កីឡាករជំនាញខាងជិះកង់ឡើងភ្នំរបស់បារាំង Nacer Bouhanni បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងបន្ទាប់ពីបានយកឈ្នះដំណាក់បើកឆាកប្រណាំងកង់កម្មវិធី Paris-Niceនៅលើទឹកដីកំណើតរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ទី៩ ខែមីនា។ ការប្រណាំងក្នុងដំណាក់នេះត្រូវបានបញ្ចប់នៅទីប្រជុំជន Mantes-la-Jolie ។
Bouhanni ដែលជាអ្នកជិះកង់ឱ្យក្រុមFDJ.fr បានយកឈ្នះដំណាក់មានចម្ងាយផ្លូវ១៦២,៥គីឡូម៉ែត្រដោយការប្រណាំងធ្វើនៅជុំវិញទីប្រជុំជន Dampierre-en-Yvelinesប្រទេសបារាំង ។ គេបានបញ្ចប់ដំណាក់នេះដោយប្រើអស់ថិរវេលា៣ម៉ោង៥៣នាទីនិង១១វិនាទីយកឈ្នះកីឡាករអាល្លឺម៉ង់ John Degenkolbជិះឱ្យក្រុម Team Giant-Shimanoនិងឈ្នះកីឡាករបែលហ្ស៊ិក Gianni Meersman របស់ក្រុម Omega Pharma-Quick-Step ដែលបានប្រើថិរវេលាច្រើនជាងស្មើៗគ្នា ។
ថ្លែងបន្ទាប់ពីទទួលបានជ័យជម្នះBouhanni បានបញ្ជាក់ថា៖«ខ្ញុំបានសិក្សាដំណាក់នេះយ៉ាងច្បាស់លាស់បំផុតហើយថែមទាំងបានកំណត់ថា កន្លែងណាដែលខ្ញុំត្រូវវាយប្រហារនិងសម្រុកទៅមុខដើម្បីដណ្តើមយកជ័យជម្នះ ។ ខ្ញុំបានចំណាយពេលមួយយ៉ាងខ្លីគិតគូរពីយុទ្ធសាស្ត្រសម្រាប់យកឈ្នះដំណាក់នេះ»។ គេបានបន្តថា៖«ពិតណាស់ខ្ញុំសប្បាយចិត្តចំពោះជ័យជម្នះលើកនេះជាខ្លាំង ។ វាជាដំណាក់ចាប់ផ្តើមដ៏ល្អមួយ ។ នេះជាការចាប់ផ្តើមរដូវកាលដ៏ល្អមួយ»។ បន្ទាប់ពីបញ្ចប់ការប្រណាំងក្នុងដំណាក់នេះ Bouhanniបានប្រើអស់ថិរវេលាតិចជាងគេបំផុតស្ថិតនៅលំដាប់លើគេលើតារាងថិរវេលាសរុបរួម ។ គេបានប្រើពេលអស់១វិនាទីនាំមុខកីឡាករបែលហ្ស៊ិក Gianni Meersmanនិង៤វិនាទីនាំមុខកីឡាករអាល្លឺម៉ង់ John Degenkolb ។
សូមបញ្ជាក់ថា ការប្រណាំងកម្មវិធី Paris-Niceឆ្នាំនេះចែកចេញជា៨ដំណាក់និងមានចម្ងាយផ្លូវសរុប១៤៤៦,៥គីឡូម៉ែត្រ ។ ដោយឡែកដំណាក់ទី ២ដែលជាដំណាក់បន្តមានចម្ងាយផ្លូវ២០៥គីឡូម៉ែត្រចេញដំណើរពីទីប្រជុំជន Rambouilletឆ្ពោះទៅកាន់ទីប្រជុំជន Saint-Georges-sur-Baulche ប្រទេសបារាំង៕
ចែករំលែកព័តមាននេះ