ខេត្តកំពត ៖ មានហេតុការណ៍បាញ់បោះមួយនៅក្នុងរោងការដែលបង្កឡើងដោយភ្ញៀវខាងកូនកំលោះ បណ្តាលឱ្យមនុស្សរងរបួសធ្ងន់ និងស្រាល៤នាក់ ចំណែកមួយចំនួនទៀតត្រូវកំទេចគ្រាប់កាំភ្លើងខ្ទាតចំបន្តិចបន្តួច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១០ មីនា ២០១៤ នៅភូមិអន្លង់គគី ឃុំកណ្តោល ស្រុកទឹកឈូ។
តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញក្នុងរោងការមួយមានចាក់ធុងបាស់រាំលេង ខណៈពេលរាំលេងបានមួយសន្ទុះស្រាប់តែមានការវាយតប់គ្នាកើតឡើង ឃើញដូចនេះម្ចាស់ដើមការខាងកូនក្រមុំក៏បានឃាត់អ្នកចាក់ធុងបាស់ឱ្យឈប់ចាក់ភ្លេងបន្តទៀតដើម្បីដោះស្រាយគ្នា ។ ខណៈពេលកំពុងដោះស្រាយរឿងវាយតប់គ្នាមិនទាន់ចប់ផង ស្រាប់តែភ្ញៀវខាងកូនកំលោះបានទៅបញ្ជាឱ្យអ្នកចាក់ធុងបាស់ចាក់ភ្លេងរាំលេងបន្តទៀត តែអ្នកចាក់ធុងបាស់បានប្រកែកមិនព្រមចាក់ ពេលនោះភ្ញៀវម្នាក់នោះបានទាញកាំភ្លើងចេញពីរថយន្តមកបាញ់ឡើងលើបង្អើរមេឃចំនួន២គ្រាប់ និងបាញ់ភ្ញុចដីជាច្រើនគ្រាប់ទៀតបណ្តាលឱ្យគ្រាប់ខ្ទាតទៅត្រូវអ្នកចាក់ធុងបាស់របួសធ្ងន់ និងស្រាលតែម្តង។
ក្រោយពីបង្កហេតុរួចភ្ញៀវខាងកូនកំលោះបាននាំគ្នាឡើងរថយន្តចេញទៅបាត់អស់ ចំណែកខាងម្ចាស់ដើមការបានទាក់ទងទៅសមត្ថកិច្ចមកជួយអន្តរាគមន៍ តែគ្មានសមត្ថកិច្ចណាអើពើចេញមកពិនិត្យកន្លែងកើតហេតុទេ ឃើញដូចនេះម្ចាស់ដើមការ ព្រមទាំងសាច់ញាតិអ្នករងរបួសធ្ងន់ និងស្រាលក៏បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗទាំងយប់។
លុះព្រឹកថ្ងៃទី១១ មីនា នេះទើបខាងសមត្ថកិច្ចហៅម្ចាស់ដើមការទៅសួរនាំ តែគេមិនទាន់ដឹងថា សមត្ថកិច្ចមានចំណាត់ការបែបណាទេ៕
ចែករំលែកព័តមាននេះ