ខេត្តមណ្ឌលគិរី ៖ បុរសជនជាតិវៀតណាមចំនួន១៥នាក់ត្រូវសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីជំនាញមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ កាលពីរសៀល ថ្ងៃទី១១ មីនា ២០១៤ ពីបទឆ្លងដែនមកកាប់ឈើខុសច្បាប់នៅស្រុកពេជ្រាដា។
លោកឧត្តមសេនីយ៍ត្រី ញ៉ែម វ៉ាន់នី ស្នងការនគរបាលខេត្តមណ្ឌលគិរីបានឱ្យដឹងថា វត្ថុតាងដែលរឹបអូសបានពីជនសង្ស័យមានគោយន្ត៤គ្រឿង កាំភ្លើងM16ចំនួន១ដើមគ្មានគ្រាប់ ម៉ូតូ៩គ្រឿង ម៉ាស៊ីនត្រង់សឺន័រ៦គ្រឿង និងឈើឡាំង៤ជ្រុងមួយចំនួនផងដែរ។
គួររំលឹកថា ជនជាតិវៀតណាមទាំង១៥នាក់នេះត្រូវប្រជាសហគមន៍ចំនួន៣ គឺសហគមន៍ពូចា សហគមន៍ឡាម៉េះ និងសហគមន៍ពូលុមានគ្នា៤៧នាក់ រួមទាំងប្រជាការពារភូមិ១៥នាក់ក្នុងស្រុកពេជ្រាដាឃាត់ចាប់បានបញ្ជូនឱ្យសមត្ថកិច្ចមូលដ្ឋានការពីថ្ងៃទី៨ កុម្ភៈ ២០១៤ នៅចំណុចភូមិឡាម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ក្បែរច្រករបៀងការពារព្រំដែនលេខ៨ (ហៅប៉ុស្តិ៍ទួលស្វាយ) មានព្រំប្រទល់ជាប់ស្រុកអូររាំង ខណៈពេលពួកគេឆ្លងដែនខុសច្បាប់ចូលមកលួចកាប់ឈើនៅក្នុងទឹកដីកម្ពុជា៕
ចែករំលែកព័តមាននេះ