រាជធានីភ្នំពេញ ៖បុរសម្នាក់ត្រូវប៉ូលិសខណ្ឌសែនសុខធ្វើការឃាត់ខ្លួន ខណៈដែលកំពុងចាប់បោចសក់ និងវាយដំទៅលើស្រីស្នេហ៍របស់ខ្លួន ដោយសារតែខឹងនឹងនាងចង់បែកចិត្តមានប្រុសថ្មី ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ មីនា ២០១៤ ស្ថិតនៅលើស្ថានីយប្រេងឥន្ធនៈតេលាមួយកន្លែងតាមផ្លូវ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពបានឱ្យដឹងថា បុរសខាងលើឈ្មោះរ៉ុង ភារម្យ អាយុ៣១ឆ្នំាំ ជាអ្នកលេងភ្លេងសម័យនៅភោជនីយដ្ឋាន ស្នាក់នៅផ្ទះជួលក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកនារីរងគ្រោះឈ្មោះសៀរ លក្ខណ៍ធីតា អាយុ៣០ឆ្នាំ ជាអ្នកចម្រៀងក្នុងភោជនីយដ្ឋាន ស្នាក់នៅផ្ទះជួលនៅក្នុងភូមិគោកបីជាន់ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពីនារីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា នាងនិងបុរសម្នាក់នោះបានទាក់ទង និងរួមរស់នៅជាមួយគ្នារយៈពេលជាង១ឆ្នាំមកហើយ ហើយនាងនិងបុរសម្នាក់នោះបានបែកបាក់គ្នា២ ទៅ៣សារមក។ រហូតដល់យប់កើតហេតុ បុរសម្នាក់នោះបានទូរស័ព្ទមកសុំត្រូវរ៉ូវគ្នាវិញ ហើយរូបនាងក៏យល់ព្រមទៅ ។
នាងបានឱ្យដឹងទៀតថា ពេលត្រូវគ្នាវិញនោះ បុរសនោះបានបើកម៉ូតូ១គ្រឿងមកដឹកនាងចេញពីច្រៀងនៅក្នុងភោជនីយដ្ឋានមួយនៅម្តុំពោធិ៍ចិនតុន ដើម្បីត្រលប់ទៅផ្ទះរបស់គេនៅភូមិប្ញស្សី ពេលមកមកដល់ផ្លូវ២០០៤ ក៏ឈប់ម៉ូតូចូលទៅចាក់សាំង ពេលកំពុងចាក់សាំងស្រាប់តែទូរស័ព្ទរបស់បុរសម្នាក់បានរោទ៍ឡើង ហើយរូបគេក៏បានលើកទូរស័ព្ទនោះឡើង ហើយក៏ឮសំឡេងមនុស្សស្រីនិយាយ ។ ឮដូច្នោះ នាងក៏បានចុចបិទទូរស័ព្ទនោះចោល ហើយសួរបុរសម្នាក់នោះថា នរណាគេទូរស័ព្ទមក តែបុរសម្នាក់នោះមិនព្រមឆ្លើយទេ ហើយថែមទាំងសំឡុតរករឿងនាងទៀតផង ។
ដោយខ្ជិលឈ្លោះគ្នាច្រើន រូបនាងក៏បានសុំជិះរ៉ឺម៉កម៉ូតូកង់បីទៅដេកនៅផ្ទះមិត្តភក្តិនៅម្តុំព្រែកលាភ ស្រាប់តែបុរសម្នាក់នោះស្រែកគំរាមរូបនាងថា មិនឱ្យទៅដេកផ្ទះនរណាទេ បើកហ៊ានហៅរ៉ឺម៉កមក គេនឹងបើកម៉ូតូបុកឱ្យស្លាប់ ដោយនិយាយមិនទាន់ចប់ផងស្រាប់តែរូបគេបានស្ទុះមកចាប់បោចសក់ក្បាលខ្ញុំ ហើយវាយ៣ទៅ៤ដៃចំកណ្តាលមុខរូបខ្ញុំបណ្តាលប៉ោងមុខ ហើយបែកមាត់ឈាមកក្លាក់តែម្តង ។
ចែករំលែកព័តមាននេះ