ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នូវ ​ស៊ីថា​ សន្លប់​​ជា​ថ្មី​ក្រោម​​ដៃ​ ថៃ​ ប៊ុន​​ហាន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​លើក​ទី​៣​ ​រវាង​កីឡាករ​ជើង​ខ្លាំង​ពីរ​រូប​ គឺ​កីឡាករ​នូវ ស៊ីថា​ មក​ពី​ក្លិប​តាឡីដំរី​មាន​ឫទ្ធិ​ និង​កីឡាករ​ថៃ​ ប៊ុនហាន​​ មក​ពី​ក្លិប​បូរី​នាគ​រាជ បាន​ធ្វើ​ឱ្យ​លេច​ឡើង​នូវ​លទ្ធ​ផល​ដូច​ដើម​ដដែល គឺ​ នូវ ស៊ីថា​ បាន​ក្លាយ​ជា​អ្នក​សន្លប់​ជា​ថ្មី​ម្តង​ទៀត ។​ លទ​្ធ​ផល​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ កីឡាករ​​ដែល​ធ្លាប់​បាន​ឈ្នះ​នៅតែ​រក្សា​ក្រេ​ឌីត​ដូច​ដើម​ រី​ឯ​កីឡា​ករ​ដែលធ្លាប់​​បរា​ជ័យ​ នៅតែ​គ្មាន​ឱកាស​សង​សឹក ។​

រាជ​ធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​លើក​ទី​៣​ ​រវាង​កីឡាករ​ជើង​ខ្លាំង​ពីរ​រូប​ គឺ​កីឡាករ​នូវ ស៊ីថា​ មក​ពី​ក្លិប​តាឡីដំរី​មាន​ឫទ្ធិ​ និង​កីឡាករ​ថៃ​ ប៊ុនហាន​​ មក​ពី​ក្លិប​បូរី​នាគ​រាជ បាន​ធ្វើ​ឱ្យ​លេច​ឡើង​នូវ​លទ្ធ​ផល​ដូច​ដើម​ដដែល គឺ​ នូវ ស៊ីថា​ បាន​ក្លាយ​ជា​អ្នក​សន្លប់​ជា​ថ្មី​ម្តង​ទៀត ។​ លទ​្ធ​ផល​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ កីឡាករ​​ដែល​ធ្លាប់​បាន​ឈ្នះ​នៅតែ​រក្សា​ក្រេ​ឌីត​ដូច​ដើម​ រី​ឯ​កីឡា​ករ​ដែលធ្លាប់​​បរា​ជ័យ​ នៅតែ​គ្មាន​ឱកាស​សង​សឹក ។​

ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​បាយ័នបឹង​ស្នោ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​៩ មីនា​ ម្សិល​ម៉្ងៃ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ទៀត​ហើយ​ រវាង​កីឡាករ​នូវ ស៊ីថា​ និង​កីឡាករ​ថៃ ប៊ុន​ហាន​ ដែល​ត្រូវ​គេ​ឱ្យ​ប៉ះ​គ្នា​ក្នុង​ជំនួប​លើក​ទី​៣​ ដែល​ជាជំនួប​សង​សឹក​ ។​ ក្នុងការប្រកួត​មួយ​នេះ​ កីឡាករ​បង្គោល​ក្រហម​ នូវ ស៊ីថា​ ដែល​ធ្លាប់​សន្លប់​ក្រោ​មដៃ​បង្គោល​ខៀវ​ម្តង​ និង​ធ្លាប់​បាន​ឈ្នះ​ពិន្ទុ​ម្តង​ បាន​ប្រឹង​ប្រែង​វាយ​សម្រុក​តាំង​ពី​ដើម​ទី​តែ​ម្តង​ ដើម្បី​សង​សឹក​លើ​កីឡាករ​ថៃ​ ប៊ុនហាន​ ដែល​ធ្លាប់​ធ្វើឱ្យ​គេបាក់​មុខ ។​ ជាក់​ស្តែង នៅ​ក្នុង​ទឹក​ទី​២​ និង​ទី​៣​ គេឃើញ​កីឡា​ករ​បង្គោល​ក្រហម​រូប​នេះ​កាន់តែ​ស​្ទុះខ្លាំង​ជាង​មុន​ក្នុង​ការ​វាយ​កែង​ ម៉ាត់​កណ្តាលទ្រូង​​ និង​ធាក់​ចេញ​ ដើម្បី​ប្រទាញ​យក​ពិន្ទុ ។​ បុ៉ន្តែ​កម្រិត​នៃ​ការ​វាយ​ចេញ​របស់​គេ​ ហាក់​មិន​សូវ​មាន​សំណាង​ដូច​បំណង​នោះ​ទេ​ ដោយសារ​តែ​គេ​ចាញ់ប្រៀប​ទាំង​កម្ពស់​ ទាំង​ប្រវែង​ដៃ​ជើង​ បើ​ធៀប​នឹង​កីឡា​ករ​ថៃ​ ប៊ុន​ហាន​ ដែល​មាន​កម្ពស់​ល្អ​ជាង ។​ បើ​ធៀប​នឹង​កម្រិត​វាយ​លុក​រវាង​​​​​​​​​​​​​​​​​​​​​​​​​​​​​កីឡា​ករ​ទាំង​ពីរ​ គេ​កត់​សម្គាល់​ថា​ កីឡាករ​នូវ ស៊ីថា​ ល​្អ​ជាង​ទាំង​ដៃ​ទាំង​ជើង​ និង​ម៉ាត់ ។ ក្នុង​នោះ​សូម្បី​តែ​ភាព​រហ័ស​រហួន​ ក៏​កីឡា​ករ​បង្គោល​ក្រហម​រូប​នេះ​មាន​សន្ទុះ​ល្អ​ជាង​គួរ​ឱ្យ​សរសើរ​ផង​ដែរ​ គ្រប់​ពេល​វាយ​លុក ។

បុ៉ន្តែគួរឱ្យ​ស្តាយ កីឡា​ករ​នូវ ស៊ីថា​ មាន​មាឌ​ល្អិត​ ទាប និង​មាន​ដៃ​ជើង​ចាញ់​ប្រៀប​ ទើប​ធ្វើ​ការ​វាយ​ចេញ​ត្រូវគេ​មើល​ឃើញ​ថា​ ផុត​លើ​ផុត​ក្រោម​ ដែល​ផ្ទុយ​ពី​កីឡា​ករ​ថៃ ប៊ុនហាន​ ដែល​វាយ​ចេញ​មិន​សូវ​ល្អ​ បុ៉ន្តែ​បាន​កម្ពស់ និង​ប្រវែង​ដៃ​ជើង​វែង​យោង​ ទើប​ធ្វើ​ឱ្យ​លទ្ធ​ផល​នៃការប្រកួត​ទទួល​ផ្លែ​ផ្កា​ល្អ​ជាង ។​ ប្រសិន​បើ​កីឡាករ​ទាំង​ពីរ​មាន​កម្ពស់​ប្រហែល​គ្នា​ និង​មាន​ដៃ​ជើង​ប្រវែង​គ្នា​ កីឡាករ​ថៃ ប៊ុន​ហាន​ បង្គោល​ខៀវ​ ពិត​ជា​ស្ទុះ​មិន​រួច​នោះ​ឡើយ​ ជា​មួយ​នឹង​ការ​វាយ​ចេញ​របស់​កីឡាករ​នូវ ស៊ីថា​ ដែល​ធ្វើ​បាន​ល្អ​ស្ទើរ​តែ​គ្រប់​ជ្រុង​ជ្រោយ​ បើ​ទោះ​ជា​ភាគច្រើន​គេ​វាយ​ត្រូវ​តែ​ខ្យល់​ ព្រោះ​ថៃ ប៊ុនហាន​ អំណោយ​ផល​ល្អ​ជាង​ទាំង​ផ្នែក​កម្ពស់ និង​ដៃ​ជើង​នោះ​ក៏​ដោយ ។​ ឈាន​ដល់​ទឹក​ទី​៣ កីឡាករ​នូវ ស៊ីថា​ បង្គោល​ក្រហម​នៅតែ​បន្ត​ស្ទុះ​វាយ​លុក​ទៅ​លើ​បង្គោល​ខៀវ​ដូច​អំឡុង​ដើម​ទី​ដដែល​ ដោយ​គ្រាន់​តែ​ការ​ហុច​ផល​ពី​ការ​ប្រឹង​ប្រែង​ទាំង​នេះ​ បែរ​ជា​ទទួល​លទ្ធ​ផល​អវិជ្ជ​មាន​មិន​គួរ​ឱ្យ​ជឿ​ទៅ​វិញ ។​ កីឡាករ​ថៃ ប៊ុន​ហាន​ ដែល​ប្រើ​តែ​ស្នៀត​វាយ​បក និង​ទប់​ក្លេ​ បាន​ប្តូរ​យុទ្ធ​សាស្ត្រ​ធ្វើ​ការ​វាយ​លុក​ទៅ​លើ​កីឡាករ​​នូវ ស៊ីថា​ ទៅ​វិញ ។​ អុីចឹង​ហើយ​ទើប​កីឡាករ​នូវ ស៊ីថា​ បង្គោល​ក្រហម​បាន​ទទួល​កណ្តាប់​ដៃ​ម៉ាត់​ចំ​ពេញ​ទំហឹង​ ហើយ​ឈាន​ដល់​សភាព​សន្លប់​ភ្លឹង​លើ​រេញ​ រហូត​ដល់​មិន​អាច​ងើប​ខ្លួន​រួច ។​ ការប្រកួត​រវាង​គូ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្តល់​សំឡេង​ហ៊ោ​កញ្ជ្រៀវ​​យ៉ាង​កង​រំពង​ ពិសេស​នៅ​ក្នុង​ទឹកទី​៣​ ក្នុង​ពេល​ដែល​កីឡា​ករ​ទាំង​ពីរ​សម្រុក​ដាក់​គ្នា​ទៅ​វិញទៅ​មក​ រហូត​លេច​ចេញ​លទ្ធ​ផល​សន្លប់​ភាគី​ម្ខាង​ ដែល​នាំ​ឱ្យ​មាន​ការ​កំណត់​លទ្ធ​ផល​ចុង​ក្រោយ​រវាង​កីឡាករ​ទាំងពីរ ។​

លទ្ធ​ផល​សន្លប់​ក្នុងទឹក​ទី​៣​ របស់ នូវ ស៊ីថា​ គឺ​ជា​ការ​បរា​ជ័យ​លើក​ទី​២​ ក្នុង​ចំណោម​ការ​ប្រកួត​៣​លើក​របស់​គូ​​នេះ ។​ ​តួ​លេខ​នេះ​បាន​ក្លាយ​ជា​រឿង​ច្រំដែល​ ដែល​នាំ​ឱ្យ​មាន​ការ​មើល​ឃើញ​កាន់​តែច្បាស់​ថា​ កីឡាករ​នូវ ស៊ីថា​ នឹង​ពិបាក​ឈ្នះ​ បើ​ទោះ​ជា​ត្រូវ​​ជួបជា​មួយ​កីឡា​ករ​ថៃ ប៊ុន​ហាន​ ក្នុង​ជំនួប​ទី​៤ ឬ​​ទី​៥ ។​ ក្រុម​អ្នក​វិភាគ​​និយាយ​ថា​ នូវ ស៊ីថា​ ពេល​ជួបជា​មួយ​ដៃ​គូ​ផ្សេង​ រមែង​ឈ្នះ​ប្រៀប​ជា​ប្រចាំ​ លើក​លែង​តែ​ប៉ះ ថៃ ប៊ុន​ហាន​ ម្នាក់​ ដែល​ប៉ះ​គ្នា​៣លើក​ គឺ​២​​លើក​ចុង​ក្រោយ​ត្រូវ​សន្លប់​នៅ​មុន​ចប់​ទឹក​ជា​ប្រចាំ ​​​​​។ ការក​ត់​សម្គាល់​ជា​រួម ថៃ ប៊ុន​ហាន​ នៅ​ពេល​ជួប​ជាមួយ​កីឡា​ករ​ផ្សេង​ ក៏​ពិបាក​នឹង​ឈ្នះ​ដែរ ដែល​នេះ​អាច​ថា​មក​ពី​ ថៃ ប៊ុន​ហាន​ ដឹង​ខ្យល់​គ្រប់​ស្នៀត​របស់ នូវ ស៊ីថា​ បើ​ទោះ​ជា​ នូវ ស៊ីថា​ បានប្តូរ​យុទ្ធ​សាស្ត្រ​វាយ​លុក​ដើម្បី​បំបែក​អារម្មណ៍​របស់គេ​នោះ​ក៏​ដោយ ។​

នៅ​លើ​សង្វៀន​ដដែល កីឡាករ​ស៊ូ ពី​ មក​ពី​ក្លិប​តាមាស​កីឡា​ បាន​ផ្តួល​កីឡាករ​កែវ ផានិត​ មក​ពី​ក្លិប​តា​ដំបង​​គ្រញូង​ខេត្ត​បាត់​ដំបង ឱ្យ​សន្លប់​ក្នុងទឹក​ទី១ ។​ កីឡាករ​ចាន់​ ប៊ុន​ហឿន​ មក​ពី​ក្លិប​និរោធ​មាន​ជ័យ​ បាន​ផ្តួល​កីឡាករ​ម៉ោង​ សុខុន​ មក​ពី​ក្លិប​រាជ​សីហ៍​បង្ក្រាប​គ្រឿង​ញៀន​​ខេត្ត​រតន​គិរី​ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​១ ។​ កីឡាករ​វ៉ែន​ ឌីយ៉ាម៉ង់​ មក​ពី​ក្លិប​កង​រាជអាវុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ​ ឈ្នះ​កីឡា​ករ​ហង្ស​ រ៉ាម៉ន​​ មក​ពី​ក្លិប​ប្រដាល់​សាកល​កម្ពុជា​ដោយ​ពិន្ទុ​ និង​កីឡា​ករ​ឡង់ ឌីម៉ង់​ មក​ពីក្លិប​​រាហ៊ូ​កីឡា​ខេត្ត​បាត់​ដំបង​ វាយ​ឈ្នះ​កីឡាករ​ឈាន​ រស្មី មក​ពី​ក្លិប​រាជ​សីហ៍​​បង្ក្រាបគ្រឿងញៀន​ខេត្តបាត់​ដំបង​ដោយ​ពិន្ទុ៕