រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាឯកជនគីមីវ៉េបានដេកស្លាប់ក្នុងបន្ទប់ផ្ទះជួល បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី១១ មីនា ២០១៤ នៅបន្ទប់ផ្ទះជួលលេខ៦ ក្រុមទី៤ ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះធី ធា អាយុ២៧ឆ្នាំ ជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាឯកជនគីមីវ៉េ ដែលមានទីតាំងស្ថិតនៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងស្នាក់នៅបន្ទប់ផ្ទះជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិពពាល ឃុំជៀច ស្រុកកំចាយមា ខេត្តព្រៃវែង។
តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះស្នាក់នៅបន្ទប់ផ្ទះជួលខាងលើនោះតែម្នាក់ឯង ។ នៅមុនពេលមានការភ្ញាក់ផ្អើលនេះគេមិនបានឃើញជនរងគ្រោះចេញទៅបង្រៀនសិស្សដូចសព្វដងទេ ខណៈនោះដោយមានការងឿងឆ្ងល់មិត្តភក្តិរបស់គេក៏បានទូរស័ព្ទទៅសួរពីមូលហេតុដែលមិនទៅបង្រៀនសិស្ស ប៉ុន្តែពេលទូរស័ព្ទទៅចូលច្រើនដង តែគ្មានអ្នកទទួលសោះ ដោយមានការសង្ស័យក៏បាននាំគ្នាទៅមើលឃើញទ្វារ និងបង្អួចបិទជិតទាំងអស់ ហើយទោះបីជាគោះទ្វារ និងស្រែកហៅយ៉ាងណាក៏មិនឮឆ្លើយ ក៏សម្រេចចិត្តនាំគ្នាគាស់បង្អួចមើលទើបប្រទះឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុប៉ូលិសបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅធ្វើកោសល្យវិច័យ ហើយបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារជំងឺគាំងបេះដូង។
គួររំលឹកផងដែរថា ជនរងគ្រោះធ្លាប់ត្រូវបានចោរប្លន់ប្រដាប់អាវុធធ្វើសកម្មភាពបាញ់១គ្រាប់ប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ កាលពីជាង១ខែមុនបណ្តាលឱ្យរងរបួសធ្ងន់ ខណៈពេលរូបគេជិះម៉ូតូចេញពីផ្ទះជួលទៅកាន់សាលាគីមីវ៉េដើម្បីបង្រៀនសិស្ស តែមិនបានសម្រេចទេ ដោយសារពេលនោះមានការភ្ញាក់ផ្អើលឡើង ហើយត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរហូតជាសះស្បើយ ស្រាប់តែពេលនេះបែរជាមកស្លាប់ដោយសារជំងឺគាំងបេះដូងទៅវិញ៕
ចែករំលែកព័តមាននេះ