ខេត្តបាត់ដំបង ៖ ចោរចិត្តស្លុយម្នាក់បានធ្វើឱ្យសមត្ថកិច្ចចលាចលដោយសារតែបានវាយប្លន់យកម៉ូតូពីយុវជនម្នាក់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ មីនា ២០១៤ គ្រាដែលយុវជននោះកំពុងអង្គុយនិយាយទូរស័ព្ទម្នាក់ឯងនៅចំណុចកំពង់វត្តថ្វាក ស្ថិតក្នុងភូមិសេរីវ័ន្ត ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ប៉ុន្តែសមត្ថកិច្ចក៏តាមស្ទាក់ចាប់បានក្តៅៗដែរក្រោយពេលកើតហេតុប្រហែលជាង១ម៉ោង។
មន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឱ្យដឹងថា ចោរចិត្តស្លុយឈ្មោះសែម ភីរុណ អាយុ២៤ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ រីឯយុវជនរងគ្រោះឈ្មោះប្រាក់ រ៉េត អាយុ១៩ឆ្នាំ រស់នៅភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០០៩ ពាក់ស្លាកលេខបាត់ដំបង១D៩៨០២ ។
ជនរងគ្រោះបានឱ្យដឹងថា រូបគេបានជិះម៉ូតូទៅឈប់អង្គុយលេងនៅចំណុចកើតហេតុតែម្នាក់ឯង ប៉ុន្តែពេលរូបគេកំពុងនិយាយទូរស័ព្ទស្រាប់តែជននេះដើរមកពីក្រោយវាយរូបគេចំកណ្តាលមុខពេញទំហឹងគ្មានប្រណីដៃ ហើយបានប្រទាញប្រទង់ដណ្តើមយកសោម៉ូតូពីរូបគេរួចជិះចេញទៅបាត់។ ឃើញដូចនោះរូបគេក៏ប្រញាប់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ដេញតាមស្ទាក់ចាប់បានជនសង្ស័យក្នុងរយៈពេលជាង១ម៉ោងក្រោយពីកើតហេតុ៕
ចែករំលែកព័តមាននេះ