កីឡាករជំនាញខាងជិះឡើងភ្នំរបស់ហូឡង់ Moreno Hofland បានសម្តែងនូវក្តីរីករាយជាខ្លាំង បន្ទាប់ពីបានយកឈ្នះណាក់ទី២ប្រណាំងកង់កម្មវិធី Paris-Nice កាលពីថ្ងៃចន្ទទី១០ ខែមីនា ។ ការប្រណាំងក្នុងដំណាក់នេះត្រូវបានបញ្ចប់នៅទីប្រជុំជន Saint-Georges-sur-Baulche ប្រទេសបារាំង ។
Hofland ដែលជាអ្នកជិះកង់ឱ្យក្រុមBelkin-Pro Cycling Team បានយកឈ្នះដំណាក់ដែលមានចម្ងាយផ្លូវ២០៥គីឡូម៉ែត្រចេញដំណើរពីទីប្រជុំជន Rambouillet ឆ្ពោះទៅកាន់ទីប្រជុំជន Saint-Georges-sur-Baulche ប្រទេសបារាំងដោយប្រើអស់ថិរវេលា៤ម៉ោង៥៣នាទីនិង៤៦វិនាទីយកឈ្នះកីឡាករអាល្លឺម៉ង់ John Degenkolb ជិះឱ្យក្រុម Team Giant-Shimano និងបានយកឈ្នះកីឡាករបារាំង Nacer Bouhanni ជិះឱ្យក្រុម FDJ.fr ដែលបានប្រើថិរវេលាស្មើៗគ្នា ។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះ Hoflandបានបញ្ជាក់ថា៖«ពួកយើងវីសតែធ្លាក់ទៅចំណាត់ថ្នាក់ក្រោយគេបំផុតដោយសារតែផ្លូវរង្វង់មូលមួយកន្លែង ។ តែយ៉ាងណា គោលដៅរបស់យើងគឺយកឈ្នះដំណាក់នេះ ។ ពួកយើងពិតជាសំណាងដែលបានគេចផុតពីការដួល» ។ ទោះយ៉ាងណាជ័យជម្នះលើកនេះសម្រាប់កីឡាករ Hofland ពិតជាមិនអាចជួយឱ្យគេនាំមុខនៅលើតារាងពេលវេលាសរុបបាននៅឡើយទេដ្បិតកីឡាករម្ចាស់ផ្ទះបារាំង Nacer Bouha-nni ដែលបានបញ្ចប់ដំណាក់នេះក្នុងលំដាប់ទី៣នោះសន្សំពេលវេលាបានយ៉ាងល្អបំផុតក្លាយជាអ្នកគ្រងអាវកាក់ពណ៌លឿងក្នុងនាមជាអ្នកនាំមុខគេក្នុងការប្រណាំងទាំងមូល ។
បន្ទាប់ពីបញ្ចប់ការប្រណាំង២ដំណាក់មកនេះ Bouhanni បានប្រើអស់ថិរវេលាតិចជាងគេបំផុត ស្ថិតនៅលំដាប់លើគេលើតារាងថិរវេលាសរុបរួម ។ គេបានប្រើពេលអស់៨ម៉ោង៤៦នាទីនិង៤៣វិនាទី នាំមុខកីឡាករអាល្លឺម៉ង់ John Degenkolb ដែលប្រើថិរវេលាច្រើនជាង២វិនាទី ។ ចំណែកកីឡាករ Moreno Hofland ស្ថិតនៅលំដាប់ទី៣ បន្ទាប់ពីបានប្រើថិរវេលាសរុបច្រើនជាង Bouhanni ចំនួន៤វិនាទី ។
សូមបញ្ជាក់ថា ការប្រណាំងកម្មវិធី Paris-Nice ឆ្នាំនេះចែកចេញជា៨ដំណាក់ និងមានចម្ងាយផ្លូវសរុប១៤.៤៦៥គីឡូម៉ែត្រ ។ ដោយឡែក ដំណាក់ទី៣ដែលជាដំណាក់បន្តមានចម្ងាយផ្លូវ១៨០គីឡូម៉ែត្រ ចេញដំណើរពីទីប្រជុំជន Toucy ឆ្ពោះទៅកាន់ទីលានប្រណាំងម៉ូតូCircuit de Nevers Magny-Cours ស្ថិតនៅពាក់កណ្ដាលប្រទេសបារាំង ៕
ចែករំលែកព័តមាននេះ