅ​តែ​ឃើញ​មុខ​លោក​ម្តង​ម្កាល​នៅ​លើ​រេញ​នោះ​ក៏​ដោយ ។​ ទោះ​យ៉ាងណា​ ផល សុផាត​ អះ​អាង​​ថា​ ជំហរ​នេះ​មិន​មែន​ជា​ការ​ចង់បាន​របស់​លោក​នោះ​ទេ​ បុ៉ន្តែ​មក​ពី​ការ​ប្រដាល់​មិ​ន​អាច​ឱ្យ​លោក​រស់​បាន​ និង​កាន់​តែ​ធ្វើ​ឱ្យ​លោក​ និងគ្រួសារ​ពិបាក​ផ្ញើ​ខ្លួន​ ទើប​ត្រូវ​បង្ខំ​ចិត្ត​ងាក​មក​កាន់​អាជីព​ជាអ្ន​ករត់​រ៉ឺម៉ក​ម៉ូតូ​ជា​ជំនួស​វិញ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ក្រពះ ។​ លោក​និយាយ​ថា​ ​គ្មានអ្វីដែល​ប្រសើរ​សម្រាប់​កីឡាករ​ប្រដាល់​នោះ​ទេ​ បើ​ការ​ប្រឹង​ប្រែង​ចំពោះ​ការងារ​រក​ប្រាក់​ដែល​ជា​អាជីព​ជាប់​លាប់​មិន​អាច​ធ្វើ​បាន​ ។ ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​កីឡាករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បូក​រួម​ទាំង​រូប​លោក​ផង​ ត្រូវ​តែ​ដក​ខ្លួន​ពី​ការ​ប្រដាល់​ ហើយ​មិន​អាច​ឱ្យ​កីឡាករ​ដែល​មាន​សមត្ថ​ភាព​ និង​ទេព​កោសល្យ​ឆ្ពោះទៅ​មុខ​បាន​យូរ ។​

ដូចគ្នា​ដែរ កីឡាករ​ ផល សោភ័ណ្ឌ​ ដែល​ជា​ជើង​ខ្លាំង​ប្រចាំ​ក្លិប​តា​ឡី​ដំរី​មាន​ឫទ្ធិ​ និង​ជា​ប្អូន​បង្កើត​របស់​ ផល សុផាត​ ក៏ប្រកាស​ជំហរ​ដក​ខ្លួន​រហូតដល់​៩៩​អង្សារ​ដូច​គ្នា​បែប​នេះ​ផង​ដែរ​ បើ​ទោះ​ជា​មួយ​រយៈ​ចុង​ក្រោយ ផល សោភ័ណ្ឌ​ បាន​បង្ហាញ​ឱ្យ​មហា​ជន​ឃើញ​ថា​ គេ​ខ្លាំង​ក្លា​ និង​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុងសង្វៀន​ប្រដាល់។​ គេបាន​សម្រេច​ចិត្ត​ទៅ​ធ្វើ​អ្នក​បើក​រថយន្តឱ្យ​ក្រុម​ហ៊ុន​មួយ ដោយ​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​ គេ​ឃើញ​កីឡា​ករ​រូប​នេះ​បាន​​បណ្តែត​ខ្លួន​ក្នុង​នាម​ជា​អ្នក​បើក​រថយន្ត​ស៊ីប្រាក់​ខែ​ថៅ​កែ​របស់​ខ្លួន​ ដោយ​ស្ទើរ​តែ​ភ្លេច​ងាក​ក្រោយ​មក​មើល​ការ​ប្រដាល់​ ដែល​ធ្លាប់​ទទួល​បាន​ការគាំទ្រ​ខ្ពស់ ។​ ផល សោភ័ណ្ឌ​ ប្រាប់​ថា ថៅកែ​របស់​ខ្លួន​មិន​បាន​ហាម​ប្រាម​លោក​ឡើងប្រដាល់​នោះ​ទេ​ បុ៉ន្តែ​មក​ពី​លោក​មិន​ចង់​រំខាន​ការងារ​ ដែល​ចេះ​តែ​សុំ​ពេល​ហ្វឹក​ហាត់​ និង​សុំ​ពេល​សម្រាក​ព្យា​បាល​ នាំ​ឱ្យ​ប៉ះទង្គិច​ដល់​អារម្មណ៍​របស់​ចៅ​ហ្វាយ​នាយ​ខ្លួន​ ទើប​លោកចេះ​តែ​ខ្ជិល​រវី​រវល់ ។​ កីឡា​ករ​រូប​នេះ​ប្រាប់​ថា ការ​ប្រដាល់​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ថាលា​ឈប់​នោះ​ទេ បុ៉ន្តែ​ដើម្បីទទួល​បាន​ឱកាស​ការងារ​មួយ​ជាក់​លាក់​ លោក​ក៏​មិ​នអាច​បោះ​បង់​ចោល ហើយ​បន្ត​ឈោង​យក​តំណែង​ជា​កីឡា​ករ​ប្រដាល់​ដែល​ត្រូវ​ប្រឈម​នឹង​សភាព​បែក​មុខ​បែក​មាត់​ ដែល​នាំ​ឱ្យ​ថៅកែ​របស់​ខ្លួន​មិន​សប្បាយ​ចិត្ត​នោះ​ដែរ​​ ។ ប្រមាណ​ជា​៣​ខែ​ហើយ​ដែល​លោក​សម្រេច​ចិត្ត​បោះ​បង់​ការ​ប្រដាល់​មក​ចាប់​ការងារ​ជា​អ្នកបើក​រថ​យន្ត​ឱ្យ​ក្រុម​ហ៊ុន​ដែល​មានប្រាក់​ខែ​ ដែល​លោកចាត់​ទុក​ថា​ជាបង្អែក​ជាប់​លាប់ ។​

បើ​ទោះ​ជា​ ផល សោភ័ណ្ឌ​ មិន​បញ្ជាក់​ឱ្យច្បាស់​ថា​ នឹង​ឈប់​ប្រដាល់​ បុ៉ន្តែ​ស្ថាន​ភាព​របស់​គេត្រូវ​គេ​មើល​ឃើញ​ថា​ កំពុង​ដើរ​តាម​លំនាំ​រៀម​ច្បង​មួ​យចំនួន​ដែល​បាន​បោះបង់​ និងបាត់​មុខ​អស់​មួ​យចំនួន​នោះ​ដែរ ។​​ អុីចឹង​ហើយ​ទើប​ក្រុម​អ្នក​គាំទ្រ​សោក​ស្តាយ​ចំពោះ​ភាព​ល្បី​របស់​គេ​ក្នុង​ពេល​កំពុង​ក្តាប់​ខ្សែ​ក្រវាត់​ស្រាបៀរ​កម្ពុជា​ កាល​ពី​ឆ្នាំ​២០១៣ មួយ​ផង ។​ ផល សោភ័ណ្ឌ​ និយាយ​ថា​ លោក​ប្រហែល​ជា​ត្រូវ​ឡើង​ប្រដាល់​តែ​​ក្នុង​លក្ខ​ខណ្ឌ​ការពារខ្សែ​ក្រវាត់​ ឬ​ការប្រដាល់​សំខាន់ៗ​បុ៉ណ្ណោះ​ ខណៈ​ដែល​ការ​បង្ហាញ​មុខ​របស់​លោក​នៅ​ក្នុង​វេទិកា​នោះ ក៏​មិ​នប្រាកដ​ថា​ខ្លាំង​ដូច​មុន​ក្នុង​ពេល​ដែល​ការ​ហ្វឹក​ហាត់​មាន​កម្រិត​បែប​នេះ។​ តាម​រយៈ​ការ​អះ​អាង​នេះ​មាន​ន័យ​ថា​ អ្នក​គាំ​ទ្រ​កីឡាប្រដាល់​ ពិត​ជា​លែង​បាន​ឃើញ​សន្ទុះ​ខ្លាំង​ក្លា​របស់​កីឡាករ​ពីរ​នាក់​បង​ប្អូន​ គឺ​ផល សុផាត​ និង​ផល សោភ័ណ្ឌ​ ដូច​មុន​ទៀត​ហើយ​ ដោ​យសារ​តែ​ផល សុផាត ងាក​ទៅ​ស៊ប់​តែ​នឹង​របរ​រត់​រ៉ឺម៉ក​ម៉ូតូ​ ឯ​ផល​ សោភ័ណ្ឌ​ ងាក​ទៅ​ធ្វើ​ជា​អ្នក​បើក​រថ​យន្ត​ស៊ីប្រាក់​ខែ ដែល​មិន​អាច​ឱ្យ​គេ​ត្រាំ​ខ្លួន​តែ​ក្នុងការ​ហ្វឹក​ហាត់​ឱ្យ​បាន​ជាប់​លាប់​ដូច​មុន​នោះ ។​ កីឡាករទាំង​ពីរ​បញ្ជាក់​ថា​ ការ​ប្រដាល់​របស់​ខ្លួន​ទំនង​មិន​អាច​នៅ​ខ្លាំង​ ​និង​​មាន​កម្រិត​ខ្ពស់​ដូច​មុន​នោះ​ទេ​ ក្នុង​ពេល​ដែល​ស្ថាន​ភាព​រស់​នៅ​កាន់តែ​អាក្រក់​ ដែល​​ត្រូវ​តែ​បង្ខំ​ឱ្យពួកគេ​ងាក​ទៅ​គិត​បញ្ហា​ក្រពះ​ជា​ជំនួស​​វិញ​នោះ ។​

ទោះ​បី​យ៉ាងណា​ ផល សោភ័ណ្ឌ​ បាន​បញ្ជាក់​ថា​ បើ​ស្ថានភាព​ការងារ​ធ្វើ​ឱ្យ​លោក​មានសម្ពាធ​មិន​ល្អ​វិញ​នោះ​ការ​ប្រដាល់​ ក៏​នឹង​ក្លាយ​ជាជម្រើស​​ដែល​ត្រូវ​​ប្រឹងប្រែង​ឡើង​វិញ​ដែរ​ ៕​