ខេត្តព្រះវិហារ ៖ ប្រទេសជាប់ព្រំដែនចំនួន៣កម្ពុជា-ថៃ-ឡាវ រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ អភិរក្សព្រៃឈើ តាមបណ្តោយព្រំដែន តំបន់ត្រីកោណមរកតនៃអនុតំបន់មេគង្គជាប្រវត្តិសាស្រ្ត ក្រោមការសហការជាមួយគម្រោងអភិរក្ស ITTO អង្គការ JICA និងម្ចាស់គម្រោងអន្តរជាតិនានាជាច្រើនទៀត ។
លោកអ៊ិត ភូម្រា នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ នៅព្រឹកថ្ងៃទី១១ មីនា ២០១៤ នេះ បានថ្លែងថា ផែនការរួមសម្រាប់ការបណ្តុះបណ្តាលចំនួន២វគ្គ ស្តីពីការរៀបចំបង្កើតគំរូទិន្នន័យតាមប្រព័ន្ធព័ត៌មានភូមិសាស្រ្ត សម្រាប់ព្យាករណ៍ និងវាយតម្លៃការប្រើប្រាស់ដីព្រៃឈើចាប់ផ្តើមពីថ្ងៃទី១១ មីនា ដល់ថ្ងៃទី១៥ មីនា នៅអាគារខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ក្រោមជំនួយឧបត្ថម្ភពីគម្រោង ITTO គម្រោងគ្រប់គ្រងតំបន់ព្រៃឈើត្រីកោណមរកត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការព្រំដែនកម្ពុជា-ថៃ-ឡាវ ដំណាក់កាលទី៣ ។
នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារបន្តថា ក្នុងនោះដែរ ផ្ទៃដីព្រៃឈើនៅខេត្តព្រះវិហារមានចំនួន១.២៨០.០៨២ហិកតា មានព្រំប្រទល់ជាប់ជាមួយប្រទេសថៃមានចំនួន១២៩គីឡូម៉ែត្រ និងប្រទេសឡាវ មានចំនួន១៤៩គីឡូម៉ែត្រ ជាតំបន់ដែលគ្របដណ្តប់ ដោយព្រៃឈើ សំបូរជួរភ្នំ និងដងអូរ ។
លោកបានបញ្ជាក់ផងដែរថា កន្លងទៅ មានក្រុមជនខិលខូចបានលួចកាប់ព្រៃឈើ បរបាញ់ ទាក់ចាប់សត្វព្រៃ និងដឹកជញ្ជូនខុសច្បាប់ឆ្លងកាត់តាមព្រំដែនប្រទេសទាំង៣ ទើបពេលនេះប្រទេសទាំង៣ត្រូវរួមគ្នា ដើម្បីដោះស្រាយ និងទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃឲ្យមានប្រសិទ្ធភាព និងជាសញ្ញាណដ៏ល្អ នៃការពង្រឹងកិច្ចសហប្រតិបត្តិការ គ្រប់គ្រងធនធានធម្មជាតិព្រៃឈើ ឲ្យឋិតថេរ គង់វង្ស ។
ចែករំលែកព័តមាននេះ